គណនេយ្យភាពសង្គមនឹងលើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព

ភ្នំពេញ ២ មេសា ២០១៤៖ ផែនការយុទ្ធសាស្រ្តស្តីពីគណនេយ្យភាពសង្គមត្រូវបានអនុម័ត និងបោះពុម្ពជាសៀវភៅផ្សព្វផ្សាយ កាលពីខែកក្កដា ឆ្នាំ២០១៣ ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ…

ភ្នំពេញ ២ មេសា ២០១៤៖ ផែនការយុទ្ធសាស្រ្តស្តីពីគណនេយ្យភាពសង្គមត្រូវបានអនុម័ត និងបោះពុម្ពជាសៀវភៅផ្សព្វផ្សាយ កាលពីខែកក្កដា ឆ្នាំ២០១៣ ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ 

មានយុទ្ធសាស្រ្តចំនួនប្រាំ ដើម្បីជំរុញការអនុវត្តគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាព៖

  1. ការលើកកម្ពស់តម្លាភាព និងភាពងាយទទួលបាននូវព័ត៌មានស្តីពីស្តង់ដា ថវិកា និងការបំពេញមុខងារ
  2. ការសម្របសម្រួលឲ្យមានការត្រួតពិនិត្យ តាមដានរបស់ប្រជាពលរដ្ឋលើសកម្មភាព និងការផ្តល់សេវាកម្មមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ
  3. ការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋអំពីថវិកា
  4. ការគាំទ្រដល់តួអង្គនានា និងការកសាងសមត្ថភាពដល់តួអង្គទាំងនោះ ដើម្បីសម្របសម្រួលការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចដំណើរការនានានៃគណនេយ្យភាពសង្គម
  5. ការប្រមូលមេរៀនបទពិសោធន៍ដែលបានមកពីអន្តរាគមន៍នានានៅមូលដ្ឋាន ដើម្បីប្រែក្លាយបទពិសោធន៍ ទាំងនេះដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងការបំពេញការងារអង្គការសង្គមស៊ីវិលនានា។

 

គណនេយ្យភាពសង្គម គឺជាឧបករណ៍មួយដែលអាចវាស់វែងការអនុវត្តអភិបាលកិច្ចមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។

 

ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងនៅកិច្ចប្រជុំសមាជិករបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលមានសមាជិកជាង១៦០ អង្គការជាតិ និងអន្តរជាតិ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ថា គណនេយ្យភាពសង្គម គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែក ដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ដោយសារតែ គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រជាពលរដ្ឋ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ។

ក្របខ័ណ្ឌគណនេយ្យភាពសង្គមនេះនឹងត្រូវបានអនុវត្តនៅពាក់កណ្តាលឆ្នាំ២០១៤ នេះ ដែលមានការចូលរួមអនុវត្តពីអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ក្នុងគោលបំណង លើកកម្ពស់ការផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាដែលជាប់ឆ្នោតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព។ លើលពីនេះ ប្រជាពលរដ្ឋនឹងមានយន្តការតាមដាន ត្រួតពិនិត្យការបំពេញការងាររបស់ក្រុមប្រឹក្សាតាមរយៈកញ្ចប់ព័ត៌មានរបស់ប្រជាពលរដ្ឋ (Information for Citizen “I4C”) និងតារាងដាក់ពិន្ទុកសហគមន៍ (Scorecard) ហើយរាល់ព័ត៌មានទាក់ទងនឹងការផ្តល់សេវាសាធារណៈនានានឹងត្រូវបិទផ្សាយនៅសហគមន៍របស់ប្រជាពលរដ្ឋ។

 

ឯកឧត្តម ជាម ប៉េអា បានថ្លែងទៅកាន់សមាជិក CCC ថា កិច្ចសហការរវាងរដ្ឋបាលមូលដ្ឋាន (អ្នកផ្តល់សេវា) និងប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) សំដៅគាំទ្រដល់អ្នកផ្តល់សេវាសាធារណៈ ឲ្យបំពេញការងាររបស់ខ្លួនបានប្រសើរជាងមុន។ បទពិសោធន៍កន្លងមកបានបង្ហាញថាឧបករណ៍គណនេយ្យភាពសង្គមនានា (ដូចជាប័ណ្ណដាក់ពិន្ទុសហគមន៍) ជួយជំរុញឲ្យមានការគោរពគ្នា និងការចូលរួមរវាងប្រជាពលរដ្ឋ និងរដ្ឋបាលមូលដ្ឋាន។

 

ឯកឧត្តម ជាម ប៉េអា ថ្លែងបន្តថា ផែនការយុទ្ធសាស្ត្រនេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់សម្រាប់ភាគីពាក់ព័ន្ធនានា និងជាមូលដ្ឋានគ្រឹះនៃការរៀបចំផែនការសកម្មភាព និងថវិកាលម្អិត និងកម្មវិធីអន្តរាគមន៍ជាក់លាក់នានារបស់ភាគីពាក់ព័ន្ធ។ ការអនុវត្តដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការសម្រេចបាននូវគោលបំណងនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន កែលំអការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាដោយមានការចូលរួមតាមលក្ខណៈប្រជាធិបតេយ្យ តម្លាភាព គណនេយ្យភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយភាពស័ក្តិសិទ្ធិ។

 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គ.ជ.អ.ប បាននឹងកំពុងកសាងឯកសារផែនការសកម្មភាព និងថវិកាលំអិតសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីគណនេយ្យភាពសង្គម ដើម្បីដាក់ជូនដៃគូអភិវឌ្ឍន៍ពិនិត្យលទ្ធភាពជួយគាំទ្រទាំងផ្នែកប្រជាពលរដ្ឋ និងសង្គមស៊ីវិល និងទាំងផ្នែកស្ថាប័នរាជរដ្ឋាភិបាល៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់