សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានរៀបចចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងយជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ

រសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ ក្រោអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ុប រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រមាណ៥០រូប ។

សូមជម្រាបផងដែរ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាឱកាសដ៏វិសេសវិសាលនេះនឹងរួមចំណែកធ្វើឱ្យស្ថាប័នទាំងពីរកាន់តែរីកចំរើន និងរឹងមាំថែមទៀតក្នុងជំនាញរៀងៗខ្លួនតាមរយៈការ​បង្កើនកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន ការស្រាវជ្រាវរួមគ្នា​ ការបណ្តុះបណ្តាលរួមគ្នា ការរៀបចំសិក្ខាសាលា ឬព្រឹត្តិការណ៍រួមគ្នា និងការផ្លាស់ប្តូរសាស្ត្រាចារ្យនិងមន្ត្រី  ដែលជាគោលបំណងដ៏សំខាន់បំផុតរបស់ស្ថាប័នទាំងពីរ ក្នុងការចុះអនុស្សរណៈនាពេលនេះ សំដៅរួមគ្នាធ្វើការស្រាវ​ជ្រាវ ផ្តល់ការបណ្តុះបណ្តាលដែលមានលក្ខណៈវិជ្ជាជីវៈ និងមានគុណភាពខ្ពស់ស្របតាមការអភិ​វឌ្ឍឥតឈប់ឈរនៃបច្ចេកវិទ្យានិងតម្រូវការរបស់ក្រុមគោលដៅទាំងអស់ ជាពិសេសក្រុមគោលដៅជាមន្រ្តីរាជការស៊ីវិលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គូសបញ្ជាក់ដែរថា ដើម្បីធានាប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាលដល់ក្រុមគោលដៅ សាលាជាតិរដ្ឋបាលមូលដ្ឋានតែឯងមិនអាចសម្រេចគោលបំណងនេះបានឡើយ ទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួ​យ​អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះតួនាទីរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺមិនអាចមើលរំលងបានឡើយ ដោយសារវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាវិទ្យាស្ថានដែលមានជំនាញជាក់លាក់ ច្បាស់លាស់ក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធការងារហិរញ្ញវត្ថុសម្រាប់ក្រុមគោលដៅជាមន្រ្តីរាជការទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ហើយការងារហិរញ្ញវត្ថុនេះមានសារៈសំខាន់ និងចាំបាច់ណាស់ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចដំណើរការដោយរលូនបាន។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់