វេទិកាស្តីពី«បញ្ហាប្រឈមនិងកាលានុវត្តភាពសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»

រាជធានីភ្នំពេញ៖ ​នាថ្ងៃទី១០ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំវេទិកាស្តីពី « បញ្ហាប្រឈមនិងកាលានុវត្តភាពសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ​​។

ក្នុងវេទិការនេះ​ មានការធ្វើ​បទឧទ្ទេសនាមផ្ទាល់ដោយឯកឧត្តមរដ្ឋលេខាធិការ ដោយមានសិក្ខាកាមចូលរួមជា​​​ថ្នាក់ដឹកនាំ​​ក្រសួងមហាផ្ទៃ អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ត្រីរាជការ ប្រមាណ ៣០០នាក់។

ក្នុងបទឧទ្ទេសនាម ​​ឯកឧត្តម សក់ សេដ្ឋា ​បាន​មានប្រសាសន៍​ពន្យល់​ដោយសង្ខេប​អំពីសាវតារនៃការរៀបចំប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ជាពិសេសស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជាមូលដ្ឋានចំណេះដឹងសម្រាប់ការពិចារណាទៅលើ​បញ្ហាប្រឈម និងកាលានុវត្តភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ​។​ ឯកឧត្តម បានមានប្រសាសន៍ថា​​ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិនៅកម្ពុជាមានប្រវត្តិយូរណាស់មកហើយ ជាពិសេស​ក្រឹត្យច្បាប់គ្រប់គ្រងឃុំនៅឆ្នាំ១៩១៩ ដែលបានកំណត់ឱ្យមានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងអនុញ្ញាតិឱ្យ ឃុំ​មានមុខងារ និងធនធានរបស់ខ្លួន ដែលការរៀបចំនេះមានលក្ខណៈប្រហាក់ប្រហែលនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បច្ចុប្បន្ននេះដែរ។ ការរៀបចំប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ទៅតាមរបបនយោបាយនៃសម័យកាលនីមួយៗ ហើយតាមរយៈនេះការរៀបចំដែនដី​នៅកម្ពុជាក៏មានការប្រែប្រួលជាបន្តបន្ទាប់។ បើគិតចាប់ពីឆ្នាំ១៩៧៩ ការរៀបចំដែនដីមានការប្រែប្រួល​​​ចំនួន៤លើក​ តាមរយៈការរៀបចំរដ្ឋធម្មនុញ្ញនិងឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែល​រួមមាន​រដ្ឋធម្មនុញ្ញឆ្នាំ១៩៨១ រដ្ឋធម្មនុញ្ញឆ្នាំ១៩៨៩ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣​ និង​​វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៨។​ ដោយឡែក វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ​​បានកំណត់ការបែងចែកដែនដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានីភ្នំពេញ និងខេត្ត។ រាជធានីភ្នំពេញចែកជា ខណ្ឌ។ ខណ្ឌចែកជា សង្កាត់។ ខេត្តចែកជា ក្រុង និងស្រុក។ ក្រុងចែកជាសង្កាត់។ ស្រុកចែកជា ឃុំ​ និងជាសង្កាត់។​ គោលបំណងនៃការរៀបចំដែនដីឡើងវិញនៅក្នុងឆ្នាំ២០០៨ គឺសំដៅរៀបចំប្រព័ន្ធគ្រប់គ្រងថ្មីតាមបែបវិមជ្ឈការ​និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយពិចារណាអំពីស្ថានភាពខុសៗគ្នានៃការរីកចំរើននៅក្នុងដែនដីប្រភេទនីមួយៗ។ ដោយឡែកក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០០២ និងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌនៅឆ្នាំ២០០៩ រដ្ឋបាល​ថ្នាក់ក្រោមជាតិនៅកម្ពុជាបានប្រែក្លាយពីអង្គភាពខ្សែបណ្តោយរបស់ក្រសួងមហាផ្ទៃ មកជានីតិបុគ្គលនៃនីតិសាធារណៈ ដែលមានក្រុមប្រឹក្សាកើតឡើងពីការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់ជាតំណាង។ ក្នុងន័យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ​ជាអង្គភាពមានស្វ័យភាព មានសិទ្ធិអំណាច មានមុខងារនិងធនធានរបស់ខ្លួន ដែលត្រូវធ្វើសកម្មភាព​ដោយមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ការរៀបចំរចនាសម្ព័ន្ធថ្មី និង​របៀបរបបការងារថ្មីនៅរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ខ្សែគណនេយ្យភាពក៏ត្រូវផ្លាស់ប្តូរផងដែរ នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់តួអង្គនានានៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ជារួម ខ្សែគណនេយ្យភាពនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចែកជាបីប្រភេទគឺ​​ គណនេយ្យភាពពីលើចុះក្រោម ដែល​​ក្រុមប្រឹក្សាត្រូវមានចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានដែលជាម្ចាស់​បោះឆ្នោត។​គណនេយ្យភាព​ពីក្រោមឡើងលើ ​គឺជាគណនេយ្យភាពដែល​ក្រុមប្រឹក្សាត្រូវមានចំពោះរាជ​រដ្ឋាភិបាល ក្នុងការអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។​​ ​​គណនេយ្យភាពផ្ទៃក្នុង ​ជាគណនេយ្យភាពតាមឋានានុក្រមនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាល​​ក្រុង ស្រុក ខណ្ឌ។

