កិច្ច​ប្រជុំ​សម្រប​សម្រួល​អន្តរវិស័យថ្នាក់ខេត្ត

ខេត្តរតនៈគិរី ៧ វិច្ឆិកា ២០១៣៖ស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) ទីចាត់ការផែនការ និងវិនិយោគខេត្តរតនៈគិរី បានរៀបចំកិច្ចប្រជុំសម្របសម្រួលអន្តរវិស័យថ្នាក់ខេត្ត…

 

ខេត្តរតនៈគិរី ៧ វិច្ឆិកា ២០១៣៖ ស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) ទីចាត់ការផែនការ និងវិនិយោគខេត្តរតនៈគិរី បានរៀបចំកិច្ចប្រជុំសម្របសម្រួលអន្តរវិស័យថ្នាក់ខេត្ត ប្រចាំត្រីមាសទី៣ស្តីពីការ លើកកម្ពស់ការងារសេវាសង្គម នៅថ្នាក់ឃុំ សង្កាត់  កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនៈភាព និងបញ្ហា ប្រឈម នានាក្នុងការអនុវត្តផែនការសកម្មភាព ថវិការ និងការគាំទ្រដល់ការផ្តល់សេវាសង្គមព្រមទាំងដើម្បីពង្រឹងកិច្ចសហការ រវាងស្ថាប័ន ពាក់ព័ន្ធនានា។


 

កិច្ចប្រជុំរយៈពេលមួយថ្ងៃដែលធ្វើឡើងនៅសាលប្រជុំរបស់សាលាខេត្តនេះ មានអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាវ ហមផាន អភិបាលខេត្តរតនគិរី ព្រមទាំងគណៈកម្មាការពិគ្រោះស្រ្តី និងកុមារ មន្រ្តីសេវាសង្គមថ្នាក់ខេត្តនិងក្រុង ស្រុក ទីប្រឹក្សា ផអ៣ ថ្នាក់ខេត្ត និងក្រុងស្រុក តំណាងអង្គការ សង្គមស៊ីវិល និងដៃគូពាក់ព័ន្ធនានាសរុបចំនួន៤៤នាក់ ក្នុងនោះមានស្រី្តចំនួន១៤នាក់។

 

ឯកឧត្តម ប៉ាវ ហមផាន អភិបាលខេត្តរតនៈគិរី មានប្រសាសន៍ក្នុងកិច្ចប្រជុំថា កិច្ចពិក្សានេះធ្វើឡើងដើម្បី ចង់អោយមានការពិភាក្សា ពីដៃគូពាក់ព័ន្ធផ្នែកសេវាសង្គម សំណូមពរ និងដំណោះស្រាយផ្សេងៗដើម្បី ក្នុងបំណងគាំទ្រដល់ការអនុវត្តសកម្មភាពថវិកាពីការងារ សេវាសង្គម។

 

ឯកឧត្តមបានបន្ថែមថា៖«យើងសង្ឃឹមថាកិច្ចប្រជុំនេះនឹងអាចជាជំនួយគាំទ្រការអនុវត្តការងារផ្នែកសេវាសង្គម នៅថ្នាក់មូលដ្ឋានឲ្យ កាន់តែមានលក្ខណៈល្អប្រសើរដើម្បីលើកស្ទួយសុខមាលភាព ជីវភាពរស់នៅ សំដៅរួម ចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋក្នុងខេត្ត»។

 

ក្នុងកិច្ចប្រជុំពិភាក្សានេះក៏មានការធ្វើបទបង្ហាញនានាទាក់ទងនឹងការវិវឌ្ឍរបស់ការផ្តល់សេវាសង្គម និងបញ្ហា ប្រឈមនានាផងដែរ។

 

បើទោះជាកិច្ចប្រជុំនេះមានរយៈពេលខ្លី ជារួមយើងពិនិត្យឃើញថា សមាជិក សមាជិកា នៃកិច្ចប្រជុំទាំងមូល បានចូលរួមផ្លាស់ប្តូរគំនិត យោបល់យ៉ាងផុលផុស ម្នាក់ៗបានយល់ដឹងអំពីវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា និងបានលើកឡើងនូវដំណោះស្រាយ ក៏ដូចជា អនុសាសន៍ល្អៗក្នុងការកែលម្អរការអនុវត្ត និងគាំទ្រការងារ សេវាសង្គមនៅថ្នាក់មូលដ្ឋានឃុំសង្កាត់ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ លើសពីនេះទៀត ការរៀបចំឲ្យមាន កិច្ចប្រជុំនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបានផ្តល់ ឱកាសពេញលេញក្នុងការចែករម្លែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍នានាដែលខ្លួនមាន ក្នុងគោលបំណងចូលរួមចំណែក លើកកម្ពស់ការងារសេវាសង្គម នៅថ្នាក់ឃុំ សង្កាត់ ឲ្យកាន់តែមានភាពប្រសើរឡើង  ៕ អត្ថបទដោយ៖ លោក នាង សំអាត ទីប្រឹក្សាអភិវឌ្ឍសមត្ថភាពថ្នាក់ខេត្ត។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់