កិច្ច​ពិភាក្សា​តុ​មូល​ស្ដីពី​តួនាទី​ស្ត្រី​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​នៅ​ថ្នាក់​ជាតិ

រាជធានីភ្នំពេញ ៨ កុម្ភៈ២០១៣៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានរៀបចំកិច្ចពិភាក្សាតុមូលស្ដីពីតួនាទីស្ត្រីក្នុងការចូលរួមក្នុងវិស័យនយោបាយនៅថ្នាក់ជាតិ នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។ 

កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ ដែលរួមមាន តំណាងអង្គការ សង្គមស៊ីវិល អ្នកតំណាងស្ត្រីនិងការចូលរួមរបស់ស្ត្រី អ្នកតំណាងរាស្ត្រ អ្នកតំណាងគណបក្សនយោបាយ ដែលមានចំនួនសរុបប្រមាណ ៥៦នាក់។

 

មានមតិបើកកិច្ចពិភាក្សា លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ( ...) មានប្រសាសន៍ថា ដើម្បីលើកតម្កើងស្ត្រីចូលរួមក្នុងវិស័យនយោបាយគឺមានកត្តាសំខាន់ចំនួនពីរ គឺកត្តាស្ត្រីខ្លួនឯងផ្ទាល់ និងកត្តាសង្គម។ «យើងត្រូវស្វែងរកកត្តាដែលធ្វើឲ្យស្ត្រីខ្លួនគាត់ចង់ចូលរួមក្នុងឆាកនយោបាយ រួមទាំងការកាត់បន្ថយនូវឧបសគ្គនានារួមមាន ឧបសគ្គគ្រួសារ ថវិកា និងសង្គម។ ផ្នែកសំខាន់មួយទៀតគឺការទទួលស្គាល់ពីសង្គម និងការគាំទ្រពីសង្គមជាតិទាំងមូល រួមទាំងបុរសក្នុងការគាំទ្រឲ្យមានស្ត្រីក្នុងថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំមូលដ្ឋាន»

កិច្ចពិភាក្សាតុមូលនេះមានគោលបំណង៖ (). ដើម្បីឲ្យអ្នកដែលធ្វើការខាងអ្នកតំណាងស្ត្រីនិងការចូលរួមរបស់ស្ត្រី ព្រមទាំងគណបក្សនយោបាយរួមគ្នាពិភាក្សាលើបញ្ហាសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងអ្នកតំណាងស្ត្រីក្នុងវិស័យនយោបាយនៅថ្នាក់ជាតិ។ (). ដើម្បីផ្ដល់វេទិកា និងឱកាសដល់គណបក្សនយោបាយពិភាក្សាលើគោលនយោបាយរបស់ខ្លួនក្នុងការលើកស្ទួយអ្នកតំណាងជាស្ត្រី និងការចូលរួមរបស់ស្ត្រីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ។

 

កិច្ចពិភាក្សាបានបែងចែកជាពីរវគ្គលើប្រធានបទ៖ (). សារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយនៅថ្នាក់ជាតិ (). គោលជំហររបស់គណបក្សនយោបាយស្ដីពីការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយថ្នាក់ជាតិ។

 

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ មានគណបក្សចំនួន ១០ ដែលបានដាក់បេក្ខជនក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត មានតែគណបក្សចំនួន ប្រាំពីរ ប៉ុណ្ណោះដែលទទួលបានអាសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ។ មានបេក្ខជនជាស្ត្រីសរុប ២៨.៤៨១នាក់ស្មើនឹង(២៥,៦៥%) ក្នុងចំណោមបេក្ខជនសរុប១១១.០៥៦ នាក់ ហើយស្ត្រីដែលបានជាប់ឆ្នោតមានចំនួន ២.០៣៨ អាសនៈ ត្រូវនឹង ១៧,៧៩% នៃអាសនៈទូទាំងប្រទេសសរុប (១១.៤៥៩)៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់