អជ្ញាធរខេត្តបន្ត ចុះផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នៅក្រុងតាខ្មៅ

ការចំណាកស្រុក បានផ្ដល់ឱកាស និងជាប្រយោជន៍ជាច្រើនដល់យុវជន ក៏ប៉ុន្តែវាក៏បានផ្ដល់គ្រោះថ្នាក់ផងដែរ ប្រសិនបើអ្នកមិនបានដឹងអំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាពនោះទេ ដូច្នេះ ត្រូវចាំថាបើអ្នកចង់ធ្វើចំណាកស្រុកទៅប្រទេស អ្នកត្រូវទៅដោយស្របច្បាប់ទើបមិនមានជួបហានិភ័យផ្សេងៗ។

នេះជាការលើកឡើងរបស់ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ដែលវេទិកានេះត្រូវបានរៀបចំឡើង នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២០ នេះ ដោយមានការចូលរួមពី លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងខេត្តកណ្ដាល អភិបាលរងក្រុង មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពលករ ពលការិនីជាង ៦០ នាក់។

លោកជំទាវ បានឲ្យដឹងថា ដើម្បីធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ គឺពលករពលការនីត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ហើយត្រូវទៅជួបជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធពីព្រោះកន្លែងនោះអាចជួយអ្នករកការងារ និងអាចជួយចុះឈ្មោះអ្នកជាមួយក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់ ដែលទទួលស្គាល់ដោយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ត្រូវមានលិខិតឆ្លងដែន និងមានឯកសារពាក់ព័ន្ធនានា។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានពន្យល់ណែនាំប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ដឹងអំពីកិច្ចការពារ និងអប់រំកូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឲ្យចាញ់បោកកលល្បិចជនខិលខូចមួយចំនួន ដែលជាមូលហេតុធ្វើឲ្យពួកគាត់ងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ និងកម្លាំងពលកម្មផងដែរ។ ពីព្រោះថា បច្ចុប្បន្ននេះជនល្មើសកាន់តែមានល្បិចកលខ្ពស់ ហើយរូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរកេងប្រវ័ញ្ច កម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ គឺថែមទាំងមានជួញដូរសិរីរាង្គ និងបទល្មើសរត់ពន្ធ ជួញដូរទារកឆ្លងដែន ដែលហៅថាបទអន្តរការី នៃអំពើពរពោះជំនួស ដែលបញ្ហានេះគឺជាកង្វល់របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលាចៀសវាងការរីករាលដាលបទល្មើសនិងបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងច្រើនឡើងៗ។

ក្នុងវេទិកានេះ លោកស្រីវរសេនីយ៍ឯក ឈឹម វ៉ាន់នី ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយច្បាប់ ជូនដល់អ្នកចូលរួមទាំងអស់ ដោយបញ្ជាក់ជូននូវមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនិង ការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឲ្យមានកើតបទល្មើសដោយចេតនាផងដែរ។ យោងតាមមាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទបានចែងថា ​ជន​ណា​ដែល​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ក្នុង​គោលដៅ​ប្រគល់​ ឬ​ នាំ​យក​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ឆ្នាំ​ដល់​១៥​ ឆ្នាំនិង ​ផ្ដន្ទាទោសឧក្រិដ្ឋជន ​ដាក់​ពន្ធនា​គារ​ពី​ ១៥​ ឆ្នាំ​ ទៅ​ ២០​ឆ្នាំ​ ក្នុង​ករណី​ដែល ជនជនរងគ្រោះជាអនីតិជន។

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់