សិទ្ធិ​ពិសេស​របស់​កុមារ​ ដែល​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ទាំងអស់​ត្រូវ​តែផ្តល់​អោយ​កុមារ​

ភ្នំពេញ ១០ កញ្ញា ២០១៣៖“សិទ្ធិកុមារ ស្មើនឹងសិទ្ធិមនុស្ស រួមនឹងសិទ្ធិពិសេស” នេះជាឃ្លាដែល លោក សុខ គា បានសង្កត់ធ្ងន់លើកឡើង ដើម្បីពន្យល់សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល…

 

ភ្នំពេញ ១០ កញ្ញា ២០១៣៖“សិទ្ធិកុមារ ស្មើនឹងសិទ្ធិមនុស្ស រួមនឹងសិទ្ធិពិសេស” នេះជាឃ្លាដែល លោក កែវ សុខ គា បានសង្កត់ធ្ងន់លើកឡើង ដើម្បីពន្យល់សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ (គ.ក.ន.ក) និងសេវាការពារកុមារនៅតាមសហគមន៍ ដែលបានរៀបចំដោយអង្គការមិត្តកុមារ-កម្ពុជា កាលពីព្រឹកថ្ងៃទី១០ដល់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣នេះ នៅសាលប្រជុំនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន របស់ក្រសូងមហាផ្ទៃ ។

កញ្ញា ជា ម៉ារ៉ា អ្នកគ្រប់គ្រងការបណ្តុះណ្តាល និងជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ បានប្រាប់អោយដឹងថា វគ្គបណ្តុះបណ្តាលរៀបចំធ្វើឡើងដើម្បី ពង្រឹងសមត្ថភាពដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារនៅសង្កាត់ ដើម្បីចូលរួម លុបបំបាត់ការបោះបង់កុមារ លុបបំបាត់ការកេងប្រវ័ញ្ចសិទ្ធិកុមារ និង លើកកម្ពស់ការថែទាំ ថែរក្សាកុមារអោយទទួលបាន សិទ្ធិពិតប្រាកដ ទាំងឡាយដែលគេមាន។ 

 

កញ្ញា ម៉ារ៉ា បានបន្ថែមថា “ជាទូទៅក្រុមប្រឹក្សាសង្កាត់ខ្លះ មិនបានយល់ច្បាស់ថា

គាត់មានទួនាទីសំខាន់ក្នុងមូលដ្ឋានរបស់ពួកគាត់ ក្នុងការផ្តល់សិទ្ធិផ្សេងៗ ដល់កុមារទេ។  មិនមែនថាពួកគាត់មិនចេះដឹងពីសិទ្ធិកុមារទេ តែពេលខ្លះគឺគាត់ មិនបានដឹងឬក៏ភ្លេច ដូច្នេះវគ្គបណ្តុះបណ្តាលនេះគឺជាទុន សំខាន់មួយសម្រាប់ គាត់”។

 

លោកកែវ សុខគា អគ្គនាយកក្រុមមេធាវី អេស ខេ&ភី កម្ពុជា ដែលជាគ្រូបណ្តុះបណ្តាលនេះ បានពន្យល់ពីសិទ្ធិកុមារ ជាច្រើនដល់សិក្ខាកាម។ ក្នុងនោះ លោកក៏បានជម្រាបដល់ក្រុមប្រឹក្សាទាំងអស់ថា កុមារគឺមានសិទ្ធិដូចជាមនុស្សធំដែរ ហើយថែមទាំងមានសិទ្ធិពិសេសដោយឡែកពីមនុស្សធំទៀត គឺសិទ្ធិធំៗ៤ដែលពួកគេត្រូវទទួលបានហើយកំនត់ដោយច្បាប់។ 

 

លោកក៏បានបន្ថែមដល់ក្រុមប្រឹក្សាសង្កាត់ដែរថា ក្រុមប្រឹក្សាគឺជាមនុស្សដ៏សំខាន់ម្នាក់នៅមូលដ្ឋាន ដែលអាចចូលរួមថែរក្សាការពារ និងផ្តល់សិទ្ធិអោយបានគ្រប់គ្រាន់ដល់កុមារ។ លោកបញ្ជាក់ថា “យើងមិនអាចរំលោភសិទ្ធិកុមារបានទេ បើទោះគេតូចតែគេមានសិទ្ធិច្រើនលើសមនុស្សធំទៅទៀត ហើយយើងជាមនុស្សធំគឺមានភារកិច្ចក្នុងការការពារ និងផ្តល់សិទ្ធិទាំងនោះដល់គេ”។

 

ក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមទាំងអស់ចំនួន២២នាក់ ដែលក្នុងនោះមាន៩នាក់ជាស្រ្តី ដែលមពីសង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ និងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

អ្នកស្រី ស្រី សុគន្ធា ជាសមាជិកអចន្រ្តៃយ៏គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ នៅសង្កាត់ផ្សារថ្មីទី២ បានប្រាប់ថា អ្នកស្រី មកចូលរួមវគ្គបណ្តុះបណ្តាល នេះ ដើម្បីចង់ទទួលបានចំណេះដឹងទាក់ទងនឹងសិទ្ធិកុមារបន្ថែមពីចំណេះ ដឹងដែលមានពីមុនអោយកាន់តែច្បាស់។ 

 

អ្នកស្រីក៏បានបញ្ជាក់ផងដែរថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានចូលរួមទទួលចំណេះដឹងនេះ ហើយបានជួបជាមួយក្រុមប្រឹក្សាសង្កាត់ដទៃទៀត ដែលអាចសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក”។

 

អ្នកស្រី ស្រី សុគន្ធា បានបញ្ជាក់ប្រាប់ដោយរីករាយថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយ អ្នកស្រីនឹងយកចំណេះដឹងដែលទទួលបាន យកទៅអនុវត្តបន្ថែមក្នុងសង្កាត់លើអ្វីដែលខ្វះខាត។ 

 

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី សិទ្ធិកុមារ ការអភិវឌ្ឍកុមារ និងជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយកុមារ និងនីតិវិធីក្នុងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ ដោយមានអ្នកជំនាញមកពីស្ថានប័នដែលពាក់ព័ន្ធផ្សេងៗ ហើយនឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ នៅគ្រប់សង្កាត់ និងខេត្តកណ្តាល នាពេលខាងមុខ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់