អគ្គនាយកដ្ឋានរដ្ឋបាល

១. ប្រវត្តិអគ្គនាយកដ្ឋានរដ្ឋបាល

អគ្គនាយកដ្ឋានរដ្ឋបាល​ គឺជាអង្គភាពមួយចំណុះឱ្យ​ក្រសួងមហាផ្ទៃ ដែលបានដើរតួនាទីជាសេនាធិការឱ្យក្រសួងក្នុងការគាំទ្រ និងធានានូវការអនុវត្ដច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របទៅតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ព្រមទាំងសម្របសម្រួលក្នុងការបង្កើត ការចុះបញ្ជី និងគ្រប់គ្រងសកម្មភាពសមាគម អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយ។ ចាប់តាំងពីបានបង្កើតឡើងនាឆ្នាំ១៩៩៣ រហូតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានរដ្ឋបាល​ត្រូវ​បានធ្វើការកែសម្រួលទាំងតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធជាបន្ដបន្ទាប់ ក្នុងគោលដៅ​​បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងនាមជា​​សេនាធិការរបស់​​ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យ​សម្រេចបានជោគជ័យ ដែលនេះ​គឺ​ជាមូលដ្ឋានក្នុងការអភិវឌ្ឍសង្គមជាតិ​លើគ្រប់វិស័យ និងធ្វើឱ្យកម្ពុជារក្សាបាននូវស្ថិរភាព​​សេដ្ឋកិច្ច សង្គម និងបោះជំហានទៅមុខជាបន្ដបន្ទាប់។ ជារួម ពីឆ្នាំ១៩៩៣ រហូតមកទល់បច្ចុប្បន្ន រចនាសម្ព័ន្ធរបស់អគ្គនាយករដ្ឋបាលត្រូវបានធ្វើការកែសម្រួលចំនួន ០៦ លើកសំខាន់ៗ ដែលក្នុងនោះនៅឆ្នាំ២០០១ នាយកដ្ឋានរដ្ឋបាលមូលដ្ឋានត្រូវបាន​បង្កើត​ និង​ដាក់​នៅក្រោម​​ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល។​ នាយកដ្ឋាននេះ​បានដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ បន្ទាប់ពីកម្ពុជាបានប្ដេជ្ញាចិត្ត និងមានឆន្ទៈមោះមុតក្នុងការរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ លើកទីមួយកាលពីឆ្នាំ២០០២ កន្លងមក។  នៅឆ្នាំ​២០០២ លេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលត្រូវបានបង្កើតឡើង ដើម្បីធ្វើជាសេនាធិការជូនអគ្គនាយកដ្ឋានរដ្ឋបាលលើកិច្ចការរដ្ឋបាល និងការសម្របសម្រួលរវាងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាលឱ្យមានដំណើរការ និងទំនាក់ទំនងការងារគ្នាទៅវិញទៅមកបានល្អប្រសើរ។ នៅឆ្នាំ២០០៦ អគ្គនាយកដ្ឋានរដ្ឋបាលត្រូវបានប្ដូរឈ្មោះទៅជាអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ដើម្បីឱ្យស្របទៅតាមតួនាទី ភារកិច្ចរបស់អង្គភាពនេះ ដែលបំពេញការងារពាក់ព័ន្ធនឹងការគាំទ្រ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន​ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ដ្រស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជា​បានអនុម័តដាក់ឱ្យអនុវត្តនៅឆ្នាំ២០០៥។ ក្នុងឆ្នាំ២០០៦ ដដែល ដោយសារទំហំការងារក្នុងវិស័យពន្ធធនាគារ​កាន់តែមានលក្ខណៈធំធេងឡើងៗ ដែលទាមទារចាំបាច់ឱ្យមានការរៀបចំរចនាសម្ព័ន្ធរឹងមាំមួយដើម្បីគាំទ្រ និងអនុវត្តកិច្ចការពាក់ព័ន្ធ​នឹង​វិស័យនេះ​ ​នាយកដ្ឋានពន្ធនាគារត្រូវបានដំឡើង​ទៅជា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។​ នៅឆ្នាំ២០០៧ បន្ទាប់ពីបានបង្កើតអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានមួយចំនួននៃអគ្គ-នាយកដ្ឋាន​រដ្ឋបាល​ត្រូវបានកែសម្រួល និងផ្ទេរ​ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ។​នាយកដ្ឋានទាំងនោះ​រួមមាន​ នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែករដ្ឋបាលស៊ីវិល នាយកដ្ឋានសុខាភិបាល នាយកដ្ឋានផ្សព្វផ្សាយអប់រំ និងនាយកដ្ឋានស្ថាបនា។ ដោយពិនិត្យទៅលើតម្រូវការចាំបាច់ក្នុងការរៀបចំប្រព័ន្ធ នីតិវិធី និងយន្ដការនៃការគ្រប់គ្រងការងារអត្ត-សញ្ញាណកម្ម ការងារអត្រានុកូលដ្ឋាន ការងារស្នាក់នៅ និងស្ថិតិប្រជាពលរដ្ឋ រួមទាំងការគ្រប់គ្រងការងារសញ្ជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ កាលពីឆ្នាំ២០១៣ កន្លងទៅ ក្រសួងមហាផ្ទៃបានលើកសំណើជូនរដ្ឋាភិបាល ស្នើសុំ​បង្កើតអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មចំណុះ​ក្រសួងមហាផ្ទៃ ដោយបានផ្ទេរការងារស្ថិតិ អត្រានុកូលដ្ឋាន និងការងារ​សញ្ជាតិពីអគ្គនាយករដ្ឋបាលមូលដ្ឋាន ព្រមទាំងបង្កើតនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានសញ្ជាតិចំណុះអគ្គ-នាយកដ្ឋានអត្ដសញ្ញាណកម្មផងដែរ។ នាខែតុលា ឆ្នាំ២០១៤កន្លងទៅ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានត្រូវបានប្ដូរឈ្មោះមកជាអគ្គនាយកដ្ឋាន​រដ្ឋបាល​វិញ ដោយបានកែសម្រួលទាំងតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ ដោយក្នុងនោះបានបង្កើតនាយកដ្ឋានថ្មីចំនួនពីរបន្ថែមទៀតគឺនាយកដ្ឋានបណ្ដុះបណ្ដាល (បំបែកការងារពីនាយកដ្ឋានបុគ្គលិក) និងនាយកដ្ឋានមុខងារ​ និងធនធាន។ ការកែសម្រួលនេះ សំដៅធ្វើឱ្យអគ្គនាយកដ្ឋានរដ្ឋបាល អាចបំពេញតួនាទី ភារកិច្ចយ៉ាងសំខាន់ជាសេនាធិការជូនក្រសួងមហាផ្ទៃក្នុងការគាំទ្រ សម្របសម្រួល និងតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់នីមួយៗបំពេញតួនាទី មុខងាររបស់ខ្លួន ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ព្រមទាំងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ​។ ជាចុងក្រោយ អគ្គនាយកដ្ឋានរដ្ឋបាល ត្រូវបានកំណត់ និងដាក់បញ្ជូលឡើងវិញនៅក្នុងអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥​ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ដែលជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំង១១ ក្នុងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ។