ឯកឧត្តមរដ្ឋលេខាធិការ បាន​មានប្រសាសន៍​ពន្យល់​បន្ថែមថា ការរៀបចំរចនាសម្ព័ន្ធ និងរបៀបរបបការងារថ្មីនៅរដ្ឋបាល​ក្រុង ស្រុក ខណ្ឌតាមគោលការណ៍នៃរដ្ឋបាលឯកភាពនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ត្រូវបានដាក់ឱ្យដំណើរការអស់រយៈពេលប្រមាណជិត១០ឆ្នាំកន្លងមកហើយ។ ក្នុងរយៈពេលនេះ មានសមិទ្ធផលនានាជាច្រើនដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌទទួលបាន ទាំងសមិទ្ធផលផ្នែកនយោបាយ និងផ្នែកអភិបាលកិច្ច។ ​ក៏ប៉ុន្តែទន្ទឹមនឹងសមិទ្ធផលទាំងនេះ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌក៏នៅជួបប្រទះបញ្ហាប្រឈមមួយសំខាន់ៗ​មួយ​ចំនួនជាអាទិ៍​៖

ការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌនៅពុំទាន់ឆ្លើយតប គណនេយ្យភាព និងតម្លាភាព ស្របតាមស្មារតីនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បណ្ដាលមក​ពី​ការដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅរក្សាទម្លាប់ចាស់ ពុំទាន់ឆ្លើយតបទៅនឹងបរិបទថ្មី ព្រមទាំង​​​ការបម្រើសេវាសាធារណៈនៅមានកម្រិត ពុំទាន់​ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍមូលដ្ឋាននៅមានកម្រិតនៅឡើយ​។

រចនាសម្ព័ន្ធ/របៀបរបបការងារនៅពុំទាន់មានប្រសិទ្ធភាព។ រចនាសម្ព័ន្ធ និងរបៀបរបបការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវបានរៀបចំឡើងតាមការណែនាំនៃលិខិតបទដ្ឋានពាក់ព័ន្ធ ក៏ប៉ុន្តែ​ការអនុវត្តជាក់ស្តែងនៅមានការឆកល្វែងមួយចំនួន ដែលបណ្តាឱ្យ​ដំណើរការ​ការងារនៅ​រដ្ឋបាលក្រុង ស្រុក ខណ្ឌហាក់ពុំទាន់ភាពរលូនតាមការចង់បាន។​

បញ្ហាកង្វះមន្ត្រី និង​​បុគ្គលិកនៅតាម​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ​ការ​មកបំពេញការងារពេញលេញជាប្រចាំ ​សមត្ថភាពរបស់មន្រ្តីក៏នៅមានកម្រិត ដោយសារពុំទាន់ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញសមស្របនៅឡើយ ដោយ​មិនទាន់និយាយ​ដល់​កង្វះ​ការតាំងចិត្ត និងឆន្ទៈរបស់មន្ត្រី​មួយចំនួន​ ដែលអាចបណ្តាលមកពីខ្វះការលើកទឹកចិត្តទាំងផ្នែកស្មារតី និងបៀវត្សនៅមានកម្រិតជាដើម។

បញ្ហាប្រឈមពាក់ព័ន្ធនឹងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ រហូតមកទល់ពេលនេះ មុខងារដែលបានផ្ទេរទៅរដ្ឋបាល​ក្រុង ស្រុក ខណ្ឌនៅមានចំនួននិងទំហំតិចតួចនៅឡើយ ដែលមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង​នៅមូលដ្ឋាន និងពុំអាចធ្វើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានលទ្ធភាពក្នុងការធ្វើគណនេយ្យភាពប្រកបដោយប្រសិទ្ធភាពចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានបានឡើយ។

