កិច្ចប្រជុំលើកទី៨របស់ គ.ជ.អ.ប បានអនុម័តឯកសារគោលនយោបាយ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ ៣០ ឧសភា ២០១៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំលើកទី៨ ដើម្បីពិភាក្សានិងអនុម័តឯកសារគោលនយោបាយ…

ភ្នំពេញ ៣០ ឧសភា ២០១៣៖ គណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំលើកទី៨  ដើម្បីពិភាក្សា និងអនុម័តឯកសារគោលនយោបាយមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ដោយមានសមាសភាពចូលរួមពីសមាជិក គ.ជ.អ.ប រួមមាន៖ ប្រធានអនុគណៈកម្មាធិការទាំង៤របស់ គ.ជ.អ.ប ក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការក្រសូង ស្ថាប័នពាក់ព័ន្ធ តំណាងអនុកម្មវិធីទាំង៦នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣)    ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរាជធានី ខេត្ត និងប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកចំនួន៥។ វត្តមាននៃអ្នកចូលរួមសរុបមានចំនួន១១១រូប (ស្រ្តី ៤រូប)។

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំលើកទី៨នេះថា ក្នុងការគាំទ្រដល់កិច្ចដំណើរការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល យើងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននាពេលថ្មីៗកន្លងមកនេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់បន្តជំរុញកិច្ចដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សមិទ្ធផលទាំងនោះ រួមមាន ការរៀបចំ ការកែសម្រួល និងដាក់ឲ្យអនុវត្តនូវលិខិតបទដ្ឋានចាំបាច់ជាច្រើន ដើម្បីផ្តល់នូវក្របខ័ណ្ឌគតិយុត្ត និងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តនូវផែនការអនុវត្ត៣ឆ្នាំដំបូងនៃកម្មវិធីជាតិដែល កំពុងស្ថិតនៅលើរបត់ផ្លូវជាគន្លឹះដ៏សំខាន់មួយនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំ និងបានកែសម្រួលទាំងនោះ រួមមាន អនុក្រឹត្យស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក ប្រកាសអន្តរក្រសួងស្តីពីការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីដើម្បីបើកផ្លូវឲ្យមានការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ដែលកំពុងបំពេញការងារនៅថ្នាក់ក្រោមជាតិ ព្រមទាំងអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំពាក់ព័ន្ធជាច្រើនផ្សេងទៀតដែលត្រូវបានរៀបចំក្នុងលក្ខណៈជាសេចក្តីព្រាងនៅឡើយ។

ឯកឧត្តម ស ខេង ក៏បានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗដែលត្រូវ ផ្តោតការយកចិត្តទុកដាក់ដោះស្រាយ ដើម្បីធានា ដល់ការជំរុញ ឲ្យកិច្ចដំណើរការកំណែ ទម្រង់សម្រេចបាននូវគោលដៅរយៈពេលវែង ដែលបានកំណត់នៅក្នុងច្បាប់រៀបចំអង្គការ និងកម្មវិធីជាតិ។

បញ្ហាប្រឈមសំខាន់ៗទាំងនោះរួមមាន៖ ការកែលំអប្រព័ន្ធគ្រប់គ្រង មន្ត្រីរាជការស៊ីវិលដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ ការរៀបចំ លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំ លិខិតបទដ្ឋានចាំបាច់នានាដើម្បីជំរុញដល់ការអនុវត្ត ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុក្រុង ស្រុក និងមូលនិធិក្រុង ស្រុក ការជំរុញកិច្ចដំណើរ ការ ផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិការពង្រឹងការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើប្រតិភូកម្មការផ្តល់សេវារដ្ឋបាលរបស់ក្រសួង ស្ថាប័នឲ្យទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ។ល។

ជាលទ្ធផលនៃកិច្ចប្រជុំ គ.ជ.អ.ប បានអនុម័តឯកសារសំខាន់ៗដូចជា៖

  • សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅថ្នាក់ក្រោមជាតិ
  • សេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ
  • សេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្ទេរធនធាន និងថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់
  • សេចក្តីព្រាងសេចក្តីណែនាំស្តីពីការពិនិត្យមើលឡើងវិញនូវមុខងារ សម្រាប់ការផ្ទេរឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ឯកសារទស្សនទានស្តីពីការអនុវត្តសាកល្បងនៃការផ្ទេរមុខងារជាក់លាក់មួយចំនួនក្នុងវិស័យសុខាភិបាល។

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តម ស ខេង បានបញ្ជាក់ពីបញ្ហាទាក់ទងនឹងមុខងារជលផល ដោយបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្វើការណែនាំបន្ថែមទៀតដើម្បីឲ្យប្រធានខណ្ឌរដ្ឋបាលព្រៃឈើ និងប្រធានខណ្ឌរដ្ឋបាលជលផលធ្វើការជាមួយគណៈអភិបាលរាជធានី ខេត្ត ពីព្រោះយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខេត្តក៏ទទួលខុសត្រូវក្នុងការការពារព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់