ការ​ចូល​រួម​របស់​យុវជន​ក្នុង​អភិបាលកិច្ច​ល្អ​

ភ្នំពេញ ៣០ ធ្នូ ២០១៣៖ «ការចូលរួមរបស់យុវជនប្រកបដោយអត្ថន័យមានន័យថាយុវជន អាចចូលរួមធ្វើការសម្រេចចិត្ត និងចូលរួម ធ្វើសកម្មភាពជាក់ស្តែងនៅគ្រប់វិស័យ និងគ្រប់កម្រិតទាំងនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសេរី…

ភ្នំពេញ ៣០ ធ្នូ ២០១៣៖ «ការចូលរួមរបស់យុវជនប្រកប ដោយអត្ថន័យ មានន័យថាយុវជនអាចចូលរួមធ្វើការសម្រេចចិត្ត និងចូលរួមធ្វើសកម្មភាពជាក់ស្តែងនៅគ្រប់វិស័យ និងគ្រប់កម្រិត ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសេរី និង ដោយស្មើភាពនៅក្នុងក្របខ័ណ្ឌច្បាប់»។ នេះជាការលើកឡើង របស់លោក ឡុង ខែត្រ នាយកប្រតិបត្តិអង្គការយុវសន្តិភាព ក្នុងវេទិកាពិភាក្សាស្តីពី ការចូលរួមប្រកបដោយអត្ថន័យ របស់យុវជនក្នុងអភិបាលកិច្ចល្អ ដែលត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារអ៊ីនធើខនធីណិនថល រាជធានីភ្នំពេញ ដោយ អង្គការយុវសន្តិភាព។

 

លោក ឡុង ខែត្រ ប្រាប់ពីគោលបំណងនៃវេទិកាពិភាក្សាថា វេទិកានេះធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ល្អៗ អំពីគណនេយ្យភាពសង្គម នៅប្រទេសអ៊ូហ្គាន់ដា និងគណនេយ្យភាពសង្គមសម្រាប់ ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់ប្រទេសកម្ពុជា ព្រមទាំងដើម្បីស្វែងយល់ពីគម្លាត បញ្ហាប្រឈម និងឱកាសពីការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា និងដើម្បីពិភាក្សារកយុទ្ធសាស្រ្តសម្រាប់ការអនុវត្តគោលនយោបាយយុវជន និងការចូលរួម របស់យុវជនក្នុងអភិបាលកិច្ចល្អ។

 

ថ្លែងក្នុងវេទិកានោះដែរ ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈ កម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ពីការងារ គណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅប្រទេសកម្ពុជាថា នៅថ្នាក់ក្រោមជាតិគឺមានក្រុមប្រឹក្សា មានគណនេយ្យ មួយយ៉ាងភាពច្បាស់លាស់ ដើម្បីដោះស្រាយទំនាស់ដែល កើតមានដោយប្រជាពលរដ្ឋ តវ៉ាមិនពេញចិត្ត និងការបំពេញ តួនាទីភារកិច្ចរបស់អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

 

ម្យ៉ាងវិញទៀត ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់អោយប្រើប្រាស់ នូវលិខិតបទដ្ឋានសំខាន់ៗ មួយចំនួនដូចជា៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កម្មវិធីជាតិ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ផែនការអនុវត្តបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ និងផែនការយុទ្ធសាស្រ្តស្តីពី ការងារគណនេយ្យភាពសង្គម សម្រាប់ការភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងរហូតឈានដល់ការបង្កើតផែនការយុទ្ធសាស្រ្តស្តីពីការងារ គណនេយ្យភាពសង្គម។

 

ឯកឧត្តមមានប្រសាសន៍បន្តថា ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គម នេះគឺមានយុទ្ធសាស្រ្តចំនួន៥ ដើម្បីជំរុញអោយប្រជាពលរដ្ឋជាពិសេសយុវជនយល់ដឹងពីបញ្ហានេះដែលមានដូចជា៖ លើកកម្ពស់តម្លាភាពនូវភាពងាយទទួលបាន ព័ត៌មានស្តង់ដារថវិកា និងការបំពេញការងាររបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ការសម្របសម្រួលអោយមានការតាមដានត្រួតពិនិត្យ ដោយប្រជាពលរដ្ឋ មើលការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីថវិកាដែលថ្នាក់ ជាតិវិភាជន៍ដល់ក្រុមប្រឹក្សា គាំទ្រតួអង្គនានាដែលមានការគាំទ្រដល់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការគណនេយ្យភាព សង្គម និងការប្រមូលយកបទពិសោធន៍ល្អនានាដាក់ចូលក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

