សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៣ របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ

ព្រះវិហារ ២៩ មករា ២០១៣៖ ខេត្តព្រះវិហារបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១២ និងលើកទិសដៅបន្តឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ក្រោមអធិបតីភាព…

PVR-congress-2ព្រះវិហារ ២៩ មករា ២០១៣៖ ខេត្តព្រះវិហារបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១២ និងលើកទិសដៅបន្តឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីបើកអង្គសន្និបាត ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត បានគូសបញ្ជាក់នូវគោលបំណងសំខាន់ៗចំនួន៥៖

  • ឆ្លុះបញ្ជាំងពីលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ច របស់រដ្ឋបាលខេត្តទៅ នឹងផែនការអនុវត្តប្រចាំឆ្នាំ។
  • ផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលនានានៃការអនុវត្តរបស់រដ្ឋបាលខេត្ត រួមទាំងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីរបស់ដៃគូអភិវឌ្ឍន៍នានា។
  • ផ្តល់ឱកាសចូលរួមដល់គ្រប់ភាគីពាក់ព័ន្ធនានា ក្នុងដំណើរការអភិឌ្ឍន៍នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះវិហារ។
  • ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត។
  • លើកទិសដៅអនុវត្តការងារឆ្នាំ២០១៣ របស់រដ្ឋបាលខេត្ត។

 

អង្គសន្និបាតបានផ្តោតសំខាន់ទៅលើសេចក្តីរាយការណ៍អំពីសមិទ្ធផល និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១២ និងជ្រើសយកប្រធានបទPVR-congress-5ចំនួន១០មកពិភាក្សាយ៉ាងផុលផុសនៅក្នុងក្រុមទាំង៥ដែលដឹកនាំសម្របសម្រួលដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងទីចាត់ការទាំងប្រាំចំណុះសាលាខេត្ត ដោយមានការគាំទ្រពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត (PPMA) នៃផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ តំណាងអង្គការសង្គមស៊ីវិលដៃគូអភិវឌ្ឍនានា ដែលមានចំនួនសរុប៤០០នាក់ ក្នុងនោះមានស្រីចំនួន៦២នាក់។ ជាលទ្ធផលកំណត់បាននូវបញ្ហាប្រឈម និងដំណោះស្រាយសមស្របសម្រាប់លើកទិសដៅអនុវត្តបន្ត។

 

ថ្លែងក្នុងអង្គសន្និបាត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមមតិយោបល់ជំនួយស្មារតីដោយសង្កត់ធ្ងន់ទៅលើគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រួមមាន៖
– ភាពជាតំណាងសាធារណៈ
– ស្វ័យភាពរបស់មូលដ្ឋាន
– ការពិគ្រោះយោបល់ និងការចូលរួម
– ការឆ្លើយតប និងគណនេយ្យភាព
– ការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅមូលដ្ឋាន
– ការលើកស្ទួយសមធម៌
– តម្លាភាព និងសុចរិតភាព
– វិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងការរំលោភអំណាច។

 

