រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីចំណុះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសាលប្រជុំក្រសួងមហាផ្ទៃ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីជាង ៦០០នាក់ ឯកឧត្តម សក់ សេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្ខេបអំពី សមិទ្ធផលការងារអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលរបស់ក្រសួងមហាផ្ទៃ និងសមិទ្ធផលលេខាធិការដ្ឋាន គ.ជ.អ.ប ជាពិសេសគឺ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបរិបទនយោបាយក្នុងប្រទេស និងពិភពលោក។
ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយដឹកនាំប្រទេសយ៉ាងច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ។ ហើយ យុទ្ធសាស្ត្រចតុកោណដ៏មានមហិច្ឆតារបស់រាជរដ្ឋាភិបាលត្រូវបានដាក់ឱ្យអនុវត្តតាមអភិក្រម ដើម្បីធានារក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាពជាដៃគូរអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មកម្ពុជាឱ្យកាន់តែស៊ីជម្រៅក្នុងពិភពលោក។
បន្ថែមលើសពីនេះ ឯកឧត្តមបានបន្តមានប្រសាសន៍ថា ដើម្បីធានាបាននូវសុខសន្តិភាព នីតិរដ្ឋ សមធម៌សង្គម និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់ទាំង៤ដែលជាស្នូលនៃអភិបាលកិច្ចល្អ ក្នុងនោះ រួមមាន កំណែទម្រង់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ណែនាំមន្ត្រីទាំងអស់ឱ្យបង្កើនការអានស្រាវជ្រាវពីប្រវត្តិសាស្ត្រកម្ពុជា ច្បាប់ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គោរពតួនាទីភារកិច្ច ឋានុនាក្រម ពង្រឹងសមត្ថភាពការងារ និងត្រូវប្រយ័ត្នប្រយែងនឹងព័ត៌មានក្លែងក្លាយដែលបង្ហោះផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានអេឡិចត្រូនិកនានា។
ឱកាសនេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតម្លៃជួបសំណេះសំណាលជាមួយមន្ត្រីចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។