អំពីគម្រោង​PILAC2

គម្រោងសម្រាប់កិច្ចអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2)​ ​ត្រូវបានអនុវត្តក្នុងគោលបំណងពង្រឹងវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) ដោយកិច្ចសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិប​តេយ្យ​នៅថ្នាក់ក្រោមជាតិ​ (គ.ជ.អ.ប) និងការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ​(JICA)​ បានចាប់ផ្តើមតាំងពីឆ្នាំ២០១០ មកម្លេះ។

ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

គម្រោង PILAC2 ផ្តោតលើការលើកកម្ពស់ប្រព័ន្ធ និងសមត្ថភាពរដ្ឋបាលមូលដ្ឋាន ក្នុងការរៀបចំ និងគ្រប់​គ្រងចាត់ចែងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់រាជធានី ខេត្ត។ ផែនការអភវឌ្ឍន៍ និងកម្មវិធីវិនិយោគទាំងនេះ ជាឧបករណ៍មូលដ្ឋានគ្រឹះ ដើម្បីធានាការចូលរួមក្មុងការអភិ​ឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដែលមានសង្គតិភាពនឹងគោលការណ៍នៃកំណែទម្រង់ D&D។

ដើម្បីសម្រេចបាននូវគោលបំណងខាងលើ គម្រោង PILAC2 បានអនុវត្តនូវសកម្មភាពមួយចំនួន ដែល​ទាក់ទងនឹងចំណុចទាំង៣ដូចខាងក្រោម៖

  • ការសិក្សាអំពីការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សមត្ថភាពក្នុងការរៀបចំ ចាត់ចែងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល​រាជធានី ខេត្តត្រូវបានលើកកម្ពស់ជាលក្ខណៈប្រព័ន្ធ
  • គាំទ្រកម្មវិធីបណ្តុះបណ្តាលនានាស្តីពីការរៀបចំ និងគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និង​កម្មវិធីវិនិយោគបីឆ្នាំរំកិល

សកម្មភាព និងសមិទ្ធផលនានា

ដំណាក់កាលទី១៖ ខែមិនា ឆ្នាំ២០១០-ខែកក្កដា ឆ្នាំ២០១១

គម្រោង PILAC2 បានអនុវត្តនូវសកម្មភាពជាច្រើនដែលផ្តោតលើចំណុចទាំង៣ ដូចបានរៀបរាប់ខាងលើ។ សមិទ្ធផលគួរឱ្យកត់សម្គាល់របស់គម្រោងនៅក្នុងដំណាក់កាលទី១ គឺការរួមចំណែកក្នុងដំណើរការ​កសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាលើក​ដំបូងប្រកបដោយជោគជ័យ។ គម្រោង PILAC2 ក៏បានជួយក្នុងការរៀបចំ និងអនុវត្តកម្មវិធីបណ្តុះ​បណ្តាលនានាសម្រាប់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិទូទាំងប្រទេសក្នុងការរៀបចំ និងចាត់ចែងផែន​ការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ដំណាក់កាលទី២៖ ខែសីហា ឆ្នាំ២០១១-ខែឧសភា ឆ្នាំ២០១២

គម្រោង PILAC2 បានរៀបចំការសិក្សាស្រាវជ្រាវស្តីពីផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលបានកសាងក្នុងឆ្នាំ២០១១ ដោយរដ្ឋបាលរាជធានី ខេត្ត។ តាមរយៈការសិក្សាស្រាវជ្រាវ​ បទពិសោធន៍​ដ៏មាន​តម្លៃ​ជាច្រើនត្រូវបានប្រមូល ហើយគម្រោង PILAC2 និងលេខាធិការដ្ឋាន​គ.ជ.អ.ប បានសម្រេចចិត្តចាប់ផ្តើមកែសម្រួលសេចក្តីណែនាំបច្ចេកទេសនិងសៀវណែនាំស្តីពីការកសាង​ផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគទៅតាមមតិយោបល់ដែលទទួលបានពីថ្នាក់រាជធានី ខេត្ត ក្នុងដំណាក់​កាលទី៣ របស់គម្រោង។

គម្រោង PILAC2 ក៏បានអនុវត្តកម្មវិធីបណ្តុះបណ្តាលមួយចំនួនបន្ថែមស្តីពីការអភិវឌ្ឍមូលដ្ឋានក្នុងប្រទេស​ជប៉ុន និងប្រទេសឥណ្ឌូនេស៊ី។

ដំណាក់កាលទី៣៖ ខែមិថុនា ឆ្នាំ២០១២-ខែកក្កដា ឆ្នាំ២០១៣

គម្រោង PILAC2 និងក្រុមការងារលេខាធីការដ្ឋាន គ.ជ.អ.ប ដែលរួមមាន មន្រ្តីមកពីក្រសួងមហាផ្ទៃ និង​ក្រសួងផែនការ បានសហការគ្នាក្នុងការកែសម្រួលសេចក្តីណែនាំបច្ចេកទេស និងសៀវភៅណែនាំស្តីការ​កសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលយ៉ាងហ្មត់ចត់។ សេចក្តីណែនាំបច្ចេកទេស និងសៀវភៅណែនាំដែលបានកែសម្រួលនឹងបញ្ចប់បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខត្ត ក្រុង ស្រុក ខណ្ឌ ក្នុងខែឧសភា ឆ្នាំ២០១៤។

គម្រោង PILAC2 និងក្រុមការងារលេខាធីការដ្ឋាន គ.ជ.អ.ប បានរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីស្តីពី​ផែនការ​អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគដោយផ្អែកលើ សេចក្តីណែនាំបច្ចេកទេស និងសៀវភៅណែនាំដែលបាន​កែសម្រួល។

សកម្មភាពគ្រោង និងគោលដៅនានា

ដំណាក់កាលទី៤៖ ខែសីហា ឆ្នាំ២០១៣-ខែមីនា ឆ្នាំ២០១៥

សកម្មភាពចម្បងក្នុងដំណាក់កាលនេះ គឺកម្មវិធីបណ្តុះបណ្តាលស្តីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ​នៅថ្នាក់រាជធានី ខេត្ត។ មកដល់ ខែមិថុនា ឆ្នាំ២០១៣ កម្មវិធីបណ្តុះបណ្តាលទាំងនេះ នឹងអនុវត្តក្នុងគោលបំណងជួយលើកកម្ពស់ប្រព័ន្ធរដ្ឋបាលមូលដ្ឋាន។

រចនាសម្ព័ន្ធគ្រប់គ្រង របស់គម្រោង PILAC2

នាយកគម្រោង៖

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ/ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប

ប្រធានគម្រោង៖

ឯកឧត្តម លេង វី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ/អនុប្រធានទី១ លេខាធិការដ្ឋាន គ.ជ.អ.ប

អគ្គភាពជាដៃគូ៖

ការិយាល័យអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិនៃអង្គភាពវិភាគ និងអភិវឌ្ឍន៍​គោលនយោបាយ លេខាធិការដ្ឋាន គ.ជ.អ.ប

អ្នកជំនាញការជប៉ុន៖

លោក Masahiko Suginaga ជាប្រធានទីប្រឹក្សា និងអ្នកជំនាញការ ៤រូបផ្សេងទៀត

ការិយាល័យគម្រោង PILAC2

បន្ទប់ជាន់ផ្ទាល់ដី នៃអគារ s​ ក្រ​សួងមហាផ្ទៃ

មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា

ទូរស័ព្ទ/ទូរសារ៖ ០២៣-៧២០-០៦៣