ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ស ខេងៈ ដំណើរ​ការ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ

ភ្នំពេញ ១៨ កុម្ភៈ ២០១៤៖ ទោះបីអាជ្ញាធរគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតួអង្គដ៏សំខាន់ក្នុងដំណើរការកំណែទម្រង់ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវរ៉ាប់រងកិច្ចការនានា…

ភ្នំពេញ ១៨ កុម្ភៈ ២០១៤៖ ទោះបីអាជ្ញាធរគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតួអង្គដ៏សំខាន់ក្នុងដំណើរការកំណែទម្រង់ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវរ៉ាប់រងកិច្ចការនានាជាច្រើនក្នុងឆ្នាំ២០១៣ យ៉ាងណាក្តី ក៏កិច្ចដំណើរការកំណែទម្រង់នេះនៅតែបោះជំហានទៅមុខនៅលើផែនទីបង្ហាញផ្លូវដែលបានកំណត់នៅក្នុងកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូងនៃកម្មវិធីជាតិ។ នេះជាប្រសាសន៍របស់ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

ការថ្លែងនេះធ្វើឡើងនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៣ និងលើកទិសដៅបន្តឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅឯសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។

ទាក់ទងនឹងការបោះជំហានទៅមុខនៃដំណើរការកំណែទម្រង់នេះ ឯកឧត្ដម ស ខេង បានសង្កត់ធ្ងន់ ដោយផ្អែកលើសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០១៣ ដែលរួមមានៈ

  • ការរៀបចំបញ្ចប់នូវលិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋាន ពាក់ព័ន្ធមូលនិធិក្រុង ស្រុក
  • ការរៀបចំ និងពង្រឹងនូវប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងផ្តល់អន្តរាគមន៍អភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស
  • ការរៀបចំដាក់ចេញនូវអនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតែងតាំង ការផ្លាស់ប្ដូរ ការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិល ដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការរៀបចំនូវរបាយការណ៍វិភាគមុខងាររបស់ក្រសួងអាទិភាពចំនួន០៥ ដោយបានកំណត់នូវបញ្ជីមុខងារជាអាទិភាពនានា សម្រាប់ផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការដាក់ចេញនូវប្រកាសរួមស្តីពីការកំណត់តម្លៃ និងរយៈពេលនៃការផ្តល់សេវារដ្ឋបាលដោយរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការអនុម័ត និងដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាការជំរុញឲ្យមានការប្រាស្រ័យទាក់ទងគ្នាប្រកបដោយការស្ថាបនារវាងអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងន័យធ្វើឲ្យមានភាពប្រសើរឡើងនៃការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋាន។

 

សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៣ និងលើកទិសដៅបន្តឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺ ចាប់ពីថ្ងៃទី ១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៤។ សន្និបាតធ្វើការបូកសរុប វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់កំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០១៤ លើកិច្ចការសំខាន់ៗបីគឺ៖ ទី១-កិច្ចការគ្រប់វិស័យដែលស្ថិតក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ទី២- ចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” និងទី៣-ការងារប្រឆាំងការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស ការជួញដូរពលកម្ម និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ។

នៅក្នុងពិធីបិទសន្និបាតនឹងមានការអញ្ជើញជាអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់