ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះ នៅសាលាខេត្តបន្ទាយមានជ័យមានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយអង្គពិធីមានកិត្តិយសដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដោយមានសិក្ខាកាមជាលោក លោកស្រី ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជួរមុខ ដែលបានអញ្ជើញមកពី ២៥ រាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១០២រូប។

បន្ទាប់ពីមតិចាប់អារម្មណ៍របស់ ឯកឧត្តម អ៊ុ រាត្រី រួចមក លោក បួន ហេង បានមានប្រសាសន៍ថា កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត គឺជាប្រព័ន្ធមួយដ៏មានសារៈសំខាន់ ដែលផ្ដល់ភាពងាយស្រួលដល់មន្ត្រីផ្ដល់សេវាក្នុងការគ្រប់គ្រងទិន្នន័យ កត់ត្រាចំនួនសេវា និងចំណូលសេវា តាមដានចរន្តការឯកសារ ព្រមទាំងអាចធ្វើការប្រៀបធៀបការផ្ដល់សេវាតាមវិស័យនីមួយៗ ។ ព្រមជាមួយគ្នានេះ សម្រាប់ថ្នាក់ដឹកនាំដឹកនាំរាជធានី ខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាចពិនិត្យមើលវឌ្ឍនភាពនៃការផ្ដល់សេវាកាន់តែងាយស្រួល និងបានភ្លាមៗនៅលើប្រព័ន្ធ។ សម្រាប់ប្រជាពលរដ្ឋវិញ អាឆែកមើលចរន្តការឯកសារស្នើសុំសេវាបានដោយខ្លួនឯង តាមរយៈកម្មវិធីទូរស័ព្ទដៃនឹងអាចដឹងថា តើឯកសារស្នើសុំរបស់គាត់ដំណើរការដល់ដំណាក់កាលណា ហើយនៅសល់ប៉ុន្មានថ្ងៃទៀតគាត់អាចមកទទួលយកលទ្ធផលសម្រេច ។ លោកបានបន្តថា ជាទស្សនវិស័យ ក្រសួងមហាផ្ទៃនឹងរៀបចំឱ្យមានការបង់ និងការទទួលកម្រៃសេវាតាមប្រព័ន្ធអនឡាញ ការទទួលនិងការដាក់ពាក្យស្នើសុំសេវាតាមប្រព័ន្ធអនឡាញ និងការស្នើសុំសេវាជាកញ្ចប់សម្រាប់ប្រភេទសេវាដែលមានការពាក់ព័ន្ធគ្នា។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះរួច អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គ្រោងនឹងដាក់ដំណើរការឲ្យប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះតទៅ។ សូមបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានរៀបចំបង្កើតប្រព័ន្ធព័ត៌មានវិទ្យា(MIS) សម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងដាក់ឲ្យប្រើប្រាស់សាកល្បងរួចហើយនៅរាជធានី ខេត្តចំនួន៩ ។ ក្នុងនោះកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ ប្រព័ន្ធនេះ បានទទួលពានរង្វាន់ សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ២០២០(Best E-government Service of the Year) ពីកម្មវិធីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020)។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់