សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យ នៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យ នៃការអនុវត្ត គម្រោង រដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចគាំទ្រពី អង្គការយូនីសេហ្វ (UNICEF) ក្នុងគោលបំណងបណ្តុះបណ្តាល មន្រ្តី ឬជនបង្គោលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពីរបៀបប្រើប្រាស់ បញ្ចូល កត់ត្រាទិន្នន័យ ពិនិត្យ និងតាមដានការអនុវត្តនៅក្នុងប្រព័ន្ធទិន្នន័យ នៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងមហាផ្ទៃទើបតែរៀបចំឡើង។ ទន្ទឹមនេះ សិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអង្គការយូនីសេហ្វ និងតំណាងរដ្ឋបាលរាជធានី ខេត្ត រួមមាន អភិបាលរងរាជធានី ខេត្ត, នាយកទីចាត់ការផែនការ និងវិនិយោគ, មន្រ្តីទីចាត់ការផែនការ និងវិនិយោគ, មន្រ្តីទីចាត់ការផែនការ និងហិរញ្ញវត្ថុ និងមន្រ្តីនៃអង្គភាពលទ្ធកម្ម សរុបប្រមាណជាង ១៥០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់