សហភាព​អឺរ៉ុប​ ស្វែង​យល់​មតិ​យោបល់​ស្តី​ពី​ទំនាក់ទំនង​រវាង​សហភាព​អឺរុប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ និង​អាជ្ញាធរ​មូលដ្ឋាន​

ភ្នំពេញ ថ្ងៃទី១៣ កញ្ញា ២០១៣៖ សហភាពអឺរ៉ុប បានរៀបចំសិក្ខាសិលាស្វែងយល់មតិយោបល់ 

ស្តីពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបជាមួយអង្គការសង្គមស៊ីវិល និងអជ្ញាធរមូលដ្ឋាន…

 

ភ្នំពេញ ថ្ងៃទី១៣ កញ្ញា ២០១៣៖ សហភាពអឺរ៉ុបបានរៀបចំ សិក្ខាសិលា ស្វែងយល់មតិយោបល់ស្តីពី ទំនាក់ទំនងរវាង សហភាពអឺរ៉ុប ជាមួយអង្គការសង្គមស៊ីវិល និងអជ្ញាធរ មូលដ្ឋានក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជាអោយកាន់តែល្អ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ។

 

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីទំនាក់ទំនង របស់សហភាពអឺរ៉ុប ជាមួយអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម Jean-François Cautain  ឯកអគ្គរដ្ឋទូត នៃសភាពអឺរ៉ុបប្រចាំនៅ ប្រទេសកម្ពុជា បានលើកទឹកចិត្តដល់អ្នកចូលរួមដែលមាន  អង្គការសង្គមស៊ីវិល និងអជ្ញាធរមូលដ្ឋាន អោយនិយាយ ពីអ្វីដែលខ្លូនចង់បានក្នុងដំណើរការអភិវឌ្ឍក្នុងមូលដ្ឋាន។ 

 

លោកបានបន្ថែមថា៖ «មធ្យោបាយទំនាក់ទំនង ដែលចេញមកពីអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានគឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់គោលនយោបាយសហភាពអឺរ៉ុប និងសមាជិកផ្សេងទៀតនៃសហគមន៍អឺរ៉ុបក៏ដូចជាប្រទេសកម្ពុជាផងដែរ»។ 

លោកបន្តថា៖ «នេះគឺជាជាឱកាសដ៏ល្អមួយសម្រាប់អង្គការសង្គមស៊ីវិល និងអជ្ញាធរមូលដ្ឋាន ក្នុងការបញ្ចេញមតិយោបល់ដល់ការអភិវឌ្ឍ របស់សហភាពអឺរ៉ុបមកកាន់ប្រទេសកម្ពុជា។ យើងចង់បានមតិរបស់លោក លោកស្រីដើម្បីរឹតបន្តឹងចំណងមិត្តភាព សហភាពអឺរ៉ុប និងកម្ពុជាអោយកាន់តែល្អថែមទៀត ដើម្បីគាំទ្រប្រទេសកម្ពុជាក្នុងដំណើរការប្រធាធិបតេយ្យ និងមានការអភិវឌ្ឍជានិរន្ត»។

 

ការអភិវឌ្ឍប្រទេសគឺជារឿងសំខាន់ដែលត្រូវមានអ្នកចូលរួមពីសំណាក់ដៃគូគ្រប់មជ្ឈដ្ឋាន។ នៅក្នុងសិក្ខាសិលានោះក៏មានផងដែរនូវ ឯកសារគោលនយោបាយ ពីគណៈកម្មការសហគមន៍អឺរ៉ុបចំពោះសភាអឺរ៉ុប ក្រុមប្រឹក្សា គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមកិច្ចអឺរ៉ុប និងគណៈកម្មាធិការតំបន់ និយាយពីឬសគល់ នៃប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ការចូលរួមរបស់អឺរ៉ុបជាមួយ នឹងសង្គមស៊ីវិលនៅក្នុងទំនាក់ទំនងក្រៅប្រទេស ដែលចេញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣។ នៅរដ្ឋធានីប្រ៊ុយសែល បានលើកឡើងពីសារសំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការលើកស្ទួយគណនេយ្យភាពក្នុងស្រុកនៅថ្នាក់មូលដ្ឋាន និងជាតិផងដែរតាមរយៈការផ្គត់ផ្គង់ព័ត៌មានដោយសេរី ច្បាស់លាស់ និងមានលទ្ធភាពទទួលបានព័ត៌មានគ្រប់គ្រាន់។

 

ជាការពិតអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន មានលក្ខណៈចាំបាច់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងមានលទ្ធផលប្រកបដោយសមធម៌។ ម្យ៉ាងក្នុងដំណើរការធ្វើអោយមានអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋានបាននោះគឹចាំបាច់ត្រូវមានការចូលរួមរបស់ប្រជាជន។

 

នៅក្នុងឯកសារគោលនយោបាយពីគណៈកម្មការសហគមន៍អឺរ៉ុប ដាក់ជូនសភាអឺរ៉ុប ក្រុមប្រឹក្សា គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមកិច្ចអឺរ៉ុប នឹងគណៈកម្មាធិការ តំបន់និយាយពីការផ្តល់សិទ្ធិអំណាចដល់អជ្ញាធរមូលដ្ឋាននៅក្នុងប្រទេសដៃគូ ដើម្បីអភិបាលកិច្ចដែលត្រូវបានលើកកម្ពស់ និងលទ្ធផលអភិវឌ្ឍន៍ដែល កាន់តែមាន ប្រសិទ្ធភាព ដែលចេញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ នៅរដ្ឋធានីប្រ៊ុយសែល បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងលទ្ធភាពប្រើប្រាស់យន្តការគណនេយ្យភាព គឺមានសារសំខាន់ក្នុងការអភិវឌ្ឍដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។

 

ជាមួយគ្នានេះដែរ ដើម្បីអោយប្រជាពលរដ្ឋបានចូលរួចយ៉ាងសកម្មក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត អាជ្ញាធរមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ ដោយមានការទទូលខុសត្រូវខ្ពស់ ក្នុងការកៀរគរមតិសង្គមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍផ្សេងៗ៕ ដោយ៖ ជួន ចាន់ណា-NCDDS 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់