វេទិកាសាធារណៈឆ្លើយតបកង្វល់ប្រជាពលរដ្ឋ

កំពង់ស្ពឺ ២ មេសា ២០១៤៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ មានរៀបចំវេទិកាសាធារណៈ នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយ…

 

កំពង់ស្ពឺ ២ មេសា ២០១៤៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ មានរៀបចំវេទិកាសាធារណៈ នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋ ដែលកើតមានឡើងនៅមូលដ្ឋាន។

វេទិកានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារស្រុកថ្ពង និងមានការចូលរួមពីតំណាងអង្គភាពមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋមកពីឃុំចំនួន៥គឺ ឃុំយាអង្គ ឃុំទ័ពមាន ឃុំអមលាំង ឃុំប្រាំបីមុម ឃុំរុងរឿង សរុបចំនួន ២៣៤នាក់ (ស្រ្តី៦៨នាក់)។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានស្តាប់នូវបញ្ហានានានៅតាមមូលដ្ឋាន និងទទួលយកនូវសំណើ និងប្រមូលឯកសារពាក់ព័ន្ធ ដើម្បីដោះស្រាយស្របតាមនីតិវិធីដែលអាចឲ្យភាគីទាំងសងខាង អាចទទួលយកបាន និងសមស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ឯកឧត្តមក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវលើកពីបញ្ហាប្រឈមក៏ដូចជាផលប៉ះពាល់ពីអ្នកមានអំណាច អ្នកមានមួយចំនួនដែលបានរំលោភលើសិទ្ធិប្រជាពលរដ្ឋ។ ហើយពេលនេះដែរ អង្គភាពគ្រប់ជំនាញបានចូលរួមដោះស្រាយដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ។ «ដូច្នេះ សូមលើកយកនូវរាល់កង្វល់ និងទុក្ខលំបាករបស់បងប្អូន»។

 

អង្គវេទិកាទទួលបានបញ្ហាពីប្រជាពលរដ្ឋ រួមមាន៖

  1. ក្មេងទំនើងកើតឡើងនៅពេលមានពិធីបុណ្យ និងពិធីផ្សេងៗ។
  2. ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ស៊ីធីម៉ាត (នៅចំណុចភ្នំព្រះ)
  3. អ្នកយាមដីបិទផ្លូវមិនឲ្យប្រជាពលរដ្ឋចេញចូល អាស្រ័យផល (ភ្នំពេញស៊ួហ្គើរ)
  4. ផ្លូវចេញចូលភូមិក្រវៀក និងមួយខ្សែទៀតចេញពីភូមិពាណិជ្ជកម្មទៅកាន់បុរាណវិទ្យាភ្នំព្រះ ដោយក្រុមហ៊ុនធ្វើរបងទុកផ្លូវសម្រាប់ធ្វើដំណើរតូច។
  5. ក្រុមហ៊ុន ស៊ីធីម៉ាត ធ្វើការឈូសឆាយ ដែលប៉ះពាល់ដល់ដីប្រជាពលរដ្ឋ មួយផ្នែកដែលគាត់មានប័ណ្ណកម្មសិទ្ធិសំគាល់អចលនទ្រព្យ។
  6. បាត់គោ ៧ ក្បាលរកមិនឃើញ និងមានផ្ទុះជំងឺសត្វគោនៅរដូវក្តៅនេះ (ប្រភេទមូសខ្យល់)។
  7. ប្រជាពលរដ្ឋជួបប្រទះការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង (អមលាំង)។
  8. សាលាឃុំខ្វះសំបុត្រកំណើត (អមលាំង)។
  9. មានជនខិលខូចលួចកាប់ឈើព្រៃសហគមន៍ (តំបន់ជ្រាវ)។
  10. ភូមិក្រាំចំបក់ និងថ្នល់បំបែកស្នើសុំស្ពានកាត់អូ ពីព្រោះនៅរដូវវស្សាសិស្សជួបការលំបាកទៅសាលារៀន។ ប្រជាពលរដ្ឋឆ្លងកាត់ទៅមណ្ឌលសុខភាព។
  11. មានកុងត្រូល ចាំយកលុយពីអ្នកដឹកឈើនៅចំណុចអូររទះភ្លូក (នៅទីនោះមាន៤ស្ថាប័ន។
  12. ពេលដោះស្រាយសម្របសម្រួលបញ្ចប់បញ្ហាផ្សេងៗ នគរបាលតែងតែយកលុយច្រើនពីជនរងគ្រោះ និងជនបង្ក។
  13. បញ្ហាដីហុយតាមបណ្តោយផ្លូវ៤៤ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

 

នៅក្នុងវេទិកានោះ បណ្តាមន្ទីរ អង្គភាពជំនាញ បានធ្វើការបកស្រាយពន្យល់ និងលើកឡើងពីហេតុផលមួយចំនួន។ បន្ទាប់មក ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវស្គាល់ឈ្មោះអ្នកប្រព្រឹត្តិ  ឈ្មោះអង្គភាព ដើម្បីងាយស្រួលកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ឲ្យស្រប ទៅតាមទង្វើដែលបុគ្គលនោះប្រព្រឹត្ត។

បញ្ហាមួយចំនួនបានធ្វើការដោះស្រាយរួច និងមួយចំនួនទៀត ត្រូវការសិក្សាស្រាវជ្រាវដើម្បីរកប្រភព និងដើមចមនៃបញ្ហាដើម្បីដោះស្រាយឲ្យបានសមស្របដែលទទួលយកបានទាំងសងខាង៕

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ស្ពឺ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់