ពីធីបិទវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” វគ្គទី២ សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្រសួងមហាផ្ទៃ៖នារសៀលថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ត​ម  ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបិទវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” វគ្គទី២ សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក លោកស្រីជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ គោលដៅ ប្រមាណ ១៣០រូប ស្រី៥រូប។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម  ប្រាក់ សំអឿន ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំឲ្យ​មាន​​​វគ្គ​​​​បណ្តុះ​​បណ្តាលនេះឡើង។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១០ថ្ងៃ ត្រូវបានរៀបចំឡើង ជាពិសេស សម្រាប់ក្រុមគោលដៅជាប្រធានក្រុមប្រឹក្សា និងអភិបាល​ក្រុង ស្រុ​ក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ ឲ្យកាន់តែប្រសើរឡើង ដើម្បីអាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ជាពិសេសក្នុងការដឹកនាំគ្រប់គ្រងក្រុង ស្រុក ខណ្ឌ របស់ខ្លួនឆ្ពោះទៅរកការធ្វើឲ្យមានចីរភាពនូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានក្រុង ស្រុក ខណ្ឌរបស់ខ្លួន ស្របតាមស្មារតីនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ឯកឧត្តម បានបន្តថាដោយមើលឃើញពីភាពចាំបាច់ នៃការលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅ ក្នុងឆ្នាំ២០១៦  រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលមានបេសកកម្មផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ  មានលក្ខណៈជាប្រព័ន្ធដល់មន្រ្តីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀត។ ការបណ្តុះបណ្តាលនាពេលនេះ ជាការអនុវត្ត កម្មវិធីសិក្សាវគ្គកាត្វពកិច្ចរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សម្រាប់ក្រុមគោលដៅជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ។ ឆ្លងតាមការបណ្តុះ​បណ្តាល​ក្នុង​រយៈពេល១០ថ្ងៃនេះ ខ្ញុំសង្ឃឹម​យ៉ាងមុតមាំថា លោក លោកស្រីនឹងទទួលបាននូវពុទ្ធិថ្មីៗ​បន្ថែម​​ទៀត ដែលជួយលើកកម្ពស់សមត្ថ​ភាពលោក លោកស្រី ក្នុងការអនុវត្តតួនាទី ភារកិច្ច​របស់​លោក លោកស្រីឲ្យកាន់តែមានភាពល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព​​​។​

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់