សម្តេច​តេជោ៖​ ជំរុញ​ឲ្យ​យក​ចិត្ត​ទុកដាក់​បៀរវត្ស​រ៍មន្ត្រីរាជការ​ក្នុង​ពេលស្ថាប័ន​រដ្ឋ​មាន​ដំណើរ​ការ​ជាធម្មតា​

ភ្នំពេញ ១៨ កុម្ភៈ ២០១៤៖ នៅក្នុងពិធីបិទវគ្គ និងប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ កំណែទម្រង់រដ្ឋមន្ត្រីក្រមការ ជំនាន់ភក្តីភាព និងប្រគល់វិញ្ញាបនបត្រដល់កម្មសិក្សាការី…

ភ្នំពេញ ១៨ កុម្ភៈ ២០១៤៖ នៅក្នុងពិធីបិទវគ្គ និងប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ កំណែទម្រង់រដ្ឋមន្ត្រីក្រមការជំនាន់ភក្តីភាព និងប្រគល់វិញ្ញាបនបត្រដល់កម្មសិក្សាការីឆ្នាំ២០១៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៤ របស់សាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ អះអាងពីការបន្តដំណើរការជាប្រក្រតី ជាធម្មតានៃស្ថាប័នរដ្ឋ ដែលរួមមាន ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានចំពោះអ្នកដែលប៉ុនប៉ងបំផ្លាញ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

សម្តេចតេជោក៏បានបញ្ជាក់ថា រហូតដល់ពេលនេះ រាជរដ្ឋាភិបាល (រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលបានបង្កើតឡើងក្រោយការ បោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣) បានអនុវត្តនយោបាយ និងដឹកនាំប្រទេស ដោយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណាទំនិញឡើងថ្លៃ រួមទាំងអត្រាប្តូរប្រាក់នៅថេរ ជាដើម។

 

ទាក់ទងនឹងការអនុវត្តនយោបាយកំណែទម្រង់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យស្ថាប័ននានារបស់រដ្ឋ បើកប្រាក់ខែជូនមន្ត្រី រាជការដែលសរុបមានជាង ១៨ម៉ឺននាក់ ឲ្យបានទាន់ពេលវេលា។

 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ថា “បើសិនជាបា្រក់ខែក្របើក នៅយូរ សូមឲ្យចុះប្រកាសតាមកាសែតថា រដ្ឋមន្រ្តីរបស់ខ្ញុំគាត់អាងតែគាត់ឆ្អែតហើយ គាត់អត់គិតដល់មន្រ្តីរាជការតូចតាច ដែលមានបា្រក់ខែតិច”។

 

សម្តេចតេជោបានបញ្ជាក់ជាថ្មីទៀតថា ថ្ងៃក្រោយរាជរដ្ឋាភិបាល នឹងជំរុញឲ្យមន្រ្តីរាជការទំាងអស់ បើកបា្រក់ខែនៅតាមធនាគារ ចៀសវាងកាត់អ្វីផ្សេងៗ។ សម្តេចតេជោបញ្ជាក់ថា” បើកតាមធនាគារ ខ្មោចវាអត់ចេះមកបើកបា្រក់ខែទេ ដូច្នេះមិនចំបាច់ ស្វែងរកមន្រ្តីខ្មោច ទាហានខ្មោច ប៉ូលិសខ្មោច ….ខ្មោចអត់កាន់សៀវភៅទៅទេ ត្រូវកំណែទម្រង់”។

 

