JICA និង​លេខាធិការដ្ឋាន គ.ជ.អ.ប អនុម័ត​ផែនការ​អនុវត្ត​សកម្មភាព​គម្រោង​PILAC2ដំណាក់​កាល​ទី៤

ភ្នំពេញ ៧ មិថុនា ២០១៣៖ JICA និងលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ បានអនុម័តផែនការអនុវត្តសកម្មភាពគម្រោងសម្រាប់កិច្ចអភិវឌ្ឍ សមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2) ដំណាក់កាលទី៤ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលចម្រុះ (JCC) លើកទី៤នៃគម្រោង PILAC 2…

ភ្នំពេញ ៧ មិថុនា ២០១៣៖ JICA និងលេខាធិការដ្ឋាន

គ.ជ.អ.ប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ បាន

អនុម័តផែនការអនុវត្តសកម្មភាពគម្រោងសម្រាប់កិច្ច

អភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការ

នៅថ្នាក់រាជធានី ខេត្ត (PILAC2) ដំណាក់កាលទី៤

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្រប

សម្រួលចម្រុះ (JCC) លើកទី៤នៃគម្រោង PILAC 2 ។

ការអនុម័តផែនការអនុវត្តសកម្មភាពគម្រោង PILAC2

ដំណាក់កាលទី៤នេះធ្វើឡើងបន្ទាប់ពី ផែនការអនុវត្ត

សកម្មភាពគម្រោង PILAC2ដំណាក់កាលទី៣ ត្រូវបាន

អនុវត្តបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ ២០១៣នេះ។

លោក Hiroshi Izaki ប្រធានអង្គការ JICA ការិយាល័យប្រចាំកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ រៀបចំតាក់តែងអនុក្រឹត្យ និងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយបន្តអនុវត្តផែនការនេះរយៈពេល១ឆ្នាំទៀត។

ដូចដែលបានចែងនៅក្នុងច្បាប់រៀបចំអង្គការ ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាឯកសារមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសដល់ការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។

លោក Hiroshi Izaki បានថ្លែងបន្តថា JICA កំពុងអនុវត្តគម្រោង PILAC2 ជាមួយ គ.ជ.អ.ប ដើម្បីឲ្យក្រុមប្រឹក្សា និងមន្ត្រីថ្នាក់រាជធានី ខេត្តអាចរៀបចំ និងគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។ «យើងបានអនុវត្តដោយជោគជ័យនូវដំណាក់កាលទី១ ទី២ និងទី៣នៃគម្រោងPILAC2នេះ»។

បន្ទាប់មក ឯកឧត្តម លេង វី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញរបាយការណ៍ និងលទ្ធផលគម្រោងក្នុងដំណាក់កាលទី៣ រួមមាន៖

  • ការកំណត់បានបញ្ហា និងដំណោះស្រាយនានាទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស
  • ការរៀបចំនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ចាត់ចែង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ
  • ការលើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រង ចាត់ចែង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ដោយលើកឡើងនូវសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងការអនុវត្តសកម្មភាពគម្រោងPILAC2ដំណាក់កាលទី៣ រួមមាន៖

  • សេចក្តីព្រាងសេចក្តីណែនាំបច្ចេកទេស និងសៀវភៅណែនាំសម្រាប់ការបណ្តុះបណ្តាលស្តីពីផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ត្រូវបានរៀបចំកែសម្រួលដោយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប។
  • ការរៀបចំឲ្យមានទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនកាលពីខែតុលា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលសាធារណៈមូលដ្ឋាននៅខេត្តក្យូតូ ដោយមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ចំនួន០៨រូប មកពីក្រសួងមហាផ្ទៃ ក្រសួងផែនការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមកពីថ្នាក់ខេត្ត (ខេត្តសៀមរាប និងខេត្តព្រះសីហនុ)។
  • ការវាយតម្លៃពាក់កណ្តាលគម្រោងត្រូវបានរៀបចំឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២  ដែលក្នុងនោះ ក្រុមការងារវាយតម្លៃបានធ្វើការកោតសរសើរចំពោះវឌ្ឍនភាពជាវិជ្ជមានរបស់គម្រោងPILAC2 នៅក្នុងអំឡុងពេលពាក់កណ្តាលអាណត្តិនៃគម្រោង។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម សក់ សេដ្ឋា  បានសង្កត់ធ្ងន់លើបញ្ហាដែលនៅសេសសល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ រួមមាន៖

  • ការរៀបចំដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំបច្ចេកទេសស្តីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ដែលបានកែសម្រួលនេះឲ្យបានមុនការចាប់ផ្តើមដំណាក់កាលទី៤។
  • ការអនុម័តជាបន្ទាន់នូវសៀវភៅណែនាំសម្រាប់ការបណ្តោះបណ្តាលស្តីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ  និងកិម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ដែលបានកែសម្រួល បន្ទាប់ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសេចក្តីណែនាំបច្ចេកទេស។

គួរបញ្ជាក់ថា ដំណាក់កាលទី៤នៃគម្រោង PILAC2  គឺជាដំណាក់កាលចុងក្រោយនៃគម្រោង ដែលនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីខែសីហា ឆ្នាំ២០១៣ នេះតទៅ។ សកម្មភាពនៅក្នុងដំណាក់កាលទី៤នេះគឺជាការរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាល ដែលខ្លឹមសារនៃកម្មវិធីបណ្តុះបណ្តាលនេះនឹងរៀបចំឡើងដោយផ្អែកលើសេចក្តីណែនាំបច្ចេកទេស និងសៀវភៅណែនាំសម្រាប់ការបណ្តុះបណ្តាលដែលបានកែសម្រួលថ្មីខាងលើ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់