អភិបាលខេត្តមណ្ឌលគិរី ជំរុញដល់អភិបាលក្រុង ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប់បទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជំនាញ និងអភិបាលក្រុង/ស្រុកទាំង ០៥ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធ គឺជាបញ្ហាដ៏ស្មុគស្មាញ ដូច្នេះ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់អង្គភាពជំនាញ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើយ៉ាងណា រួមគ្នាថែរក្សា ការពារធនធានធម្មជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស។

បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សាការពារបង្គោលព្រំដែន។ ម្យ៉ាងទៀត ក៏ស្នើដល់សមត្ថកិច្ច និងមន្រ្តីជំនាញ ត្រូវសហការគ្នា យកចិតទុកដាក់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអាមនានា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីធ្វើយ៉ាងណា ឲ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់