ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ​ដំបូង នៃកម្មវិធីជាតិ​ត្រូវ​បាន​ពន្យារ​ពេល​១​ឆ្នាំ​ទៀត

ភ្នំពេញ ៧ វិច្ឆិកា ២០១៣៖ ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំទៀត រហូតដល់..

ភ្នំពេញ ៧ វិច្ឆិកា ២០១៣៖ ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំទៀត រហូតដល់ឆ្នាំ២០១៤ ដោយសារនៅមានសកម្មភាពសេសសល់មួយចំនួនទៀត ដែលតម្រូវឲ្យអនុវត្តបញ្ចប់ក្នុងដំណាក់កាលដំបូងនៃកម្មវិធីជាតិនេះ។

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពន្យារពេលផអ៣ នៃកម្មវិធីជាតិ នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ ដើម្បីផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់ពិភាក្សា និងពិនិត្យ មើលឯកសារផែនការនានាទាក់ទងនឹងការពន្យារពេល ផអ៣ នេះ។

 

សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីតំណាង ស្ថាប័នដែលអនុវត្តផអ៣ តំណាងក្រសួងពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តំណាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងដៃគូពាក់ព័ន្ធនានា ដែលមានចំនួនសរុប១៣០នាក់ ក្នុងនោះស្រី២៤នាក់។ 

 

សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយមានគោលបំណងសំខាន់ ដើម្បីផ្ដល់លទ្ធភាពដល់អ្នកពាក់ព័ន្ឋទាំងអស់ មានឱកាសពិនិត្យ ពិភាក្សាឡើងវិញ និងឯកភាពលើអាទិភាពដែលបានកំណត់ដោយភាគីពាក់ព័ន្ធទាំងអស់ក្នុងដំណើរការរៀបចំឯកសារ ពន្យារពេលផអ៣ឆ្នាំ២០១៤ និងដើម្បីកំណត់យុទ្ធសាស្ដ្រ និងសកម្មភាពចម្បងៗ ដើម្បីធានាឲ្យសម្រេចបាននូវបណ្តាអាទិភាពឆ្នាំ២០១៤ ព្រមទាំងដើម្បីផ្តល់អនុសាសន៍បន្ថែម និងបញ្ជាក់នូវធនធាន និងតម្រូវការនានាដើម្បីគាំទ្រដល់ការអនុវត្ត ការពន្យារពេលផអ៣ក្នុងឆ្នាំ២០១៤។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍បើកអង្គ   សិក្ខាសាលាថា បើទោះជាកន្លងមកនេះ ផអ៣ បានសម្រេចនូវ សមិទ្ធផលជាច្រើនគួរជាទីមោទនក្តី ក៏នៅមានសកម្មភាព សេសសល់មួយចំនួនទៀត ដែលតម្រូវឲ្យអនុវត្តបញ្ចប់ក្នុង ដំណាក់កាលដំបូងនៃកម្មវិធីជាតិ រយៈពេល១០ឆ្នាំ។ 

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា៖« ជារួម ផអ៣ ត្រូវបាន វាយតម្លៃជាទូទៅថា ជាផែនការដែលបានរៀបចំឡើងប្រកប ដោយភាពមហិច្ឆតា និងដោយមានភាពយឺតយ៉ាវខ្លះក្នុងការ អនុវត្តកាលពីឆ្នាំ២០១១ និងផ្អែកតាមលទ្ធផលនៃការសិក្សាវាយ តម្លៃពាក់កណ្តាលអាណត្តិនៃផអ៣ ព្រមទាំងមានការឯកភាព គ្នាពីភាគីពាក់ព័ន្ធ បានតម្រូវអោយយើងធ្វើការពន្យារពេលនៃ ការអនុវត្តផអ៣នេះរយៈពេល១ឆ្នាំបន្ថែមទៀត»។

 

 

