ថ្នាក់​អភិបាល អភិបាលរង​រាជធានី​ខេត្ត​ម្នាក់​មិន​អាច​ធ្វើការ​ក្នុង​ខេត្ត​មួយ​លើស​ពី​៨​ឆ្នាំ​ទេ

ភ្នំពេញ ៣១ មីនា ២០១៤៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្ត្រី ថ្នាក់អភិបាល និងអភិបាលរងរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ម្នាក់ៗមិនអាចធ្វើការជាមន្ដ្រីនៅមួយកន្លែងឬនៅក្នុង រាជធានី និងខេត្ដនីមួយៗលើសពី៨ឆ្នាំបានទេ ត្រូវតែមានការផ្លាស់ដែនសមត្ថកិច្ច ឬរាជធានី ខេត្ដក្រុង ស្រុក ខណ្ឌ ដែលខ្លួនគ្រប់គ្រង។ 

ភ្នំពេញ ៣១ មីនា ២០១៤៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្ត្រី ថ្នាក់អភិបាល និងអភិបាលរងរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ម្នាក់ៗ

មិនអាចធ្វើការជាមន្ដ្រីនៅមួយកន្លែងឬនៅក្នុង រាជធានី និងខេត្ដនីមួយៗលើសពី៨ឆ្នាំបានទេ ត្រូវតែមានការផ្លាស់ដែនសមត្ថកិច្ច ឬរាជធានី ខេត្ដក្រុង

ស្រុក ខណ្ឌ ដែលខ្លួនគ្រប់គ្រង។ ការផ្លាស់ប្ដូរនេះ គឺដើម្បីឱ្យមន្ដ្រីបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការងារបម្រើប្រជាពលរដ្ឋ និង

អភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រោមជាតិពីខេត្ដមួយទៅខេត្ដ មួយទៀត។ ការផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចមន្ដ្រីរាជការ ឬផ្លាស់ប្ដូរមុខតំណែងជារឿងធម្មតា

ឬជាជីវភាពធម្មតារបស់មន្ដ្រីរាជការ ស៊ីវិល។

 

ការអះអាងនេះ បានត្រូវធ្វើឡើងដោយឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃក្នុងពិធី ប្រកាសផ្ទេរភារកិច្ច មុខតំណែងអភិបាលរង

រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤នេះ នៅសាលារាជធានីភ្នំពេញដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាល

រាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញព្រមទាំងមន្ដ្រីពាក់ព័ន្ធចំណុះសាលារាជធានីភ្នំពេញជាច្រើនរូប។ 

 

ពិធីផ្លាស់ប្ដូរមុខតំណែងខាងលើនេះ គឺលោក អៀង អូននី ដែលជាអភិបាលរងខេត្ដតាកែវមកជាអភិបាលរងរាជធានីភ្នំពេញវិញ ចំណែកលោក

ចាន់ សំអាន អភិបាលរងរាជធានីភ្នំពេញត្រូវផ្លាស់ប្ដូរទៅបម្រើការនៅទីស្ដីក្រសួងមហាផ្ទៃ។

 

ក្នុងឱកាសនោះឯកឧត្ដម សក់ សេដ្ឋា បានអះអាងថា៖ មន្ដ្រីរាជការ ថ្នាក់ក្រោមជាតិចាប់ពីអភិបាល និង អភិបាលរងរាជធានី ខេត្ដ ឬស្រុក ខណ្ឌត្រូវបាន

រាជរដ្ឋាភិបាលកំណត់អាណត្ដិត្រឹម៤ឆ្នាំ ត្រូវធ្វើការផ្លាស់ប្ដូរម្ដងតែបើមន្ដ្រីអភិបាល និងអភិបាលរងរាជធានី ខេត្ដណាមួយធ្វើការងារបម្រើប្រជាជន

ឬដឹកនាំការអនុវត្ដន៍នៅក្នុងរាជធានី ខេត្ដនោះបានល្អហើយរាជរដ្ឋាភិបាលពិនិត្យទៅឃើញថាអាចនៅបន្ដដឹកនាំរាជធានី និងខេត្ដនោះ បាន៤ឆ្នាំ

បន្ដទៀត តែមិនឱ្យលើសពី៨ឆ្នាំទេត្រូវតែប្ដូរពីខេត្ដមួយទៅខេត្ដមួយទៀត។

 

