ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានសំណេះសំណាលជាមួយមន្រ្តីរាជការបរិស្ថាន ខេត្តកណ្តាល

កណ្តាល ២ មេសា ២០១៤៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមសំណេះសំណាលជាមួយមន្រ្តីរាជការ មន្ទីរបរិស្ថាន ខេត្តកណ្តាល មន្ទីរអង្គភាពជុំវិញខេត្ត និងគរុកោសិស្សខេត្ត ដើម្បីសិក្សាស្វែងយល់ពីបរិស្ថាន ខេត្ត…

កណ្តាល ២ មេសា ២០១៤៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមសំណេះសំណាលជាមួយមន្រ្តីរាជការ មន្ទីរបរិស្ថាន ខេត្តកណ្តាល មន្ទីរអង្គភាពជុំវិញខេត្ត និងគរុកោសិស្សខេត្ត ដើម្បីសិក្សាស្វែងយល់ពីបរិស្ថាន ខេត្ត ដូចជាការងារអភិរក្សធនធានធម្មជាតិ ការងារអប់រំផ្សព្វផ្សាយ បរិស្ថាន ការងារជីវសុវត្ថិភាព ជីវបច្ចេកវិទ្យាទំនើប និងការងារផែនការកិច្ចការច្បាប់ និងវាយតំលៃផលប៉ះពាល់បរិស្ថាន។

បន្ទាប់ពី ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល មានមតិស្វាគមន៍រួចមក លោក អូម ផាត់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ឡើងធ្វើរបាយការណ៍ស្តីពីលទ្ឋផលនៃការអនុវត្តការងារ ៥ ឆ្នាំ (២០០៩-២០១៣) និងទិសដៅការងារ ៥ឆ្នាំ (២០១៤-២០១៨)។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍សំណេះសំណាលដោយបញ្ជាក់ថាដំណោះស្រាយរបស់រាជរដ្ឋាភិបាល អំពីបញ្ហាបរិស្ថាន ដូចជាការទប់ស្កាត់ការបំផ្លាញព្រៃឈើ ការរុកទន្រ្ទានដី ពង្រីកកម្មសិទ្ឋិនៅតំបន់ឆ្នេររហូតដល់ការបំពុលបរិស្ថានមានការពុលទឹក បំពុលដី បំពុលខ្យល់ ការរំខានដោយសំលេង និងរំញ័រ និងការទុកដាក់សំណល់គ្រប់ប្រភេទ ដែលយើងជាប្រជាពលរដ្ឋមានចំណែកចូលរួមទទួលខុសត្រូវ ចំពោះរាល់សកម្មភាពទាំងនោះហើយមិនត្រូវ បោះបង់ចោលឡើយ ។ ទោះបីសព្វថ្ងៃនេះ បញ្ហាបរិស្ថាននៅកម្ពុជានៅបន្តជួបបញ្ហាអសកម្ម ជាច្រើនដូចជាសំរាម ផ្លូវថ្នល់ដីហុយ ផ្សែងរថយន្ត ម៉ូតូ បានបំពុលក្នុងបរិស្ថានយ៉ាងណា ក៏ក្រសួងបរិស្ថាន និងមនុស្សគ្រប់រូប ត្រូវក្រោកឈរដើម្បីថែទាំការពារ និងបង្កើន គុណភាពបរិស្ថាន ត្រូវមានការប្រែប្រួល នៅក្នុងអាណត្តិទី៥នេះ។

ឯកឧត្តម បានរំលឹកដល់មន្រ្តីបរិស្ថានខេត្ត អជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងយកអស់ទាំងកំលាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ធនធានមនុស្ស និងធនធានថវិកា សម្រាប់ដំណើរការស្តារឡើងវិញរាល់ទំនាក់ទំនង និងបរិស្ថានធម្មជាតិ ដែលជាអ្នកទ្រទ្រង់យើង និងចិញ្ចឹមយើង ទាំងអស់គ្នា។ ដូច្នេះមនុស្សត្រូវតែថែរក្សាធម្នជាតិ អោយកាន់តែល្អប្រសើរសំរាប់អ្នករស់នៅ ព្រោះប្រជាពលរដ្ឋយើងចង់កែប្រែការរស់នៅគឺភាពស្អាតបាត ផ្លូវថ្នល់គ្មានសំរាម ធូលីហុយ ដើម្បីឈានទៅការប្រលងប្រណាំងទីក្រុងស្អាត មានអនាម័យ ស្របនឹងនយោបាយយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ៕ អត្ថបទៈ សុខ សៅវរៈ   រូបភាពៈ ឧត្តម

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាលៈ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=306&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់