បញ្ហាដ៏ចំបងមួយដែលត្រូវដាក់ក្នុងវេទិកាពិភាក្សានេះគឺគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញក្នុងឆ្នាំ២០១១។ ចំណុចដែលសំខាន់គឺចំណុចទី ៥.៦ ស្តីពីការបង្កើនការចូលរួមរបស់យុវជនដែលមានចំនុច មួយចំនួនដូចជា ការបង្កលក្ខណៈងាយស្រួលអោយយុវជនចូលរួមបានពេញលេញក្នុងសហគមន៍មូលដ្ឋាន និងស្ថាប័ននានា ជំរុញយន្ត ការជាផ្លូវការអោយយុវជនចូលរួមប្រកបដោយប្រសិទ្ធភាពជាមួយសង្គមស៊ីវិល ជំរុញអោយមានតំណាងយុវជន នៅក្នុងគណៈ កម្មាការ ឬក្រុមប្រឹក្សាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតំបន់ និងធានាការធ្វើសមាហរណកម្មរបស់ពួកគេទៅក្នុងដំណើរការ វិមជ្ឍការ និងវិសហមជ្ឈការ ទាក់ទាញការគាំទ្រ និងការយកចិត្តទុកដាក់ពីអ្នកតាក់តែងគោលនយោបាយ អ្នករៀបចំកម្មវិធី អ្នកផ្តល់សេវានានា និងអ្នកដឹកនាំអោយទទួលស្គាល់សមត្ថភាព និងគោរពសិទ្ធិរបស់យុវជន ក្នុងការចូលរួមដោយបញ្ចេញរាល់គំនិតផ្តួចផ្តើមដើម្បី អភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ រៀបចំកម្មវិធីអោយយុវជនចេះប្រមូល ពិភាក្សា វិភាគ ចែកចាយព័ត៌មាន និងមានសមត្ថភាព ផលិតព័ត៌មានដែលមានលក្ខណៈសមស្របចំពោះយុវជន ជំរុញការចូលរួម ការសម្តែងមតិ និងការសម្រេចចិត្តរបស់យុវជន នៅក្នុងវិស័យអប់រំ ទាក់ទាញការគាំទ្រអោយមានសំឡេងយុវជននៅក្នុងដំណើរការរៀបចំគោលនយោបាយលិខិតបទដ្ឋានគតិយុត្ត នានាដែលជាប្រយោជន៍របស់យុវជន។

 

មានប្រធានបទជាច្រើនដែលទាក់ទងនឹងយុវជន បានដាក់ក្នុងវេទិកាពិភាក្សា ហើយមានយុវជនជាច្រើនបានលើកជាសំណួរ ពាក់ព័ន្ធពីបញ្ហារបស់គេដល់វាគ្មិន។ ប្រធានបទដែលត្រូវបានពិភាក្សាមាន៤សំខាន់ៗដូចជា ភាពជាតំណាងរបស់យុវជន ការចូលរួមរបស់យុវជនក្នុងដំណើរការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយ និងការអនុវត្តដែលទាក់ទងនឹងផលប្រយោជន៍ របស់យុវជន ពង្រឹងការចូលរួមការសំដែងមតិ និងការសម្រេចចិត្តរបស់យុវជនក្នុងវិស័យអប់រំ និងការលើកតម្តើងការទទូលស្គាល់ សមត្ថភាព និងការគោរពសិទ្ធិរបស់យុវជននៅក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

លោក ម៉ែន សុមុន្នី ជាយុវជនម្នាក់ដែលបានចូលរួមក្នុងវេទិកា ពិភាក្សា នេះបានលើកឡើងពីកង្វល់ និងសំណួរដែលទាក់ទង ពីការលើកទឹកចិត្តដល់យុវជន ដើម្បីអោយយុវជនមានឱកាស ចូលរួមអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ដូចជាអាចក្លាយជា ក្រុមប្រឹក្សាឃុំ សង្កាត់ជាដើម។ 

 

ឆ្លើយបតនឹងកង្វល់នេះ ឯកឧត្តម ជាម ប៉េអា មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដល់យុវជន ឲ្យចូលរួមក្នុងដំណើរការអភិបាលកិច្ចមូលដ្ឋានផងដែរ ហើយមិនមែនតែយុវជននោះទេ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវ បានលើកទឹកចិត្តផងដែរ។ ឯកឧត្តមក៏បានបន្ថែមថា៖ «ទន្ទឹមនឹងនោះដែរ យុវជនខ្លួនឯងត្រូវ ពង្រឹងសមត្ថភាពខ្លួនឯងអោយបានល្អ ត្រូវប្រាកដថាយុវជន ពិតជាមានចំណេះដឹងសមត្ថភាព ពេញលេញអាចក្លាយ ជាសមាជិកក្រុមប្រឹក្សា ពោលគឺ យុវជនត្រូវមានសមត្ថភាព ភាពវ័យឆ្លាត និងត្រូវមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋដែល រស់នៅទីតាំងរបស់ខ្លួនព្រោះប្រជាពលរដ្ឋជាអ្នកបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់»៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់