២. ប្រវត្តិថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋានរដ្ឋបាល

ចាប់តាំងពីការ​បង្កើតដំបូងនៅឆ្នាំ១៩៩៣ រហូតមកដល់​បច្ចុប្បន្ន អគ្គនាយកដ្ឋានរដ្ឋបាលត្រូវបានដឹកនាំដោយអគ្គនាយកជាមន្ដ្រីរាជការស៊ីវិលជាន់ខ្ពស់ក្រសួងមហាផ្ទៃជាបន្ដបន្ទាប់​ ដែលមានរាយនាម​ដូចខាងក្រោម​៖
  • ឯកឧត្តម ព្រុំ សុខា

ដឹកនាំចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៤ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨

 
  • ឯកឧត្តម ប្រាជ្ញ ចន្ទ

ដឹកនាំចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០០១

 
  • ឯកឧត្តម សក់ សេដ្ឋា

ដឹកនាំចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០១ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨

 
  • ឯកឧត្តម លេង វី

ដឹកនាំចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣

 
  • ឯកឧត្តម ឌុច សុន

ដឹកនាំចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥

 
  • ឯកឧត្តម ប្រាក់ សំអឿន

ដឹកនាំចាប់ពីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន​

 

២.១. តួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានរដ្ឋបាល

អគ្គនាយកដ្ឋានរដ្ឋបាល ​មានតួនាទីធ្វើជាសេនាធិការឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានភារកិច្ច​ដូចខាង​ក្រោ​ម៖ - ធានាអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការនិង​វិសហ​មជ្ឈការ ​- សិក្សា និងលើកយោបល់ក្នុងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីសម្រាប់ការគ្រប់គ្រង​​​​រដ្ឋ​បា​ល​ថ្នាក់ក្រោមជាតិ ស្របតាមច្បាប់​​ ព្រះរាជក្រឹត្យ អនុក្រឹត្យ​ និងលិខិតបទ​ដ្ឋាន​គតិយុត្ត​ពាក់​ព័​ន្ធជាធរមាន - រៀបចំប្រព័ន្ធគាំទ្រ និងសម្របសម្រួលទៅលើការបំពេញតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ​- តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងលើកអនុសាសន៍អំពីការអនុវត្តគោលនយោបាយ​កំណែ​ទ​ម្រង់​​វិមជ្ឈ​ការ​ និងវិសហមជ្ឈការ - រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃទៅលើការបំពេញតួនាទី ភារកិច្ច​របស់​រដ្ឋ​បា​ល​ថ្នាក់​ក្រោមជាតិ - សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចដំណើរការផ្ទេរមុខងារ និង​ធន​ធា​ន​​ឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ - សហការសម្របសម្រួលក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់​ក្រោម​ជាតិ -  រៀបចំប្រព័ន្ធ និងនីតិវិធីសម្រាប់ធ្វើការសម្របសម្រួល និងការដោះស្រាយវិវាទរដ្ឋបាល ដែលពាក់ព័ន្ធ​នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ -  សហការរៀបចំប្រព័ន្ធ និងនីតិវិធីសម្រាប់គាំទ្រដល់ការសម្របសម្រួល និងដោះស្រាយវិវាទនៅមូល​ដ្ឋាន - គ្រប់គ្រងសកម្មភាពការងាររបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ និង​សម្របសម្រួលកិច្ចសហប្រតិបតិ្តការអន្តរជាតិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ - សហការសម្របសម្រួល និងគាំទ្រនៅក្នុងការរៀបចំ ការគ្រប់គ្រង និងការអនុវត្តគម្រោង​កម្មវិធី​នានា​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ - សហការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ ​ក្នុងការអនុវត្ត​គ​ម្រោ​ងនានាដែលលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន​ -  សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍ទីក្រុង និ​ង​​ទីប្រជុំ​ជ​ន​នា​នា​ - សហការគាំទ្រ និងតាមដានដំណើរការនៃការផ្ទេរធនធានថវិកាឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ​​ - ត្រួតពិនិត្យនីត្យានុកូលភាពទៅលើដីកា និងសេចក្តីសម្រេចនានារបស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ - លើកសំណើកែសម្រួលច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាននានាដែល​​ផ្ទុយ​នឹង គោលនយោបាយកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ និងច្បាប់រៀបចំអង្គការ -  សិក្សា ពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនឹងការបង្កើត ការលុបចោល ការកែសម្រួលព្រំប្រទល់​រដ្ឋបា​ល ​និង​ការកំណត់ឈ្មោះរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការលុបចោល ឬការបង្កើតភូមិ​ -  ណែនាំលើការងារគ្រប់គ្រង និងការប្រើប្រាស់ត្រានៅ​រដ្ឋ​បាល​​ថ្នាក់​ក្រោមជាតិ - សម្របសម្រួលលើសំណើសុំបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ព្រមទាំងការបំពេញមុខងារ​ពាក់ព័ន្ធគណបក្សនយោបាយស្របតាមការកំណត់របស់ច្បាប់ - សម្របសម្រួលលើសំណើសុំចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតាមដាន ត្រួត​ពិនិត្យការអនុវត្តស្របតាមលក្ខន្តិកៈនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទ​ដ្ឋាន​នានាជាធរមាន -  បំពេញការងារពាក់ព័ន្ធនឹងមន្រ្តីរាជការដែលស្ថិតក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ស្រ​​ប​តាម​ច្បាប់និង លិខិតបទដ្ឋានជាធរមាន - សហការ​រៀបចំ និងដាក់ឱ្យអនុវត្ត ព្រមទាំងតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ស្ថាប័ន ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សថ្នាក់ជាតិ ​និងរដ្ឋបាលថ្នាក់ក្រោមជាតិ - សហការរៀបចំប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការបណ្តុះបណ្តាល អប់រំ កសាងសមត្ថភាព​ដល់មន្រ្តីរាជការ​ស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ - រៀបចំបែបបទផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាម​ច្បាប់កំណត់ - រៀបចំ និងគ្រប់គ្រងសំណុំឯកសារ និងទិន្នន័យមន្រ្តីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សា និងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ - សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កៀរគរប្រភពធនធាន និងមូលនិធិពីដៃគូអភិវឌ្ឍន៍ ដើម្បីគាំ​ទ្រ និងអនុវត្តនូវកម្មវិធី និងគម្រោងនានាសម្រាប់គាំទ្រដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ - រៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការបស់អគ្គនាយកដ្ឋានរដ្ឋបាល​ - ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គនាយកដ្ឋានរដ្ឋបាល តាម​ការ​​​កំណត់ជូន​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាលដឹកនាំដោយអគ្គនាយក មួយរូប និងមានអគ្គ​នាយករង ​​ជា​ជំនួយ​ការ​តាមការចាំបាច់។

