គម្រោង​ LASED បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​បច្ចេកទេស​សាងសង់​បង្គន់​អនាម័យ​ដល់​ក្រុម​សាងសង់​សហគមន៍​

កំពង់ធំ ១០ កញ្ញា ២០១៣៖ ក្រុមការងារបច្ចេកទេសគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងមហាផ្ទៃ រួមជាមួយក្រុម…

កំពង់ធំ ១០ កញ្ញា ២០១៣៖ ក្រុមការងារបច្ចេកទេសគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងមហាផ្ទៃ រួមជាមួយក្រុមការងារអនុវត្តន៍គម្រោង LASED ថ្នាក់ខេត្ត  ស្រុក ឃុំ ភូមិ កាលពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៣ បានចុះទៅកាន់ភូមិសែនអភិវឌ្ឍន៍១ និង ២ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសសាងសង់បង្គន់អនាម័យដល់ក្រុមសាងសង់សហគមន៍។ 

 

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ការយល់ដឹងបន្ថែមពីបច្ចេកទេសសាងសង់ និងជួយពន្លឿនការងារសាងសង់បង្គន់អនាម័យដល់ប្រជាពលរដ្ឋចំនួន៤៣១គ្រួសារ ដែលទទួលបានសម្ភារៈសាងសង់បង្គន់អនាម័យពីគម្រោង LASED នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

កំឡុងពេលនៃវគ្គបណ្ដុះបណ្ដាលនេះ ក្រុមសាងសង់សហគមន៍ត្រូវបានចងក្រងឡើង ដោយមានសមាជិកចំនួន៣០នាក់ មកពី២៨ក្រុមរបស់សហគមន៍ទាំង២នៅដីសម្បទានសង្គមកិច្ច។ ក្រោយពីបានចង់ក្រងក្រុមសាងសង់សហគមន៍រួច ក្រុមបច្ចេកទេសថ្នាក់ជាតិដោយមានការជួយសម្របសម្រួល ពីក្រុមការងារគម្រោងថ្នាក់ខេត្ត បានណែនាំពីគំនូសប្លង់បច្ចេកទេសលម្អិត សម្ភារៈសាងសង់បង្គន់អនាម័យដែលគម្រោងបានចែកជូនសម្រាប់គ្រួសារនីមួយៗរួមមាន លូចោះប្រហោងធំចំនួន០២ លូចោះប្រហោងតូចចំនួន០២ គម្របលូមួលចំនួន០១ គម្របលូជ្រុងចំនួន០១ ស័ង្កសីចំនួន០៣សន្លឹក ចានបង្គន់ចំនួន០១ ទុយោមុខកាត់២១សង់ទីម៉ែត្រប្រវែង៤ម៉ែត្រ និងទុយោមុខកាត់១០០សង់ទីម៉ែត្រប្រវែង២ម៉ែត្រ និងសម្ភារៈសំណង់ដែលត្រូវការសម្រាប់សាងសង់បង្គន់ដែលតម្រូវឲ្យគ្រួសារនីមួយៗចូលរួមបដិភាគដូចជា ដីសម្រាប់ចាក់បំពេញលើកធ្វើខឿនបង្គន់ចំនួន០៣ម៉ែត្រគូប ស៊ីម៉ងត៍ចំនួន២៥គីឡូក្រាម ខ្សាច់គ្រើមចំនួន០,១ម៉ែត្រគុប និងថ្ម១ គុណ២ ចំនួន០,២ម៉ែត្រគូប។

 

វគ្គបណ្ដុះបណ្ដាលក៏បានធ្វើណែនាំផងដែរក្នុងការជ្រើសរើសទីតាំងបង្គន់ គឺត្រូវឲ្យមានចម្ងាយ២៥ម៉ែត្រយ៉ាងតិចពីប្រភពទឹកប្រើប្រាស់ ព្រមទាំងវិធីសាស្ត្រផ្សេងៗទៀតដូចជាការលើកធ្វើខឿនបង្គន់ កម្រាលបាតទ្រកង់លូស្តុកលាមក បាតទ្រកង់លូបង្ហូរលាមក និងជម្រាលបង្ហូរលាមកជាដើម។

 

ក្រោយពីបានធ្វើការណែនាំចប់ វគ្គបណ្ដុះបណ្ដាលបានជ្រើសរើសយកគ្រួសារដែលជាចាស់ជរា ខ្វះកម្លាំងពលកម្មចំនួន០២គ្រួសារដើម្បីធ្វើការបង្ហាញផ្ទាល់ដល់ក្រុមសាងសង់សហគមន៍នូវបច្ចេកទេសដែលបានរៀនរួច គឺគ្រួសារអ្នកស្រី រស់ ឡាត់ ដែលមានអាយុ៦៤ ជាស្ត្រីមេម៉ាយ និងគ្រួសារអ្នកស្រី មូល កាន មានអាយុ៥៣ ជាស្ត្រីមេម៉ាយដែរ។ ជាក់ស្ដែង ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានធ្វើការបង្ហាញចំណុចសំខាន់ៗមួយចំនួនបន្ថែមទៀតដូចជារបៀបដាក់កង់លូក្នុងដី របៀបលាយស៊ីម៉ងត៍ របៀបដាក់ចានបង្គន់ និងកម្រិតជំរាលពីបង្គន់ទៅអាងស្តុកជាដើម។

 

ជាលទ្ធផល ក្រុមសាងសង់សហគមន៍បានសាងសង់បង្គន់អនាម័យរួចរាល់ទាំង២គ្រួសារ ហើយម្ចាស់បង្គន់ដែលទើបបានសាងសង់រួចថ្មីៗ មានការសប្បាយរីករាយជាខ្លាំង ដែលទទួលបាននូវសមិទ្ធផលថ្មីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងសង្ឃឹមថាអាចជួយកាត់បន្ថយបញ្ហាសុខភាពដែលអាចកើតមានឡើងដោយសារកង្វះអនាម័យ និងភ្នាក់ងារចម្លងជំងឺផ្សេងៗ។  

 

ជាមួយគ្នាផងដែរ ក្រុមសាងសង់សហគមន៍ក៏បានសន្យានឹងបន្តយកចំណេះដឹងដែលបានមកពីវគ្គបណ្ដុះបណ្ដាលកន្លងមកទៅផ្សព្វផ្សាយ និងបន្តសាងសង់ដល់គ្រួសារដ៏ទៃទៀតក្នុងសហគមន៍ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងធនាគារពិភពលោកដែលបានជួយគាំទ្រដល់ប្រជាពលរដ្ឋតាមរយៈគម្រោង LASED ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ចកន្លងមក ជាពិសេសប្រជាពលរដ្ឋតាំងទីលំនៅថ្មីលើដីសម្បទានដីសង្គមកិច្ចទីពោនេះ៕ ដោយៈ ក្រុមការងារគម្រោង LASED

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់