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពិភាក្សាពីដៃគូអ្នកពាក់ព័ន្ធនានា ដោយមានបែងចែកជា៤ក្រុមផ្សេងៗគ្នា និងមានការ ពិភាក្សាសំខាន់ៗលើសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០១៤ ដូចជាការពង្រឹងការបញ្រ្ជាបយេនឌ័រ និងការប្រែប្រួលអាកាសធាតុក្នុងការ អនុវត្តផអ៣ សម្រាប់ឆ្នាំ២០១៤ របស់ក្រសួងស្ថាប័នដែលអនុវត្តផអ៣ (អនុកម្មវិធីទាំង៦) ព្រមទាំងកត្តាជាគន្លឹះដែលធានាដល់ការពង្រឹងភាពជាម្ចាស់ផ្នែកស្ថាប័ន ក្នុងការអនុវត្តការពន្យារពេលផអ៣ឆ្នាំ២០១៤ និងបញ្ហាប្រឈមនានា ព្រមទាំងសំណើដំណោះស្រាយ។

 

បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានបញ្ចប់ តំណាងក្រុម នីមួយៗ ឡើងធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សា។ ជារួមក្រុមនីមួយៗមានការឯកភាពច្រើនលើឯកសារដែលគ្រោងក្នុងការពន្យារពេលផអ៣ ប៉ុន្តែនៅមានចំនុចមួយចំនួនដែលក្រុមទាំងអស់ស្នើអោយថ្នាក់ដឹកនាំពិចារណាកែតម្រូវ និងថែមនូវចំនុចមួយចំនួន។ 

 

 

បន្ទាប់ពីតំណាងក្រុមនីមួយៗធ្វើបទបង្ហាញរួចមក ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ឆ្លើយតបក្រុមនីមួយៗ ដោយទទួលយក មតិយោបល់ទាំងអស់របស់ក្រុមនីមួយៗ និងមតិយោបល់ចូលរួមរបស់សង្គមស៊ីវិលលើឯកសារពន្យារពេលផអ៣ ដើម្បីពិនិត្យសម្រេច ដើម្បីអភិវឌ្ឍន៍ថវិកាសម្រាប់ឆ្នាំ២០១៤។ ក្នុងនោះឯកឧត្តមក៏បានស្នើដល់ដល់ក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ពង្រឹងភាពជាម្ចាស់ក្នុងការអនុវត្តកម្មវិធីជាតិអោយបានរឹងមាំ។ 

ឯកឧត្តមបានសង្កត់ធ្ងន់បែបនេះថា៖«គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់គួរយល់ថា ផអ៣ គឺជាកម្មវិធីជាតិសំខាន់ក្នុងការធ្វើកំណែទម្រង់ មិនមែនជាគម្រោងនោះទេ បើសិនជាយើងគិតថានេះគឺជាគម្រោងនោះបន្ទាប់ពីការធ្វើកំណែទម្រង់យើងនឹងមិនទទូលបានអ្វីកែប្រែទាំងអស់។ ការពង្រឹងសមត្ថភាពក៏មិនមានលទ្ធផលដែរ»។ 

 

ការរៀបចំរចនាសម្ព័ន្ធមិនទាន់បានល្អ ការផ្ទេរមុខងារមិនទាន់បានរលូន ក៏ជាអ្វីដែលឯកឧត្តម បានស្នើក្នុងអង្គសិក្ខាសាលាផងដែរ។ ជាចុងបញ្ចប់ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកចូលរួមដែលធ្វើការពិភាក្សាទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសង្គមស៊ីវិលនានាផងដែរ។

 

ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ «តំណាងអោយ គ.ជ.អ.ប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នកចូលរួមក្នុងការពិភាក្សាទាំងអស់ កិច្ចប្រជុំនេះ គឺជាធាតុចូលដ៏សំខាន់ជាជំនួយក្នុងការពន្យារពេលផអ៣»។ 

 

ជារួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការពន្យារពេលផអ៣ នេះគឺជាយុទ្ធសាស្ដ្រ និងសកម្មភាពចម្បងៗ ដើម្បីធានាឲ្យសម្រេចបាននូវអាទិភាពដែលបានកំណត់ដោយភាគីពាក់ព័ន្ធទាំងអស់ និងដើម្បីរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ ព្រមទាំងបានជួយកំណត់នូវធនធាន និងតម្រូវការនានាដើម្បីគាំទ្រដល់ការអនុវត្តការបន្តផអ៣ ក្នុងឆ្នាំ២០១៤៕ អត្ថបទដោយ៖ ជួន ចាន់ណា, មន្រ្តីព័ត៌មាន / NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់