២.៣.​ រចនាសម្ព័ន្ធអគ្គនាយកដ្ឋានរដ្ឋបាល

          អគ្គនាយកដ្ឋានរដ្ឋបាលមាននាយកដ្ឋានចំណុះសរុបចំនួន៧ដូចខាងក្រោម៖ ១-   នាយកដ្ឋានរដ្ឋបាលសរុប ២-   នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ៣-   នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ៤-   នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ៥-   នាយកដ្ឋានបុគ្គលិក ៦-  នាយកដ្ឋានបណ្តុះបណ្តាល ៧-   នាយកដ្ឋានមុខងារ និងធនធាន។

២.​៤. តួនាទី ភារកិច្ចរបស់នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល

២.៤.១. នាយកដ្ឋានរដ្ឋបាលសរុប

នាយកដ្ឋានរដ្ឋបាលសរុប មានតួនាទីធ្វើជាសេនាធិការលើការងាររដ្ឋបាល ការគ្រប់គ្រង ការចាត់ចែ​ង​ឯកសារ ការងារបណ្ណាសារ ការរៀបចំកិច្ចប្រជុំ សន្និបាត សិក្ខាសាលា ការធ្វើរបាយការណ៍ និងការងារទំនាក់​ទំនងសាធារណៈរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងមានភារកិច្ច ដូចខាងក្រោម៖ - ចាត់ចែងគ្រប់គ្រងលិខិតស្នាមរដ្ឋបាលចេញ ចូល និងឯកសារផ្សេងៗទៀតរបស់អគ្គនាយកដ្ឋាន​រដ្ឋ​បាល - ធ្វើកិច្ចការទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព័ត៌មានរបស់អគ្គនាយកដ្ឋានរដ្ឋបាល - សហការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការបស់អគ្គនាយកដ្ឋានរដ្ឋបាល -  ​រៀបចំកសាងផែនការអំពីតម្រូវការមធ្យោបាយ សម្ភាររបស់អគ្គនាយកដ្ឋានរដ្ឋបាល -  គ្រប់គ្រងត្រា លិខិតស្នាមរដ្ឋបាល ការងារតម្កល់ឯកសារ ការងារពិធីការ និងការងារបដិសណ្ឋារកិច្ច -  គ្រប់គ្រងមធ្យោបាយ សម្ភារ ថវិកានិងបញ្ជីសារពើភណ្ឌ ចលនទ្រព្យ អចលនទ្រព្យ​របស់អគ្គនាយកដ្ឋា​ន​​រដ្ឋបាល - គ្រប់គ្រង ​ចាត់ចែង និងប្រើប្រាស់បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតបម្រើការងារ​នៅ​អគ្គនា​យ​​ក​​ដ្ឋាន​រដ្ឋបាល -  គ្រប់គ្រងបណ្ណាល័យ និងបណ្ណាសារដ្ឋានរបស់អគ្គនាយកដ្ឋានរដ្ឋបាល​ -  ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានរដ្ឋបាលសរុបតាមការ​កំណត់ ជូនអគ្គនាយកដ្ឋានរដ្ឋបាល​​។

