ពីធីបិទវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” វគ្គទី៣ សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្រសួងមហាផ្ទៃ៖នារសៀលថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្ត​ម  ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបិទវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” វគ្គទី៣ សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក លោកស្រីជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ គោលដៅ ប្រមាណ  ១៣៥រូប ស្រី០៥រូប។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រាក់ សំអឿន សូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំឱ្យ​មាន​​​វគ្គ​​​​បណ្តុះ​​បណ្តាលនេះឡើង។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១០ថ្ងៃ ត្រូវបានរៀបចំឡើង ជាពិសេស សម្រាប់ក្រុមគោលដៅជាប្រធានក្រុមប្រឹក្សា និងអភិបាល​ក្រុង ស្រុ​ក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ ឱ្យកាន់តែប្រសើរឡើង ដើម្បីអាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ជាពិសេសក្នុងការដឹកនាំគ្រប់គ្រងក្រុង ស្រុក ខណ្ឌ របស់ខ្លួនឆ្ពោះទៅរកការធ្វើឱ្យមានចីរភាពនូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានក្រុង ស្រុក ខណ្ឌរបស់ខ្លួន ស្របតាមស្មារតីនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សូមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាង​ក្រោម៖

មួយ. ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនាពេលនេះ ទៅអនុវត្ត ជាក់ស្តែងក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យយកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតប និងប្រកបដោយបរិយាប័ន្ន។

ពីរ.​ បន្តបង្កើនការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទៅលើគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់យើងឲ្យស្របតាមការវិវត្ត នៃសេដ្ឋកិច្ច-សង្គម ទាំងនៅក្នុងប្រទេស និងជាអន្តរជាតិ។ សូមលោក លោកស្រី ចងចាំថា “ការសិក្សាគ្មាន ទីបញ្ចប់នោះឡើយ”។

បី. ត្រូវ​ចែករំលែកចំណេះដឹងជាមួយសហការី និងបុគ្គលិកទាំងអស់ ដើម្បីរួមគ្នាបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាពសំដៅបម្រើប្រជាពលរដ្ឋ និងសង្គម។

បួន.​ ត្រូវខិតខំបណ្តុះគំនិតច្នៃប្រឌិត និងម្ចាស់ការក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។

មុននិងបញ្ចប់ ឯកឧត្តម ថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅចំពោះលោក លោកស្រី​ដែលជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ ដែល​បាន​ចូលរួមយ៉ាងសកម្មក្នុងរយៈពេល១០ថ្ងៃ នៃវគ្គបណ្តុះបណ្តាល ដែលបានចូលរួមចំណែកធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយរលូន​ និងទទួលបានជោគជ័យតាមការគ្រោងទុក។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់