ឯកឧត្ដមបានបន្ដថា ការងារនេះរាជរដ្ឋាភិបាលបានរៀបចំឱ្យមានអាណត្ដិដល់អភិបាលរាជធានីខេត្ដនោះ គឺចាប់អនុវត្ដពីឆ្នាំ២០០៨មក គឺមន្ដ្រីណា

គ្រប់អាណត្ដិត្រូវតែប្ដូរហើយសូម្បី ក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ក៏មានរយៈពេលឆ្នាំ៥ គេបោះឆ្នោតម្ដងដែរ។

 

នៅក្នុងពិធីផ្ទេរភារកិច្ចនោះដែរ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរំលឹកដល់គណៈអភិបាលរាជធានីភ្នំពេញថា ៖ ការដឹកនាំត្រូវចេះសាមគ្គីភាព

គ្នាក្នុងរង្វង់គណៈអភិបាលឱ្យបានល្អ ចេះរួមរស់ រួមសុខ រួមទុក្ខជាមួយគ្នាក្នុងគណៈអភិបាលបានល្អ ទើបយើងដឹកនាំខណ្ឌសង្កាត់បានល្អ ហើយ

ប្រជាជនមានសេចក្ដីសុខ ភូមិសង្កាត់មានការអភិវឌ្ឍន៍លឿនបាន។ លោកបានលើកជាឧទាហរណ៍ថា អភិបាលនិងអភិបាលរងរាជធានីភ្នំពេញ គឺជា

ដងខ្លួនមនុស្ស អ៊‌ីចឹងហើយសង្កាត់ទាំង៩៦ជាជើង ចំណែកខណ្ឌទាំង៩ ឬ១២ គឺជាដៃ ដូច្នេះជើងទាំង៩៦ ត្រូវដើរឱ្យស៊ីសង្វាក់គ្នា ហើយដៃទាំង

៩ឬ១២នេះ ក៏ត្រូវតែបង់បោយឱ្យត្រូវសង្វាក់គ្នាដែរ ទើបដើរទៅមុខបានរួចហើយលឿន អត់ដួល នឹងត្រូវជាមួយដងខ្លួន។

 

ឯកឧត្ដម សក់ សេដ្ឋា បានបន្ដថា នៅភ្នំពេញមានលក្ខណៈ ពិសេសខុសពីខេត្ដ គឺភ្នំពេញមានប្រជាជនរស់នៅជាក់ស្ដែងជាង១លាន៥សែននាក់

ក្នុងនោះប្រជាជនស្នាក់នៅបណ្ដោះអាសន្ន និងឆ្លងកាត់ប្រចាំថ្ងៃផងចូល២លាននាក់ ហើយទីក្រុងភ្នំពេញជាបេះដូងនៃប្រទេសហើយជាមជ្ឈមណ្ឌល

នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។ល។ ហើយខណ្ឌក៏ខុសពីស្រុកដែរ សំណង់មានអគារខ្ពស់ៗ មានមធ្យោបាយធ្វើដំណើរ

ក៏ដូចកំណើនប្រជាពលរដ្ឋកើនរាល់ថ្ងៃ។

 

លោកបានបន្ដថា ដូច្នេះនៅពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវតែធ្វើច្បាប់គ្រប់គ្រងរដ្ឋបាល ពិសេសសម្រាប់ភ្នំពេញ និងខេត្ដណាមួយហើយ។

នៅលើពិភពលោកគេមានហើយច្បាប់នេះ ដូចនៅថៃច្បាប់គ្រប់គ្រងពិសេសនោះសម្រាប់ទីក្រុងបាងកក ឈាងម៉ៃ នៅវៀតណាម មានទីក្រុង ហាណូយ ទីក្រុងហូជីមិញ និងទីក្រុង ហៃហ្វុង នៅជប៉ុន មានទីក្រុងតូក្យូ និង ទីក្រុងអូសាកា។

 

ឯកឧត្ដមរដ្ឋលេខាធិការ បានបន្ដទៀតថា ដើម្បីបម្រើប្រជាពលដ្ឋបានល្អ មន្ដ្រីនៅថ្នាក់សង្កាត់ ពិសេសក្រុមប្រឹក្សា សង្កាត់ ត្រូវរៀបចំកិច្ចប្រជុំ និង