២.៤.២.​ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានតួនាទីធ្វើជាសេនាធិការលើការងារសម្រប​សម្រួល និង​គាំទ្រ​ដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ និងមានភារកិច្ច ដូចខាងក្រោម៖ - គាំទ្ររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ អនុវត្តតួនាទី ភារកិច្ចរបស់​ខ្លួន ស្របតាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង       រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ​ សង្កាត់ ច្បាប់ និង​លិខិត​​បទដ្ឋាន​ពាក់ព័ន្ធនានា - រៀបចំគោល​នយោ​បា​យ ច្បាប់ លិខិតបទដ្ឋាន​ និងនីតិវិធីនានា​ដែលទាក់ទិននឹងការអនុវត្តការងារ​របស់​​​​រដ្ឋបាល​​ក្រុង ស្រុក និងឃុំ សង្កាត់ - គាំទ្រ និងតាមដានលើការងារកសាង និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ​ ព្រមទាំង​គម្រោង​កម្មវិធីនានារបស់រដ្ឋបាលក្រុង ស្រុ​ក​ និងឃុំ សង្កាត់ ​ - សហការក្នុងការគាំទ្រ និងការតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ​រប​ស់​រដ្ឋ​បា​ល​​ក្រុង ស្រុក និងឃុំ សង្កាត់ - តាមដាន ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព អន្តរាគមន៍ និងគាំទ្រ​ការ​អនុវត្តការងារ​របស់​រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ -  ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តាមការ​កំណត់ ជូនអគ្គនាយកដ្ឋានរដ្ឋបាល​។

២.៤.៣.​នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត

នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ​មានតួនាទីធ្វើជាសេនាធិការលើការងារសម្រប​សម្រួ​ល និងគាំ​ទ្រដល់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និងមានភារកិច្ច ដូចខាងក្រោម៖ - រៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន​ និងនីតិវិធីនានាពាក់ព័ន្ធនឹងតួនាទី និងការទទួល​ខុសត្រូវ​របស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត -  សិក្សា និងលើកយោបល់អំពីការបង្កើត ការលុបចោល ការកែសម្រួលព្រំប្រទល់រដ្ឋបា​​ល និងការកំ​ណ​ត់​ ឈ្មោះរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការលុបចោល ឬការបង្កើតភូមិ -  សហការ និងផ្តល់យោបល់ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់  និងគោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រង​ទីប្រជុំជន - សិក្សា និងលើកយោលបល់អំពីការបង្កើត ឬការដំឡើង និងការគ្រប់គ្រងច្រកទ្វារព្រំដែនគ្រប់ប្រភេទ -  គាំទ្រ និងតាមដានលើការងារកសាង និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ​ព្រមទាំង​គ​ម្រោ​​ង​​​ កម្មវិធីនានារបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត - សហការក្នុងការគាំទ្រ និងការតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការ​គ្រប់គ្រងទ្រព្យសម្បត្តិរបស់​រដ្ឋបាល​​រាជធានី ខណ្ឌ និងខេត្ត - តាមដាន ត្រួតពិនិត្យ​ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព​ អន្តរាគមន៍ និងគាំទ្រការអនុវត្តការងាររបស់​រដ្ឋបាល​​រាជធានី ខណ្ឌ និងខេត្ត - សហការ និងគាំទ្រដល់ការងារកិច្ចសហប្រតិបត្តិការរវាងរាជធានី ខេត្ត ជាមួយខេត្ត ក្រុង នៃបណ្តា​ប្រទេសនានា - ពិនិត្យ និងលើកសំណើសុំផ្តល់ប័ណ្ណសរសើរ មេដាយស្ថាបនាជាតិ និងគោរម្យងារឧកញ៉ាជូន​សប្បុរសជន - ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត តាមការ​កំណត់ ជូនអគ្គនាយកដ្ឋានរដ្ឋបាល​។