បញ្ហាប្រឈមពាក់ព័ន្ធថវិកាក្រុង ស្រុក ខណ្ឌ។ បច្ចុប្បន្ន ចំណូលភាគច្រើនបំផុតរបស់រដ្ឋបាល​ក្រុង ស្រុក បានមកពីមូលនិធិក្រុង ស្រុក ដែលជាថវិកាផ្ទេរពីថ្នាក់ជាតិសម្រាប់ប្រតិបត្តិការការងារនិងការអភិវឌ្ឍនៅមូលដ្ឋានក្រុង ស្រុក ដែល​នៅមានកម្រិតតិចតួច និង​ពុំទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាននៅឡើយ។ ដោយឡែក ចំណូលនៅមូលដ្ឋានដែលអាចរួមមាន​ ពន្ធមូលដ្ឋាន និងឬកម្រៃសេវាជាដើមនៅមានកម្រិតតិចតួចណាស់។​
ឯកឧត្តមរដ្ឋលេខាធិការ បាន​មានប្រសាសន៍​ពន្យល់​បន្ថែមថា ទន្ទឹមនឹងបញ្ហាប្រឈមខាងលើ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានចាត់ទុកថា ជាថ្នាក់រដ្ឋបាលដែលមានកាលានុវត្តភាពសមស្របទាំងក្នុងការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព បរិយាប័ន្ន និងចីរភាព ដោយសារ​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជារដ្ឋបាលដែលនៅកៀកប្រជាពលរដ្ឋ ជាងរដ្ឋបាលរាជធានី ខេត្ត និងថ្នាក់ជាតិ។ ជាងនេះទៅទៀត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជារដ្ឋបាលដែលមានសក្តានុពល ក្នុងការផ្តល់សេវានិងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ដោយផ្អែកទៅលើកត្តាសមត្ថភាពនិងសេដ្ឋកិច្ច។

​ក្រៅពីកាលានុវត្តភាពខាងលើ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ក្នុងការខិតខំប្រែក្លាយក្រុង ស្រុក ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានដ៏ពិតប្រាកដមួយ ប្រកប​ដោយសក្តានុពល។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនិងការតាំងចិត្តខ្ពស់​ជំរុញការផ្ទេរមុខងារជាក់លាក់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ​បង្កើនទំហំថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ​ធ្វើសមាហរណកម្មការិយាល័យជំនាញ​ទៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអភិវឌ្ឍមូលដ្ឋានកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងឆ្លើយតប និង​ការ​​ពង្រឹងការតាមដាននិងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាថា រដ្ឋបាលក្រុង ស្រុក ខណ្ឌមានសមត្ថភាពពិតប្រាកដក្នុងការបំពេញតួនាទី ភារកិច្ច និង​អាច​អនុវត្តមុខងារដែលបានផ្ទេរកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាព គណនេ7យ្យភាព បរិយាប័ន្ន និងចីរភាព

ឯកឧត្តមរដ្ឋលេខាធិការ បាន​មានប្រសាសន៍ធ្វើសេចក្ដីសន្និដ្ឋាន​ថា ​ដើម្បីរួមគ្នាជំនះនូវរាល់បញ្ហាប្រឈមនានា ក៏ដូចខិតខំប្រើប្រាស់ឱ្យអស់លទ្ធភាពនូវកាលានុវត្តភាពដែលរដ្ឋបាល​ក្រុង ស្រុក ខណ្ឌមាន ដើម្បីគ្រប់គ្រងចាត់ចែងកិច្ចការនានានៅមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវគោលបំណងក្នុងការបង្កើត ជំរុញ និងធ្វើឱ្យចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដោយក្នុងនោះត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗជាអាទិ៍៖ ការ​ខិតខំពង្រឹងរបៀបរបបការងារនៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការ​ខិតខំលើកទឹកចិត្តនិងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តី ការ​កែប្រែឥរិយាបថក្នុងការដឹកនាំគ្រប់គ្រងមូលដ្ឋានស្របតាមបរិបទថ្មី ការ​ខិតខំជំរុញការចូលរួមពីប្រជាពលរដ្ឋនិងសហគមន៍ និង​ការ​​មានគំនិតច្នៃប្រឌិតនិងទស្សនវិស័យវែងឆ្ងាយសម្រាប់ការបម្រើសេវាសាធារណៈក៏ដូចការអភិវឌ្ឍមូលដ្ឋាន។

   

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់