សម្រាប់ក្រុមមន្ត្រីដែលបានបញ្ចប់ និងកំពុងទទួលការបណ្តុះបណ្តាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ ជាដំបូន្មានថា ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីត្រូវតែមាន សាមគ្គីភាពផង និងតស៊ូផង ដោយត្រូវសាមគ្គីលើចំណុចណាត្រូវ ត្រូវសាមគ្គីជាមួយ ប៉ុន្តែចំពោះ ចំណុចមិនត្រូវ ត្រូវតែហ៊ានតស៊ូ ព្រោះបើមិនដូច្នេះទេ យើងនឹងធ្លាក់ទឹកទាំងអស់គ្នា។ ដោយសម្ដៅទៅដល់ថ្នាក់ដឹកនាំក្នុងស្ថាប័នសម្តេចតេជោមានប្រសាសន៍ថា អ្នកដែលត្រូវបានផ្តល់មតិនោះ ត្រូវទទួលយកមតិ ដែលត្រូវបានផ្តល់ជូន ព្រោះមិនមែនអ្វីៗយើងសុទ្ធតែចេះ ហើយសុទ្ធតែត្រូវទាំងអស់នោះទេ។

 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សាមគ្គីភាពមិនមែនសំដៅ ទៅដល់ការសាមគ្គីគ្នាប្រព្រឹត្តអំពើខុសច្បាប់ ក៏យើង នៅតែសាមគ្គី ហើយបិទបាំងមិនព្រមជួយផ្តល់មតិ ដោយធ្វើឲ្យមន្ត្រីជាមិត្តភក្ដិរបស់យើងខូចទៅបាន ហើយបើសិនជាមានការពាក់ព័ន្ធ ត្រូវចាប់ខ្លួន គឺដោយទាំងខ្លួនយើងទៀតផង។

 

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មន្ត្រីជាអ្នកបម្រើរបស់ប្រជាជន មិនមែនធ្វើជាចៅហ្វាយរបស់ប្រជាជននោះទេ។ យើងជាអ្នកបម្រើប្រជាជន ជាអ្នកផ្តល់សេវា ជូនពួកគាត់ ហើយត្រូវអនុវត្តន៍តាមពាក្យពីបុរាណ ដែលពោលថា «ឱនដាក់គ្រាប់ ងើយស្កក» ដែល នេះជាគុណធម៌របស់មន្ត្រីយើង ដែលត្រូវយកចិត្តទុកដាក់ ព្រោះគ្មានអ្នកណាទទួលបាន ការស្រឡាញ់រាប់អាន ពីអ្នកដទៃក្នុងពេល ដែលខ្លួនឆ្មើងកន្ទ្រើងនោះទេ ហើយកុំថាឡើយគ្រហស្ថ ប៉ុន្តែសូម្បីតែព្រះសង្ឃក៏គ្មានអ្នកណាថ្វាយបង្គំដែរ។ សូមខិតខំធ្វើជាមន្ត្រីជើង២ ប៉ុន្តែសូមកុំធ្វើជាមន្ត្រីជើង១០ ហើយត្រូវតែធ្វើយ៉ាងណាឲ្យបានដឹងពីសុខទុក្ខប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាជូនពួកគាត់។

 

សម្តេចតេជោថ្លែងថា ក្នុងឋានៈជាមន្ត្រីត្រូវតែទទួលខុសត្រូវ សូមកុំទទួលយកតែរឿង ដែលត្រូវ ហើយរឿងរ៉ាវដែលខុសប្រគល់ ឲ្យអ្នកដទៃ ព្រោះវាមិនមែនជាឥរិយាបថ ដែលត្រឹមត្រូវនោះទេ ហើយរាប់ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែល បានដាក់ ចេញជួនកាលគោលនយោបាយ ដែលបានដាក់ចេញនោះវាអត់ស្របជាមួយហ្នឹងសភាពការណ៍មូលដ្ឋានទេ។ “សូមមន្ត្រីរបស់យើង ចងចាំ គឺត្រូវរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ទោះបីជាពេលលំបាកក៏យើងនៅជាមួយប្រជាជន ពេលដែលងាយស្រួលក៏យើង នៅជាមួយប្រជាជន កុំពេលសប្បាយមានមុខ ប៉ុន្តែពេលមានទុក្ខបែរជារត់ចោលប្រជាជន នោះ”សម្តេចតេជោមានប្រសាសន៍។

 