២.៤.៤. នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ

នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ មានតួនាទីធ្វើជាសេនាធិការឱ្យអគ្គនាយក​ដ្ឋាន​​រដ្ឋបាល លើការងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងមានភារកិច្ច ដូចខាង​ក្រោ​ម៖ - សិក្សារៀបចំក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងគណបក្សនយោបា​យ​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល - ពិនិត្យ និងលើកយោបល់លើសំណើសុំ​បង្កើត ឬចុះបញ្ជីគណបក្សនយោបាយ សមាគម អង្គការមិន​មែនរដ្ឋាភិបាល និងសហគមន៍ជនជាតិ​ដើមភាគតិច - ពិនិត្យ និងលើកយោបល់លើសំណើសុំធ្វើវិសោធនកម្មលក្ខន្តិកៈ ឬកែប្រែ ឬប្តូរឈ្មោះ ឬរូបសញ្ញា​សម្គាល់ ឬរួមបញ្ចូលគ្នា ឬធ្វើសម្ព័ន្ធភាពរបស់គណបក្សនយោបាយ​ សមាគម អង្គការមិនមែនរដ្ឋាភិ-បាល និង សហគមន៍ជនជាតិដើមភាគតិច - តាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈរបស់​គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច - ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារគណបក្សនយោបាយ សមាគ​ម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច ​ - គាំទ្រដល់ការបង្កើត និងកិច្ចដំណើរការរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ - ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានកិច្ចការសមាគម និង​គណបក្ស​នយោបាយតាមការ​កំណត់ ជូនអគ្គនាយកដ្ឋានរដ្ឋបាល​។

២.៤.៥. នាយកដ្ឋានបុគ្គលិក

នាយកដ្ឋានបុគ្គលិក មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ លើការងារគ្រប់គ្រង​មន្រ្តី​រាជការស៊ីវិល​ នៅតាមអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិក​ក្រុម​​ប្រឹក្សា​​នៅ​​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ, ច្បាប់​ស្តីពីការ​គ្រប់​គ្រង​រដ្ឋបាលឃុំ សង្កាត់, គោលនយោបាយកំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ និង​លិខិតបទ​ដ្ឋាន​គតិយុត្ត​ដទៃ​ទៀ​ត មានភារកិច្ចដូចខាងក្រោម៖
  • សិក្សារៀបចំក្របខ័ណ្ឌគោលនយោបាយ ច្បាប់ ​លិខិតបទដ្ឋាន​ និងនីតិវិធីនានា​ពាក់ព័ន្ធ​នឹងការ​​គ្រងគ្រង​មន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ​
  • សហការនៅក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន និងនីតិវិធីនានាពាក់ព័ន្ធ​នឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​​រៀបចំផែនការក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ និងបុគ្គលិកជាប់កិច្ចសន្យា
  • រៀបចំការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ
  • ការគ្រប់គ្រង និងការចាត់ចែងការងារនានាពាក់ព័ន្ធមន្រ្តី បុគ្គលិកនៃក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល​ក្រសួងមហាផ្ទៃ ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន
  • បំពេញការងារពាក់ព័ន្ធនឹងការតែងតាំង ដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដាក់វិន័យ ផ្លាស់ប្តូរ ដកហូតមុខងារ​ដាក់ឱ្យចូលនិវត្តន៍មន្រ្តីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងមន្រ្តីរាជការស៊ីវិលថ្នាក់ក្រោមជាតិ ស្ថិត​ក្រោម​សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ
  • ពិនិត្យនីត្យានុកូលភាពលើការតែងតាំង ដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដាក់វិន័យ ផ្លាស់ប្តូរ ដកហូត​មុខ​ងា​រ ដាក់ឱ្យចូលនិវត្តន៍មន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • បំពេញការងារពាក់ព័ន្ធនឹងការផ្លាស់ប្តូរ និងការទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
  • សហការសិក្សា និងលើកយោបល់លើការកែសម្រួលតួនាទី ភារកិច្ច សិទ្ធិ និងរចនាសម្ព័ន្ធរបស់​​អគ្គនា​យកដ្ឋាន​រដ្ឋបាល និងអង្គភាពនានារបស់ក្រសួងមហាផ្ទៃ
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានបុគ្គលិក តាមការ​កំណត់​ជូនអគ្គនាយកដ្ឋានរដ្ឋបាល​​។

