សិក្ខាសាលា បូកសរុបលទ្ធផលនៃការអនុវត្តការងារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨

នា​ព្រឹក​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​បានរៀបចំ​ពិធី​បើក​សិក្ខាសាលា​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នាយកដ្ឋាន​មុខងារ និង​ធនធាន លេខាធិការដ្ឋាន​គ.ជ.អ.ប នាយក-នាយករង​រដ្ឋបាល​រាជធានី ខេត្ត​ទាំង២៥រាជធានី ខេត្ត អភិបាល-អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ និង​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​នៃ​ក្រុង ស្រុក ខន្ឌ​គោលដៅ​ចំនួន៥២ រួមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍ សរុប​ប្រមាណ​ជាង២០០នាក់។

សិក្ខាសាលា​មាន​រយៈពេល២ថ្ងៃ ដែល​ត្រូវ​បានរៀបចំ​ដោយ​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោម​កិច្ចសហការ​គាំទ្រ​ពី​អង្គការ GIZ។ សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ការចែករំលែក​បទពិសោធ​ន៍​អំពី​ការអនុវត្ត​ល្អ ព្រមទាំង​ពិភាក្សា​អំពី​ការគ្រប់គ្រង និង​ការផ្តល់សេវា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

ថ្លែង​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​សមិទ្ធផល​ដែល​ស​ម្រ​ច​បាន​នាពេល​កន្លងមក។ ឯកឧត្តម​បញ្ជាក់ថា ក្នុង​ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ​បានដាក់​ឱ្យ​ដំណើរការ​នូវ​ការផ្តល់សេវា​តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​គោលដៅ​ថ្មី​ចំនួន៦ថែមទៀត ដែល​មកទល់ពេលនេះ ការិយាល័យ​ទាំងពីរ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្នាក់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ចំនួន៥២នៃ​រាជធានី ខេត្ត​ទាំង២។

ឯកឧត្តម​បន្ថែមថា នៅ​ដើមឆ្នាំ២០១៨ខាង​មុននេះ រដ្ឋបាល​រាជធានី ខេត្ត​ទាំង២៥ក៏​នឹងត្រូវ​រៀបចំ​បង្កើតជា​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ដើម្បី​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ផងដែរ។

ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​នេះ​ផងដែរ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ និង​កម្មវិធី​កំណែទម្រង់​នានា សំដៅ​ផ្តល់​សិទ្ធិអំណាច និង​ធនធាន​កាន់តែច្រើន​ឡើងដល់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ស្របតាម​គោលការណ៍​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​អនុវត្ត​ការងារ​ដោយផ្ទាល់​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ពិតប្រាកដរ​បស់​មូលដ្ឋាន ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សមធម៌​សង្គម។

ឯកឧត្តម​បាន​បន្តថា ការដាក់ឱ្យ​អនុវត្ត​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ការអនុវត្ត​នូវ​កំណែទម្រង់​ស៊ីជម្រៅ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ធ្វើឱ្យមាន​ការប្រែប្រួល​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​មន្ត្រី​ផ្តល់​សេវា​កាន់​តែមាន​ភាពរហ័សរហួន មមាញឹក ទទួលខុសត្រូវ និង​បើកចំហ​ជាមួយ​ប្រជាពលរដ្ឋ។

ដោយលោក ខៀវ ដារា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់