អភិបាលខេត្តកណ្តាលសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រ និងប្រជាពលរដ្ឋ

កណ្តាល ២ មេសា ២០១៤៖ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល រួមដំណើរដោយលោកប្រធានមន្ទីរពាក់ព័ន្ធ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន ៨០០ នាក់

កណ្តាល ២ មេសា ២០១៤៖ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល រួមដំណើរដោយលោកប្រធានមន្ទីរពាក់ព័ន្ធ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន ៨០០ នាក់ ក្នុងពេលកំពុងបម្រើការងារនៅក្នុងរោងចក្រ លីនវេនជី សាន់បូ អេនធឺរប្រាយ ដែលជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងស្ថិតនៅក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

 

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ចយ សុបិន្ត អភិបាលស្រុកកណ្តាលស្ទឹងរួចមក លោក លីនវេនជី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន លីនវេនជី សាន់បូ អេនធឺរប្រាយ បានឲ្យដឹងថា រោងចក្រមានផែនការសាងសង់រយៈពេល ២ឆ្នាំ តែនៅពេលនេះទើបតែសម្រេចបាន ៣០% នៃគម្រោងផ្ទៃដីសរុប ៣៨ហិចតាប៉ុណ្ណោះ ហើយបានចាប់ដំណើរការផលិតជាដំបូងដោយមានកម្មករ កម្មការនី ៨០០នាក់ កំពុងបម្រើការងារក្នុងខ្សែសង្វាក់ផលិតកម្ម។

 

លោកតំណាងក្រុមហ៊ុនបានឲ្យដឹងថា បន្ទាប់ពីសាងសង់រួចជាស្ថាពរ រោងចក្រនឹងស្រូបកំលាំងពលកម្មបានពី ១៥.០០០ ទៅ ២០.០០០នាក់ ។ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៤ នេះ រោងចក្រធ្វើការនាំផលិតផលរបស់ខ្លួនជាលើកដំបូងទៅកាន់ប្រទេសអាល្លឺម៉ង់ចំនួន ១កុងតឺន័រ ។ ផលិតផលរោងចក្រមានផ្លាកសញ្ញាសំគាល់ ម៉ាន់ដល និង សេឡឺវ៉ា ហើយត្រូវនាំចេញទៅលក់នៅសហភាពអឺរ៉ុប អាមេរិក ជប៉ុន និងកូរ៉េ ។

 

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ផៃ ប៊ុនឈឿន បានស្វាគមន៍ចំពោះក្រុមហ៊ុន លីនវេនជី សាន់បូ អេនធឺរប្រាយ ដែលបានមកបណ្តាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តកណ្តាល ព្រមទាំងបានចូលរួមបរិច្ចាគនូវសម្ភារៈ និងធនធានមួយចំនួនទៀតជូនដល់ប្រជាពលរដ្ឋក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង នាថ្ងៃនេះ ហើយសកម្មភាពសង្គមកិច្ច មនុស្សធម៌របស់ក្រុមហ៊ុនគឺជាសកម្មភាពគំរូដ៏ល្អមួយដល់បណ្តាក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគលើទឹកដីខេត្តកណ្តាល ។

ឯកឧត្តម អភិបាលខេត្តក៏បានបន្តទៀតថា នៅក្នុងឱកាសវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី ១៧ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៤ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ការចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលមានភាពចាំបាច់ណាស់ ដើម្បីកម្ពុជាត្រៀមខ្លួនចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ ខាងមុខនេះ ។ ដូចនេះការសម្របសម្រួលឲ្យស៊ីសង្វាក់គ្នាក្នុងការអភិវឌ្ឍធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការទីផ្សារគឺជាការចាំបាច់បំផុត ជាពិសេសការប្រកួតប្រជែងទីផ្សារការងារនៅពេលអនាគត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា តាមរយៈស្ថានភាពនយោបាយ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យវិនិយោគិនមានជំនឿ និងបានបណ្តាក់ទុនវិនិយោគកាន់តែច្រើនជាលំដាប់ ដែលបានផ្តល់ការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានជូនពរដល់ក្រុមហ៊ុន និងកម្មករទាំងអស់សូមមានសុខភាពល្អដើម្បីបំពេញការងារនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងអំពាវនាវកុំឲ្យកម្មករជឿពាក្យញុះញង់របស់ជនមួយក្តាប់តូច នាំធ្វើបាតុកម្មនាំឲ្យខាតបង់ផលប្រយោជន៍ខ្លួន និងរោងចក្រ ។

ឯកឧត្តមបានចែកអំណោយដែលជាការរៀបចំរបស់ក្រុមហ៊ុន លីនវេនជី សាន់បូ អេនធឺរប្រាយជូនដល់អាជ្ញាធរឃុំ ស្រុក ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងឃុំសៀមរាប និងកម្មករ កម្មការនីសរុបចំនួន ២.១០៨ នាក់ និងបានទស្សនាខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រផងដែរ៕ ដោយៈ ទិត តូ មន្រ្តីគ្រប់គ្រងគេហទំព័ររដ្ឋបាលខេត្តកណ្តាល

 ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាលៈ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=304&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់