វេទិកា ឱ្យបានច្រើនដើម្បីប្រមូលព័ត៌មាន និង តម្រូវការរបស់ប្រជាពលរដ្ឋយកមកដោះស្រាយបំពេញតម្រូវការរបស់ពួកគាត់។

 

ក្នុងឱកាសនោះឯកឧត្ដម សក់ សេដ្ឋា ក៏បានស្នើឱ្យអភិបាលរងថ្មីដែលកាន់តំណែងនេះត្រូវបន្ដថែរក្សា និងការពារឱ្យបានគង់វង្សនូវរាល់សមិទ្ធផល

នានារបស់រាជធានីភ្នំពេញប្រកបដោយ តម្លាភាព និងពង្រីកពង្រឹងទំនាក់ទំនងឱ្យបានល្អរវាងស្ថាប័នរដ្ឋបុគ្គល និងសហការទាំងនៅថ្នាក់លើ និង

នៅថ្នាក់ក្រោមឱ្យបានល្អក្នុងភាពជាដៃគូជាមួយស្ថាប័នរដ្ឋទាំងវិស័យឯកជនរួមទាំងសង្គមស៊ីវិល និងអង្គការក្នុង និងក្រៅទាំងអស់ដែលមានទីតាំង

នៅរាជធានី ភ្នំពេញពិសេសត្រូវបន្ដពង្រឹងសម្ព័ន្ធ មេត្រីភាព និងសហប្រតិបត្ដិការអន្ដរជាតិជាមួយបណ្ដាសហគមន៍នានាបន្ដទៀតឱ្យបានល្អរហូត។

 

ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថាការផ្លាស់ប្ដូរតំណែងនេះមិនមែនតាមតែការនឹកឃើញនោះទេ គឺមានច្បាប់ទម្លាប់មាន ក្រឹត្យ

ក្រម មានសេណារីយោច្បាស់លាស់និយាយជារួម គឺមានច្បាប់បែបបទរដ្ឋបាលពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ ការផ្លាស់ប្ដូរតំណែងនេះ

ជារឿងធម្មតាទេអ្នកដែលចូលទៅកាន់ភារកិច្ចថ្មីវាត្រូវតែមានអ្នកចូលជំនួសធ្វើការថ្មីអ៊‌ីចឹងហើយ។

 

លោកអភិបាល បានបន្ដថាពេលនេះរាជរដ្ឋាភិបាលកំពុងធ្វើការកែទម្រង់ជាតិមួយដ៏ទូលាយ និងស៊ីជម្រៅ ក្នុងនោះបានអនុវត្ដគោលនូវនយោបាយ

វិមជ្ឈការ និងវិសហមជ្ឈការ គឺការធ្វើប្រតិភូកម្មអំណាចមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីពង្រឹងរបៀបរបបការងារនៅមូលដ្ឋាន

សំដៅធ្វើឱ្យមានតម្លាភាព      គណនេយ្យភាពក្នុងការផ្ដល់សេវាកាន់ តែជិតល្អ និងរហ័សជូនដល់ប្រជាពលរដ្ឋ។ លោកក៏បានជំរុញឱ្យអភិបាលរង

រាជធានី ដែលទើបតែងតាំងថ្មីបំពេញ ការងារថ្មី ត្រូវបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេស គឺរក្សាសាមគ្គីផ្ទៃក្នុងក្នុង

ជួររដ្ឋបាលរាជធានីភ្នំពេញថែមទៀតផង។

 

លោក អៀង អូននី បានប្ដេជ្ញាចិត្ដថា ប្ដេជ្ញារក្សាឱ្យបាននូវកិច្ចសហប្រតិបត្ដិការសាមគ្គីភាពជាធ្លុងមួយក្នុងសាលារាជធានីភ្នំពេញ ដោយសហការ

ជាមួយមន្ដ្រីគ្រប់ជាន់ថ្នាក់ ធ្វើជាសេនាធិការដ៏ល្អជូនរាជរដ្ឋាភិបាលក្នុងកំណែទម្រង់នានាស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាល និង

សាលារាជ ធានីភ្នំពេញបានដាក់ចេញដើម្បីបម្រើប្រជាពលរដ្ឋស្របតាមគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជាលេខ ៦៣៨៣ ថ្ងៃអាទិត្យ-ចន្ទ ទី ៣០-៣១ ខែមីនា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់