ក្រសួង​សេដ្ឋកិច្ច​ត្រៀម​អនុវត្ត​អង្គភាព​ថវិកា​ និង​ថវិកា​កម្មវិធី​ពេញលេញ​នៅ​ឆ្នាំ​២០១៥​

ភ្នំពេញ ៦ កុម្ភៈ ២០១៤៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឲ្យមានការពង្រឹងប្រសិទ្ធភាពនៃ ការគ្រប់គ្រងថវិការដ្ឋ និងបានលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងអនុវត្តការងារ…

ភ្នំពេញ ៦ កុម្ភៈ ២០១៤៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឲ្យមានការពង្រឹង ប្រសិទ្ធភាពនៃ ការគ្រប់គ្រងថវិការដ្ឋ និងបានលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងអនុវត្តការងារ ដើម្បីសម្រេចគោលដៅនៃកំណែទម្រង់ ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានថ្លែងដូច្នេះ នោះក្នុងកិច្ចប្រជុំផ្ទៃមួយ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

 

យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំដ៏មានសារសំខាន់ដើម្បីអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៥ មានគោលដៅសំខាន់ចំនួនពីរ គឺទី១ ត្រៀមលក្ខណៈផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានរួចរាល់នៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៤ ក្នុងនាមជាក្រសួងដឹកនាំការងារកំណែទម្រង់ប្រព័ន្ធថវិកា និងទី២ គឺត្រៀមលក្ខណៈផ្តល់កិច្ចសហការដល់ក្រសួងចំនួន៩ ផ្សេងទៀតក្នុងការរៀបចំ និងត្រៀមលក្ខណៈអនុវត្តនៅឆ្នាំ ២០១៥ ដោយមានបន្តការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការរៀបចំថវិកា និងនីតិវិធីសម្រាប់អនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៥ ។

 

យោងតាមឯកសារទស្សនាទាន ស្តីអំពីទិសដៅយុទ្ធសាស្រ្តកំណែទម្រង់ប្រព័ន្ធថវិកានៅ កម្ពុជាឆ្នាំ២០១៣-២០២០ ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៣ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានត្រៀមលក្ខណៈដោយបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុតិ្ត ដែលរួមមាន អនុក្រឹត្យ និងប្រកាស ដើម្បីដាក់ឲ្យក្រសួងចំនួន១០ អនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីពេញលេញចាប់ពីឆ្នាំ២០១៥ តទៅ ដែលមានក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។

 

ការអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីពេញលេអនេះ នឹងពង្រីកដល់គ្រប់ក្រសួង ស្ថាប័ន ស្របតាមទិសដៅយុទ្ធសាស្រ្តកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា៕

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់