ក្រសួងមហាផ្ទៃ ទទួលបានសមិទ្ធផលជាច្រើនពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថាការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងទទួលបានសមិទ្ធផលសំខាន់ៗជាច្រើនដូចជា ការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង សុ្រក ខណ្ឌ និងរចនាសម្ព័ន្ធគ្រប់គ្រងមិនដូចគ្នាទាំងស្រុងរវាងក្រុង ស្រុកនិងខណ្ឌ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ការកែសម្រួលរចនាប្រព័ន្ធគ្រប់គ្រងនេះ បានភ្ជាប់ជាមួយនូវការផ្ទេរមុខងារចំនួន៥៥ និងមុខងារចំនួន១៦២ឱ្យទៅរដ្ឋាបាលក្រុង ស្រុក ខណ្ឌ និងការផ្ទេរមុខងារផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។ ទន្ទឹមនឹងការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ការផ្ទេរមុខងារធនធានទៅឱ្យថ្នាក់រដ្ឋបាលទាំងនេះ និងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលរាជធានីខេត្ត រាជរដ្ឋាភិបាលក៏បន្តផ្ទេរធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍដល់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០ ឱ្យមានការកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍនេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមស ខេង ក៏បានបញ្ជាក់ដែរថា វឌ្ឍនភាពថ្មីនៃដំណើរការកំណែរទម្រង់នេះ នឹងបង្កលក្ខណៈសម្បិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបតម្រូវការរបស់មូលដ្ឋានដែលជួយពង្រឹងគណនេយ្យភាពរប់សក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រៅពីសមិទ្ធផលខាងលើក្នុងឆ្នាំ២០១៩កន្លងទៅ ក្រសួងមហាផ្ទៃក៏បានពង្រឹងការគ្រប់គ្រងពន្ធនាគារ ស្របពេលដែលមានការកើនឡើងនូវចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការបណ្តុះបណ្តាល ការកសាងសមត្ថភាពធនធានមនុស្សទាំងរដ្ឋបាលស៊ីវិល និងនគរបាលជាតិ ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសនានា ព្រមទាំងកិច្ចសហការសម្របសម្រួលជាអន្តរស្ថាប័នជាមួយក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់