ពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ នៃខេត្តកណ្តាល

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល លោកអភិបាលខណ្ឌ និងក្រុងពាក់ព័ន្ធនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងខេត្តកណ្តាល លោកនាយករដ្ឋបាល និងចៅសង្កាត់ពាក់ព័ន្ធ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល។

សូមគូសបញ្ជាក់ជូនផងដែរថា កន្លងមក សម្តេចប្រមុខរដ្ឋស្តីទីបានដាក់ចេញនូវព្រះរាជក្រឹត្យលេខ នស/រកត/១០២០/១១០៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដោយបានសម្រេចកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយបានកាត់យកភូមិចំនួន០៥ គឺភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅនៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញនៃសង្កាត់ព្រែកឫស្សី ភូមិព្រែកឡុងនៃសង្កាត់តាក្តុល និងភូមិបត្តាជីនៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅនៃខេត្តកណ្តាល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ នៃរាជធានីភ្នំពេញ និងកាត់យកផ្ទៃដីទំហំ០២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់