សិក្ខាសាលា​ឆ្លុះបញ្ចាំង​ការ​វាយតម្លៃ​មូលនិធិ PBCR Grant ការ​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាសធាតុ (LGCC II) ឆ្នាំ២០១៣ និង​មូលនិធិ​គម្រោង LGCC II សម្រាប់​អនុវត្ត​ឆ្នាំ​២០១៤

តាកែវ ២៥ ធ្នូ ២០១៣៖ ដើម្បីឆ្លុះបញ្ចាំងការអនុវត្ត និងចែករំលែកបទពិសោធន៍នានា គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC II) កាលពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងដល់អ្នកពាក់ព័ន្ធមកពីខេត្តគោលដៅ…

តាកែវ ២៥ ធ្នូ ២០១៣៖ ដើម្បីឆ្លុះបញ្ចាំងការអនុវត្ត និងចែករំលែក

បទពិសោធន៍នានា គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួល

អាកាសធាតុ (LGCC II) កាលពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៣ បាន

រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ដល់អ្នកពាក់ព័ន្ធមកពី ខេត្តគោលដៅ ចំនួនពីរគឺខេត្តតាកែវ និងខេត្តបាត់ដំបង នៅសាលប្រជុំផ្ទះសំណាក់សុធាវី២ ខេត្តតាកែវ។

 

សិក្ខាសាលានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម យស ណាស៊ី អភិបាលរងខេត្តតាកែវ លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប លោក សរ កុសល តំណាងអង្គការ UNCDF ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីប្រធានគម្រោងនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) ក្រុមការងារគម្រោងLGCC ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់នៃខេត្តគោលដៅ តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមានចំនួនសរុប៨៥នាក់។

 

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១). បង្ហាញលទ្ធផលវាយតម្លៃមូលនិធិ បន្សុំានឹងការប្រែប្រួលអាកាសធាតុផ្អែកលើការអនុវត្ត (PBCR Grant)  គម្រោងLGCC II ឆ្នាំ២០១៣ (២). ឆ្លុះបញ្ចាំងការអនុវត្ត និងចែករំលែកមេរៀនបទពិសោធន៍គម្រោង LGCC II ឆ្នាំ២០១៣ (៣). ប្រកាសមូលនិធិ  PBCR Grant  គម្រោងLGCC II សម្រាប់ឆ្នាំ២០១៤ និង (៤). រៀបចំផែនការសកម្មភាពនិងថវិកានៃគម្រោងLGCC II សម្រាប់ឆ្នាំ២០១៤។

 

លោកសរ កុសល តំណាងអង្គការ UNCDF ប្រចាំប្រទេសកម្ពុជា បានលើកឡើងពីសកម្មភាពនិងការងារមួយចំនួនដែលអង្គការ UNCDF អនុវត្តកន្លងមកនៅប្រទេសកម្ពុជា ជាពិសេសគាំទ្រគម្រោងLGCC តាមរយៈកម្មវិធីមួយដែលមានឈ្មោះថា “LoCAL” ដែលអនុវត្តសាកល្បងនៅប្រទេសកម្ពុជា និងប្រទេសប៊ូតាន់។ 

 

លោកសរ កុសល បានមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជាបានអនុវត្តសាកល្បងគម្រោងLGCC នៅឆ្នាំ២០១១ ដោយជ្រើសរើសយកខេត្តតាកែវជាខេត្តគោលដៅ ហើយដំណាក់កាលទីមួយត្រូវបានបញ្ចប់។ ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងការសម្របសម្រួលពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គម្រោងបានទទួលជោគជ័យជាទីមោទនៈ។ ជាក់ស្ដែងម្ចាស់ជំនួយ Sida បានបន្តគាំទ្រនិងពង្រីកខេត្តគោលដៅចំនួន២ គឺខេត្តតាកែវ និងបាត់ដំបងសម្រាប់អនុវត្តគម្រោងLGCC II។ 

 

ក្នុងសុន្ទរកថាស្វាគមន៍ និងបើកកម្មវិធី លោក យស ណាស៊ី អភិបាលរងខេត្តតាកែវ បានលើកឡើងពីភាពចាំបាច់ដែលត្រូវរួមគ្នាដោះស្រាយ និងបន្សុំានឹងបម្រែបម្រួលអាកាសធាតុ។

 

លោក យស ណាស៊ី មានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាត្រូវរៀបចំយុទ្ធសាស្ត្រដែលមានលក្ខណៈបន្ស៊ាំ និងឆ្លើយតបការប្រែប្រួលអាកាស ធាតុដោយធ្វើការកាត់បន្ថយការបញ្ចេញឧស្ម័នពុល ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបង្កឲ្យមានផលប៉ះពាល់ដល់ស្រទាប់អូសូន និងប្រព័ន្ធអេកូឡូស៊ីនៃភពផែនដីស្របតាមគោលនយោបាយជាតិ បន្ស៊ាំទៅនិងការប្រែប្រួលអាកាសធាតុ ២០១៤-២០១៨ និងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍បៃតងប្រកបដោយចិរភាព។ ”

 

លោក យស ណាស៊ី មានប្រសាសន៍បន្តទៀតថា ក្នុងឆ្នាំ២០១២ ខេត្តតាកែវបានទទួលការគាំទ្រពីគម្រោងLGCC ដោយជ្រើសរើសក្រុង ស្រុកគោលដៅចំនួនបីគឺក្រុងដូនកែវ ស្រុកបាទី និងស្រុកបូរីជលសារ និងឃុំ សង្កាត់ចំនួន៩។ នៅឆ្នាំ២០១៣នេះ គម្រោង LGCC II បានបន្តរក្សាស្រុកគោលដៅដដែល រីឯឃុំ សង្កាត់មានការកើនឡើងដល់ចំនួន១៣ ឃុំ សង្កាត់ ស្មើនិង២០គម្រោង ដែលរួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន១៥ គម្រោង និងគម្រោងសេវាកម្មចំនួន០៥គម្រោង។

 

បន្ទាប់មកអ្នកសម្របសម្រួលបានធ្វើបទបង្ហាញពីគោលនយោបាយបន្សុំានឹងការប្រែប្រួលអាកាសធាតុ លទ្ធផលនៃការវាយតម្លៃ PBCR Grant  ការបែងចែកមូលនិធិគាំទ្រគម្រោង LGCC II សម្រាប់ឆ្នាំ២០១៤ បទបង្ហាញពីការអនុវត្តគម្រោង LGCC ឆ្នាំ២០១៣ របស់ខេត្តតាកែវ និងខេត្តបាត់ដំបង និងបទពិសោធន៍របស់ឃុំ ស្រុកមួយចំនួន ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការបែងចែកក្រុមពិភាក្សាអំពីផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០១៤។

 

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ( LGCC II) បានបន្តគាំទ្រដល់ខេត្តគោលដៅចំនួន០២ គឺខេត្តតាកែវ និងខេត្តបាត់ដំបង លើស្រុកចំនួន០៨ រួមមានខេត្តតាកែវ៖ ក្រុងដូនកែវ ស្រុកបាទី ស្រុកបូរីជលសារ និង ខេត្តបាត់ដំបង៖ ស្រុកបវេល ស្រុករុក្ខគីរី ស្រុកមោងឬស្សី ស្រុកថ្មគោល និងស្រុកសំពៅលូន។ គម្រោងបានបន្តគាំទ្រគម្រោងឃុំ សង្កាត់ ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធមានចំនួន២៧គម្រោង និងសេវាកម្មចំនួន១២គម្រោង៕ ដោយ៖ ក្រុមការងារគម្រោងLGCC II /NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់