២.៤.៦. នាយកដ្ឋានបណ្ដុះបណ្ដាល

នាយកដ្ឋានបណ្តុះបណ្តាល   មានតួ​នាទីធ្វើជាសេនាធិការជូនអគ្គនាយកដ្ឋានរដ្ឋបាល​  លើ​ការងារ​បណ្តុះ​បណ្តាល អប់រំ និងកសាងសមត្ថភាពមន្រ្តីរាជការស៊ីវិល សមាជិកក្រុមប្រឹក្សា និងបុគ្គលិករដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និងមានភារកិច្ច ដូចខាងក្រោម៖​   - សិក្សា រៀបចំគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស  សម្រាប់​អគ្គនាយ​កដ្ឋា​​ន​​​​​​រដ្ឋបាល អង្គភាពពាក់ព័ន្ធ និ​ង​រដ្ឋបាលថ្នាក់ក្រោមជាតិ - រក្សាស្រាវជ្រាវ និងរៀបចំបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​
  • រៀបចំកសាងផែនការ និងប្រព័ន្ធបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ
  • បណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា និងមន្រ្តីបុគ្គលិ​ក​​នៅរដ្ឋបា​លថ្នាក់ក្រោមជាតិ
  • សិក្សាស្រាវជ្រាវ និងវិភាគអំពីតម្រូវការនៃការបណ្តុះបណ្តាលមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ និង​រដ្ឋ​បា​លថ្នាក់ក្រោមជាតិ
  • រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលមន្រ្តីរាជការ​នៅ​ថ្នាក់ជាតិ​ ថ្នាក់ក្រោម​ជាតិ
  • រៀបចំប្រព័ន្ធទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ចងក្រង និងផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានបណ្តុះបណ្តាល តាមការ​កំណត់ ជូនអគ្គនាយកដ្ឋានរដ្ឋបាល​​។

២.៥.៧. នាយកដ្ឋានមុងងារ និងធនធាន

នាយកដ្ឋានមុខងារ និងធនធាន មានតួនាទីធ្វើជាសេនាធិការលើការងារផ្ទេរមុខងារ ធនធាន និង​គាំទ្រ​ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារកិច្ច ដូចខាងក្រោម :
  • រៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋាននានាសម្រាប់ការផ្ទេរមុខងារ​ និងធនធានឱ្យ​ទៅ​​ដល់រដ្ឋបាលថ្នាក់ក្រោម​ជា​តិ
  • រៀបចំក្របខ័ណ្ឌគោលនយោបាយ លិខិតបទដ្ឋាន និងយន្តការ បែបបទ នីតិវិធីនានាសម្រាប់គាំទ្រការ​ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួល និងគាំទ្រដល់ក្រសួង ស្ថាប័នក្នុងកិច្ចដំណើរការផ្ទេរមុខ​ងារ​ និងធនធានដល់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ
  • តាមដាន និងត្រួតពិនិត្យលើការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវ​គោលការណ៍ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព សមធម៌ និងការចូលរួមរបស់ប្រជាពលរដ្ឋ ​
  • សហការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាល​ថ្នា​ក់​ក្រោមជាតិ
  • សិក្សា និងរៀបចំយន្តការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗធ្វើការសម្រុះសម្រួល និងដោះ​ស្រា​យ​​ពាក្យបណ្តឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគាំទ្រលើយន្តការនៃការសម្រុះសម្រួល និងដោះស្រាយពាក្យ​បណ្តឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ​
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានមុខងារ និងធនធាន តាម​ការ​​កំណត់ ជូនអគ្គនាយកដ្ឋានរដ្ឋបាល​។

PILAC2 (JICA)

Lorem Ipsum is simply dummy text of the printing and ty … អានបន្ត