កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍ សមត្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាលសម្រាប់ការពង្រឹងរដ្ឋបាល ថ្នាក់ក្រោមជាតិ (PCDTM)

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាល សម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ (PCDTM) តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងលោកស្រី កាម៉េអ៊ី ហារុកុ (KAMEI Haruko) ប្រធានតំណាងអង្គការចៃកា (JICA) ប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះក៏មាន ការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, តំណាងក្រសួងមុខងារសាធារណៈ, តំណាងសាលាភូមិន្ទរដ្ឋបាល, តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប រួមទាំងមន្រ្តីជាន់ខ្ពស់ និងទីប្រឹក្សាជាន់ខ្ពស់នៃអង្គការចៃកា (JICA) ប្រចាំនៅកម្ពុជា សរុប១៧រូប។ សូមគូសបញ្ជាក់ជូនថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន អង្គការចៃកា (JICA) បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រង វគ្គបណ្តុះបណ្តាលសម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

    

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់