PVR-congress-4ខ្លឹមសាររបាយការណ៍បូកសរុបលទ្ធផលរបស់ឯកឧត្តម អ៊ុំ ម៉ារ៉ា ក្នុងនាមក្រុមប្រឹក្សាខេត្ត បានបង្ហាញថាលទ្ធផលនៃអង្គសន្និបាតពេលនេះ ខុសប្លែកពីបណ្តាឆ្នាំមុនៗ ដោយមានបែងចែកក្រុមពិភាក្សា មានការចូលរួមបញ្ចេញមតិយោបល់ និងទស្សនៈល្អៗ ពីគ្រប់ភាគីពាក់ព័ន្ធ ដែលឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមជាក់ស្តែង និងស្វែងរកដំណោះស្រាយសមស្រប។ លទ្ធផលសំខាន់គឺ៖ ១)-កំណត់បាននូវបញ្ហាគន្លឺះ ដែលពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ចំណាកស្រុកដោយគ្មានសុវត្ថិភាពតាមរយៈការឆ្លងដែនខុសច្បាប់ កង្វះខាតទឹកស្អាត ការយល់ដឹងអំពីអនាម័យ និងការថែទាំសុខភាព ការបោះបង់ការសិក្សារបស់កុមារា-កុមារី ហេដ្ឋារចនាសម្ព័ន្ធជនបទ ទំនាក់ទំនងរវាងអង្គការសហគមន៍មូលដ្ឋានជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងការអនុវត្តខ្លឹមសារប្រឡងប្រណាំងភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងរិះរកនូវវិធីសាស្ត្រសមស្របសម្រាប់កែលម្អការអនុវត្តនាពេលខាងមុខឲ្យកាន់តែប្រសើរឡើង និង២)-ផ្សព្វផ្សាយអំពីសមិទ្ធផលនិងលទ្ធផលសំខាន់ៗ របស់រដ្ឋបាលខេត្តក្នុងការអនុវត្តតួនាទី ភារកិច្ចរួមទាំងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ការអនុវត្តផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង(ផអ៣)នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ ក្នុងបរិបទកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការរួមចំណែករបស់មន្ទីរ អង្គភាព ស្ថាប័ន ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

 

PVR-congress-1ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានលើកឡើងនូវសំណូមពរចំនួន៨ចំណុច៖ ១)-ស្នើផ្តល់សំណង់អគារសាលាក្រុងស្រុកទាំង៨ និងបំពាក់សម្ភារៈបរិក្ខារសមស្រប ២)-ស្នើចាត់វិធានការជាបន្ទាន់ចំពោះរបាយការណ៍ស្តីពីបញ្ហា ប្ញភាពមិនប្រក្រតីដែលមេឃុំ ចៅសង្កាត់ ប្ញសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ដែលមិនអនុវត្តស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្ត ៣)-ផ្តល់អគាររដ្ឋបាលឃុំ និងសម្ភារៈបរិក្ខារ ព្រមទាំងមធ្យោបាយធ្វើដំណើរដល់ឃុំសង្កាត់ និងរដ្ឋបាលក្រុង ស្រុកនៅតំបន់ដាច់ស្រយាល ៤)-គាំទ្រការបណ្តុះបណ្តាលដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់លើការអភិវឌ្ឍសមត្ថភាពបុគ្គលនិងស្ថាប័ន ៥)-តម្លើងបា្រក់បៀវត្សរ៍ដល់ក្រុមប្រឹក្សា និងស្មៀនឃុំសង្កាត់ឲ្យបាន៥០% និងមេភូមិ១០០% ៦)-ក្រសួង ស្ថាប័នពាក់ព័ន្ធជួយពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៧)ការគាំទ្របន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាក្នុងការរៀបចំផែនការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយខេត្តព្រះវិហារឆ្នាំ២០១៣ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសអំពីសេចក្តីត្រូវការរបស់ស្ត្រី និងកុមារ និងការងារសេវាសង្គមប្រកបដោយសមធម៌ និង៨) ស្នើសុំដាក់បញ្ចូលបញ្ហាជនចំណាកស្រុកទៅក្នុងខ្លឹមសារប្រឡងប្រណាំងភូមិ ឃុំមានសុវត្ថិភាព។

 

ថ្លែងក្នុងឱកាសបិទអង្គសន្និបាត ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះវិហារ និងផ្តល់នូវអនុសាសន៍ ដោយផ្តោតសំខាន់ទៅលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសគ្រប់រូបភាព អនុវត្តគោលការណ៍កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈផអ៣ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ បំពេញតួនាទី ភារកិច្ចតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការល្អក្នុងការបង្ហាញនូវភាពលេចធ្លោនៃចលនាប្រឡងប្រណាំងភូមិ ឃុំមានសុវត្ថិភាព និងជំរុញកិច្ចអភិវឌ្ឍមូលដ្ឋានអោយមានភាពរីកចំរើនលើគ្រប់វិស័យ៕ អត្ថបទៈ នុត សាមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត រូបភាពៈ ម៉ុន ច័ន្ទម៉ូលី មន្ត្រីព័ត៌មានវិទ្យាខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់