កំពង់ធំ ១៨ មករា ២០១៣៖ កាលពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០១៣ ក្រុមការងារគម្រោង LASED ខេត្តកំពង់ធំ ដោយមានការដឹកនាំដោយលោក លី គីមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្ត និងមានការចូលរួមពីទីប្រឹក្សាលទ្ធកម្មថ្នាក់ជាតិក្រសួងមហាផ្ទៃ…
កំពង់ធំ ១៨ មករា ២០១៣៖ កាលពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០១៣ ក្រុមការងារគម្រោង LASED ខេត្តកំពង់ធំ ដោយមានការដឹកនាំដោយលោក លី គីមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្ត និងមានការចូលរួមពីទីប្រឹក្សាលទ្ធកម្មថ្នាក់ជាតិក្រសួងមហាផ្ទៃ ក្រុមការងារថ្នាក់ស្រុក ឃុំ បានធ្វើការចុះចែកសំភារៈសាងសង់ជម្រកស្នាក់នៅ សម្រាប់ការចូលតាំងទីលំនៅថ្មីរបស់ប្រជាជនដីសម្បទានសង្គមកិច្ច ទីពោ តំបន់២ ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សំភារៈជម្រកស្នាក់នៅដែលត្រូវចែកជូនគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់មានចំនួន ៣០០ គ្រួសារ ប៉ុន្តែការចែកជូនលើកទីមួយនៅពេលនេះបានចំនួន ៩០គ្រួសារសិន អាស្រ័យដោយការដឹកជញ្ជូន និងបរិមាណសំភារៈជម្រកស្នាក់នៅនេះមានចំនួនច្រើនដែលចាំបាច់ត្រូវ មានការចែកជូនជាច្រើនលើកច្រើនសាររហូតគ្រប់ចំនួន ៣០០ គ្រួសារ។
សំភារៈសម្រាប់ការសាងសង់ជម្រកស្នាក់នៅថ្មីនេះក្នុងមួយគ្រួសារទទួលបានរួមមាន ១) សសរក្រឡោង ទំហំ ០,១២ម X ០,១២ម X ៤,៥ម ចំនួន ០៣ដើម ២) សសរខាង ឬសសរជើងរៀង ទំហំ០,១២ម X ០,១២ម X ៣,៥ម ចំនួន ០៦ដើម ៣) ធ្នឹមទទឹងទំហំ ០,០៤ម X ០,០៨ម X ៤,៥ម ចំនួន ០៧ដើម ៤)ធ្នឹមបណ្តោយ ០,០៤ម X ០,០៨ម X ៤,៥ម ចំនួន ០៦ដើម ៥) ជើងតាងចំនួន ០៩ ៦) ស័ង្កសីចំនួន ១៣សន្លឹក។
ក្នុងឱកាសនោះ លោកលី គីមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្តបានធ្វើការសំណេះសំណាលណែនាំដល់ប្រជាពលរដ្ឋទាំង៩០គ្រួសារ ក្រោយពីទទួលបានសំភារៈសម្រាប់សាងសង់ជម្រកស្នាក់នៅ នេះរួចហើយក្រុមការងារគម្រោងនឹងបន្តបណ្តុះបណ្តាលពីគំនូសប្លង់បន្ថែមទៀតដើម្បីអោយការងារសាងសង់មានដំណើរការ និងសោភ័ណ្ឌភាពល្អ ដូចដែលយើងបាន និងកំពុងអនុវត្តនៅក្នុងតំបន់ទីពោ ១។ ដូចនេះប្រជាពលរដ្ឋត្រូវត្រៀមខ្លួន និងសំភារៈបន្ថែមមួយចំនួនទៀតអោយបានរួចរាល់ ដើម្បីអនុវត្តការងារនេះប្រកបដោយជោគជ័យ។ លោកបានបន្ថែមទៀតផងដែរថា សំភារៈជម្រកស្នាក់នៅនេះមានសារៈ សំខាន់ណាស់ក្នុងការផ្តល់លទ្ធភាពដល់បងប្អូនចាប់ផ្តើមជីវភាពនៅលើដីថ្មីនេះ ហើយត្រូវយកចិត្តទុកដាក់ថែរក្សាកុំអោយបាត់បង់ ក្នុងខណៈពេលដែលមិនទាន់បានសាងសង់ ឬមិនអនុញ្ញាតអោយធ្វើការលក់ដូរយកប្រាក់ជាដាច់ខាត។
ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តសប្បាយរីករាយ ស្របគ្នានឹងមានភ័ព្វសំណាងទទួលបាននូវដីសម្បទានសង្គមកិច្ចរួចហើយ និងទទួលបាននូវការឧបត្ថម្ភ មានជាសំភារៈជម្រកស្នាក់នៅនេះទៀត ដែលបានជំរុញលើកទឹកចិត្តក្នុងការចូលចាប់ផ្តើមតាំងទីលំនៅថ្មី កសាងជីវភាពលើដីថ្មីអោយមានមុខមាត់ថ្មី និងកែប្រែជីវភាពថ្មីផងដែរ។
ប្រជាពលរដ្ឋបានថ្លែងនូវអំណរអរគុណដល់ថ្នាក់ដឹកគម្រោងថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងក្រុមការងារគម្រោងថ្នាក់ខេត្ត ជាពិសេសសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានផ្តល់នូវភ័ព្វសំណាងដ៏ថ្លៃថ្លាក្នុងការទទួលបាននូវដីសម្បទានសង្គមកិច្ចរួមមានទាំងដីលំនៅដ្ឋាន និងដីកសិកម្មផង ដែលជាទុនក្នុងការកសាងជីវភាពរស់នៅរហូតអនាគតកូនចៅជំនាន់ក្រោយៗទៀត៕ រៀបចំដោយ លោក គាម ហាន ទីប្រឹក្សាប្រតិបត្តិខេត្តកំពង់ធំ