រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពនៃគម្រោងសាងសង់ច្រាំងទន្លេមេគង្គ ស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

ថ្ងៃសុក្រ ទី ៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពនៃគម្រោងសាងសង់ច្រាំងទន្លេមេគង្គ ស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាព ក្រុង ស្រុកពាក់ព័ន្ធ។

សូមបញ្ជាក់ផងដែរថា ការសាងសង់ច្រាំងទន្លេជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានកំពុងសិក្សាគម្រោង សាងសង់ច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យក្រុមហ៊ុនទទួលការសាងសង់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់ក្នុងការសាងសង់ច្រាំងទន្លេ ធានាគុណភាពរឹងមាំ សម្រាប់ជាឃឿនការពារទឹកជំនន់ទន្លេមេង្គ។ បន្ថែមពីនេះ ឯកឧត្តម បានឲ្យក្រុមហ៊ុនទទួលការសាងសង់ត្រូវសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណាឲ្យការសាងសង់ច្រាំងទន្លេនេះ រួចមុនរដូវទឹកឡើងនាពេលខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់