ទាក់ទងនឹងឥរិយាបថរបស់មន្ដ្រីរាជការក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចចង់ឲ្យមន្ដ្រីទាំង អស់មើលនៅតាមផ្សារជាពិសេសពួកទារភាស៊ី ពីព្រោះកន្លងមកមានគេជេរសម្បើមណាស់ ហើយសម្ដេចបានជំរុញនៅ រាជធានីភ្នំពេញជាមុនដោយឲ្យឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជរធានីភ្នំពេញ ពិនិត្យមើលទៅលើអ្នកម៉ៅការភាស៊ី តើពួកគេបាន ធ្វើកិច្ចការអ្វីខ្លះបានជាប្រជាពលរដ្ឋចេះតែជេរ?។

 

សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «គ្នា (ប្រជាពលរដ្ឋអ្នកលក់ដូរ) ព្រលឹមឡើងមិនទាន់បានលក់អីផងមកទារភាស៊ី ទាត់កញ្ច្រែងទៅហើយ មើលនាំគ្នាធ្វើអានឹងបន្ដិចទៅមើល ហើយទៅមុនគេគឺនៅភ្នំពេញ ឮសូរចេញតែពីផ្សារ យីអើ អាផ្សារនេះពិបាកណាស់ ឮចេញពីអ្នកលក់ដូរតែម្ដង ទាំងអ្នកទៅទិញវាប៉ះពាល់តែទាំងអស់ មើលអ្នកណាដេញភាស៊ីបានហ្នឹង? គេមិនថាអ្នកដេញភាស៊ីបានទេ គេថាយើង វាពិបាកអីចឹងបានជាមានរឿងខ្លះវាពិបាក ស្អីក៏នាយករដ្ឋមន្ដ្រី អាអ្នកយកភាស៊ីទៅទាត់កញ្ច្រែងគេ គេដាក់មក ហ៊ុន សែន ទៀត តុលាការកាត់ក្ដីអយុត្តិធម៌ ហ៊ុន សែន ទៀត ស្របពេលដែលអំណាចតុលាការជាអំណាចឯករាជ្យរបស់គេសោះ»។ ទោះបីយ៉ាងណាសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា យកភាស៊ីក៏យកចុះ ប៉ុន្ដែចរិតពួកអ្នកយកភាស៊ីឲ្យត្រឹមត្រូវ។

 

នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះដែរ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ឲ្យថា ក្នុងរយៈពេលកន្លងមក សាលាភូមិន្ទរដ្ឋបាលបានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់បានចំនួន ៧ជំនាន់ មានសិស្សចំនួន ២៨៥នាក់ សិស្សមន្ត្រីមធ្យម ៣ជំនាន់ មានចំនួន ១៧៤នាក់ និង សិស្សមន្ត្រីក្រមការ ៥ជំនាន់ មានចំនួន ២៨៤ នាក់។ ជារួមគិតមកដល់ឆ្នាំ២០១៤ នេះ សាលា បានបើកវគ្គវិក្រិតការសុក្រិតការចំនួន ២១វគ្គមានកម្មសិក្សាការីសរុប ៣ ២៥៤នាក់។

 

ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៍ថា វគ្គសិក្សាថ្មីនេះមានកម្មសិក្សាការីជាសិស្សមន្ត្រី មធ្យម និងមន្ត្រីជាន់ខ្ពស់ចូលសិក្សាសរុបចំនួន ១៧៧នាក់ មកពីតំណាងក្រសួងស្ថាប័ន មន្ទីរ ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។ បច្ចុប្បន្ន នេះសាលាកំពុងបណ្តុះបណ្តាលសិស្សមន្ត្រី ជាន់ខ្ពស់ជំនាន់ទី៨ ចំនួន ៦០នាក់ មាននារី ២០នាក់ ទៅតាមលទ្ធផលនៃការប្រឡងប្រជែង និងទៅតាមសេចក្តីសម្រេចរបស់ក្រសួងមុខខងារសាធារណៈ៕ អត្ថបទ៖អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ដកស្រង់ចេញពីគេហទំព័រ អង្គភាពប្រតិកម្មរហ័ស

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់