ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឱ្យយដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ

ក្រសួងមហាផ្ទៃ កថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០  ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឱ្យយដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋ អគ្គនាយករង អភិបាលនៃគណៈអភិបាល នាយករដ្ឋបាល ព្រមទាំងមន្រី្តពាក់ព័ន្ធ ប្រមាណ ២០រូប។

រាជរដ្ឋាភិបាល កម្ពុជាបានបង្កើតច្រកទ្វារតំបន់ម៉ឺនជ័យ តាមរយៈលិខិតលេខ៤៦៨ សជណ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងបានសម្រចដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនប៉ឺនជ័យទៅជាច្រកទ្វារព្រំដែនអន្តរជាតិ តាមរយៈលិខិតលេខ ៦៣៥ សជណ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ភាគីវៀតណាមបានឯកភាពជាគោលការណ៍េដំឡើងកម្រិតច្រកទ្វារព្រំដែនតឺនណាម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិកាលពីចុងឆ្នាំ២០១៧ និងបានបំពេញនីតិវិធីផ្ទៃក្នុងរួចរាល់តាមរយៈក្រឹត្យផ្តល់សច្ចាប័នលេខ ១១១/NO-CP ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។ ដើម្បីជំរុញបើកឱ្យដំណើការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ​-តឹនណាមឱ្យបានឆាប់ ក្រសួងមហាផ្ទៃបានចាត់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ដឹកនាំកិច្ចប្រជពិភាក្សាជាមួយអគ្គបញ្ជាការកងទ័ព​ការពារព្រំដែនវៀតណាមចំនួនពីរលើក ដូចខាងក្រោម៖

  • លើកទី១ នៅក្រុងហូជីមិញ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៩
  • លើកទី២ នៅបញ្ជាការដ្ឋានយោធាច្រកទ្វារព្រំដែនតឹនណាម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩

សូមជម្រាបថា ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់