ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ កៀនស្វាយ​

កណ្តាល ១៩ កុម្ភៈ ២០១៤៖ ការថែរក្សាឲ្យបានគង់វង្សតាមទំរង់ដើម គឺជាភារៈកិច្ចចាំបាច់របស់ ប្រជាពលរដ្ឋបន្ទាប់ពីបានទទួល អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះហើយ…

កណ្តាល ១៩ កុម្ភៈ ២០១៤៖ ការថែរក្សាឲ្យបានគង់វង្សតាមទំរង់ដើម គឺជាភារៈកិច្ចចាំបាច់របស់ប្រជាពលរដ្ឋ បន្ទាប់ពីបានទទួល អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះហើយ ។ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានលើកឡើងយ៉ាងដូច្នេះ នៅចំពោះមុខប្រជាពលរដ្ឋចំនួនជាង ១០០០ នាក់ដែលបានមកទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីកាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។

 

លោក ហេង ធៀម អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា នៅក្នុងជំហានទី២ នេះមន្រ្តីជំនាញបានចាប់ផ្តើមដំណើរការថតរូបពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងឃុំទាំង ០៨ របស់ស្រុកកៀនស្វាយ ហើយបានបញ្ចប់នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤ សរុបបាន ១៨១៧នាក់ ក្នុងនោះមុខសញ្ញាប្រជាពលរដ្ឋមានអាយុ ១៥ឆ្នាំ ចំនួន ១៦៦៣ នាក់ មុខសញ្ញាអ្នកបាត់អត្តសញ្ញាណប័ណ្ណ និងអ្នកមាន អត្តសញ្ញាណប័ណ្ណហួសសុពលភាពសរុប ១៥៤នាក់ ។ ប្រជាពលរដ្ឋដែលបានមកទទួលអត្តសញ្ញាណប័ណ្ណនាថ្ងៃទី ១៥ ខែកុម្ភៈ នេះមាន ១១៨៥ សន្លឹក ក្នុងនោះមានឃុំភូមិធំ ១៤៦ សន្លឹក ឃុំគគីរ ២២២ សន្លឹក ឃុំដីឥដ្ឋ ២៧១សន្លឹក ឃុំបន្ទាយដែក ២៦០សន្លឹក និងឃុំសំរោងធំ ២៨៦ សន្លឹក ។

 

ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនប្រជាពលរដ្ឋថា ដោយមានសំណូមពរពីប្រជាពលរដ្ឋដែលទើបគ្រប់អាយុ និងប្រជាពលរដ្ឋ ដែលបាត់អត្តសញ្ញាណប័ណ្ណ មន្រ្តីនគរបាល និងអាជ្ញារធរស្រុក ឃុំ បានចុះស្រង់ស្ថិតិដើម្បីបំពេញឯកសារក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីជូនបងប្អូនតាមតម្រូវការ ហើយអត្តសញ្ញាណប័ណ្ណនេះវាមានសុពលភាពរយៈពេល ១០ឆ្នាំ និងមានផលប្រយោជន៍ ច្រើនយ៉ាងចំពោះបុគ្គលម្នាក់ៗ ព្រោះវាបានបញ្ជាក់ពីអត្តសញ្ញាណជាប្រជាពលរដ្ឋខ្មែរពិតប្រាកដមានទីលំនៅត្រឹមត្រូវ ដែលទទួលស្គាល់ ដោយអាជ្ញាធរឃុំស្រុកខេត្ត ប្រជាពលរដ្ឋមានសិទ្ធិក្នុងការធ្វើលិខិតឆ្លងដែន ងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗតាម តម្រូវការ ។ 

 

ឯកឧត្តមបានសំណូមពរដល់យុវវ័យដែលទើបទទួលបានអត្តសញ្ញាណប័ណ្ណនេះនៅពេលរកការងារធ្វើ គប្បីត្រូវចេះត្រិះរិះពិចារណា ក្នុងការចូលរួមធ្វើសកម្មភាពអ្វីមួយដែលផ្ទុយពីការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្ទុយពីច្បាប់មិនមានផលចំនេញដល់ខ្លួនឯង និងបង្ករ អស្ថេរភាពដល់សង្គម ។ ដោយ ទិត តូ មន្រ្តីបច្ចេកទេសគ្រប់គ្រងគេហទំព័ររដ្ឋបាលខេត្តកណ្តាល

ដកស្រង់ចេញពីគេហទំព័រ ខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់